Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យឯកជនថៃបារម្ភពីវិបត្តិគ្មានមេដឹកនាំ ចំពេលសេដ្ឋកិច្ចយឺតយ៉ាវរួចហើយ

បានផុស

នៅ

វិស័យឯកជនថៃបាន​សម្ដែងការ​ព្រួយបារម្ភថា ភាពជាប់គាំងនយោបាយ ដែលគ្មានមេដឹកនាំពិតប្រាកដបច្ចុប្បន្ននេះ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់​ថៃកាន់តែ​ដុនដាបក្នុងរយៈពេល ៦ ខែខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

នាយករដ្ឋមន្រ្តីចាំផ្ទះ លោក Phumtham Wechayachai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយ​កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) កាលពីថ្ងៃពុធ លោក Poj Aramwattananont ប្រធានសភាពាណិជ្ជកម្មថៃ បាននិយាយថា ​ថៃទំនងជានឹងប្រឈមមុខនឹង​វិបត្តិនយោបាយ​គ្មាន​មេដឹកនាំយ៉ាងហោចណាស់ ៦ ខែ មិន​ថាសភាចាស់ត្រូវរំលាយចោល ឬ​នាយករដ្ឋមន្ត្រីថ្មីត្រូវបានប្រកាស​ឡើងនោះទេ។ ​

ការសម្ដែងក្ដីបារម្ភនេះ ធ្វើឡើងក្រោយ​តុលាការធម្មនុញ្ញថៃប្រកាសដកដំណែងនាយករដ្ឋមន្រ្តី ពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជុំវិញករណីបែកធ្លាយសារសម្លេងសន្ទនាជាមួយ​សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។

កាលពីថ្ងៃពុធ នាយករដ្ឋមន្រ្តីចាំផ្ទះពីគណបក្សភឿថៃ លោក Phumtham Wechayachai បាន​ស្នើការអនុម័ត​ពីព្រះមហាក្សត្រ​ដើម្បីរំលាយសភា បន្ទាប់ពីមេដឹកនាំគណបក្សប្រជាជន​ ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេ លោក Natthaphong Ruengpanyawut បានប្រកាសគាំទ្រមេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul ធ្វើជានាយករដ្ឋមន្ត្រីថ្មី។

លោក Poj បាននិយាយថា ប្រសិនបើសភាត្រូវបានរំលាយភ្លាមៗ វាត្រូវចំណាយពេលប្រហែល ២-៣ ខែដើម្បីរៀបចំការបោះឆ្នោតសកល និងយ៉ាងហោចណាស់ ៦ ខែ ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មី។ ម្យ៉ាងវិញទៀត ប្រសិនបើនាយករដ្ឋមន្ត្រីថ្មីត្រូវបានជ្រើសរើស ហើយសភាត្រូវបានរំលាយក្នុងរយៈពេល ៤ ខែ ដំណើរការទាំងមូលនៃការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលថ្មី នឹងចំណាយពេលប្រហែល ១០ ខែ។

លោក Poj Aramwattananont ប្រធានសភាពាណិជ្ជកម្មថៃ

​អ្នកតំណាងវិស័យឯកជនដដែល​បាន​សម្ដែងក្ដីបារម្ភយ៉ាងដូច្នេះថា៖ «ភាពជាប់គាំងនយោបាយយ៉ាងហោចណាស់ ៦ ខែ នឹងដាក់ទម្ងន់​លើទស្សនវិស័យសេដ្ឋកិច្ចដ៏ផុយស្រួយរបស់​ថៃ ​ខណៈ​​មាន​ហានិភ័យ​ទាំងពីក្នុង និងខាងក្រៅរួចស្រាប់ហើយ»។ ​

ជាទូទៅ លោក Poj ​បន្តថា វិស័យឯកជន​ចង់បានស្ថិរភាពនយោបាយ និងរដ្ឋាភិបាលរឹងមាំ រួមមាននាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីដែលមានសមត្ថភាព អនុវត្តអភិបាលកិច្ចល្អ និងអាចកសាងទំនុកចិត្តទាំងក្នុង និងក្រៅប្រទេស។ មែនទែនទៅ វិស័យធុរកិច្ចរំពឹង​ឱ្យ​មានគោលនយោបាយច្បាស់លាស់ពីរដ្ឋាភិបាលថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមថ្នាក់ជាតិទាំងរយៈពេលខ្លី និងរយៈពេលវែង។

ចំណែកឯប្រធានសមាគមធនាគាថៃ លោក Payong Srivanich វិញ បាន​លើកឡើងថា វិបត្តិនយោបាយ​គ្មាន​មេដឹកនាំ នឹងធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែ​ដុនដាបទៅៗ និងបង្កើនចំនួនអ្នកខ្ចីប្រាក់ ​ដែលងាយរងគ្រោះដោយសារបញ្ហាសេដ្ឋកិច្ច។ ​

ជាលម្អិត លោក Payong បា​នគូសបញ្ជាក់ថា បុគ្គលដែលមានការងារធ្វើដោយខ្លួនឯង និងអាជីវកម្មខ្នាតតូច ​ងាយ​​រងផលប៉ះពាល់ដោយសេដ្ឋកិច្ចទន់ខ្សោយ ដែលវា​បង្ហាញពីសញ្ញានៃ​កំណើន​ប្រាក់កម្ចីមិនដំណើរការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម