Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងភាគីពាក់ព័ន្ធរួមគ្នារកដំណោះស្រាយបញ្ហាប្រឈមដើម្បី​ជំរុញលើកកម្ពស់អាទិភាព​​ជំនាញ និងផលិតភាពការងារនៅកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី “អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា” នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ដែលរៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្ថាប័នពាក់ព័ន្ធ, តំណាងនិយោជក, តំណាងកម្មករនិយោជិត, អង្គការអន្តរជាតិខាងការងារ (ILO) ដៃគូអភិវឌ្ឍន៍ និងដៃគូសង្គមជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ ជាវេទិកាមួយផ្តល់ឱកាសសម្រាប់ការចូលរួមផ្តល់នូវមតិយោបល់ និងធាតុចូលក្នុងការកំណត់នូវបញ្ហាគម្លាតជំនាញ និងតម្រូវការអាទិភាពជំនាញក្នុងវិស័យនានា ដើម្បីជាធាតុចូលក្នុងការកសាង គោលនយោបាយ និងការវិនិយោគអភិវឌ្ឍន៍ជំនាញសម្រាប់អនាគត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។

លោករដ្ឋមន្ត្រី ហេង សួរ បានចាត់ទុកវេទិកានេះពិតជាមានសារ:សំខាន់ដើម្បីប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានចូលរួមឆ្លើយតបចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវ: ក្នុងការជំរុញការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីរក្សាភាពប្រកួតប្រជែង និងការបន្តទាក់ទាញវិនិយោគ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញឱ្យវិស័យឯកជនផ្តល់ឱកាសដល់សិស្ស និស្សិត ឬសិក្ខាកាម មានឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុននានា ដើម្បីពង្រឹងសមត្ថភាពជំនាញ ព្រោះការហ្វឹកហាត់ជំនាញរបស់សិស្ស និស្សិត គឺជាការសំលៀងជំនាញ និងការផ្តល់បទពិសោធបានយ៉ាងល្អទៅកាន់សិក្ខាកាមឱ្យផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ហើយបន្ថែមពីនេះ ក៏ជាឱកាសដែលវិស័យឯកជន អាចជ្រើសរើសយកសិក្ខាកាមដែលមានសមត្ថភាពខ្ពស់ បម្រើការងារឱ្យខ្លួនបានផងដែរ។

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានគូសបញ្ជាក់ថា តាមរយ:ធាតុចូលនៃវេទិកានេះ CAMFEBA នឹងខិតខំរៀបចំកសាងនូវយុទ្ធសាស្រ្តរយ:ពេលមធ្យម ២០២៥-២០៣០ សម្រាប់ជំរុញការអភិវឌ្ឍជំនាញឱ្យមានផលិតភាពពេញលេញ ដើម្បីធានាយកប្រៀបនៃការប្រកួតប្រជែង។

ជាមួយគ្នានេះ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO)នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រែក្លាយកម្លាំងពលកម្មពីអតិពលកម្មទៅជាកម្លាំងជំនាញ គឺជាកត្តាចាំបាច់ណាស់សម្រាប់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបន្ថែមក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម