Connect with us

សេដ្ឋកិច្ច

កម្ពុជា-ចិន សហការលើកកម្ពស់វិស័យអាកាសចរណ៍ស៊ីវិល

បានផុស

នៅ

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥​ បានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់​ទៅកាន់ក្រុមហ៊ុន​សាជីវកម្មផលិតយន្តហោះពាណិជ្ជកម្ម​នៃប្រទេស​ចិន (COMAC) នៅទីក្រុងសៀងហៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ចាន់ ដេវីដ (Dr. Zhan David) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន​អាកាសចរណ៍​ជាតិកម្ពុជា (Air Cambodia), និងតំណាងមកពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចូល​រួមក្នុងបេសកកម្មនេះ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជានឹងដាក់បញ្ចូលយន្តហោះរបស់​ក្រុមហ៊ុនសាជីវកម្មផលិតយន្ត​ហោះ COMAC ប្រភេទ​ C909 ទៅក្នុងផែនការអាជីវកម្មរបស់ខ្លួន ដែលនឹងត្រូវចាប់ផ្តើម​នៅពាក់​កណ្តាលឆ្នាំ២០២៦​ ខាងមុខនេះ ដែលជាផ្នែកមួយនៃការគាំទ្រដល់ការធ្វើទំនើបកម្ម​កងយន្តហោះ​ របស់ខ្លួន សម្រាប់រយៈពេលវែង ប្រកបដោយភាពធន់ និងការប្រកួតប្រជែង​​ទីផ្សាអាកាសចរណ៍នៅក្នុងតំបន់។

កិច្ចសហប្រតិបត្តិការនេះ គឺជាធាតុផ្សំដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​រវាង កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងជាការគាំទ្រអាទិភាពនៃការអភិវឌ្ឍន៍រួមគ្នា​ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI) ក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) និងចក្ខុវិស័យអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាឆ្នាំ ២០៣០។

នេះក៏ជាតម្លៃបន្ថែមដល់ការពង្រឹង និងការពង្រីកការតភ្ជាប់ផ្លូវអាកាស, លំហូរពាណិជ្ជកម្ម, ការងើបឡើងវិញនៃវិស័យ ទេសចរណ៍ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងនៅទូទាំង​ក្នុងតំបន់ឡានឆាង-មេគង្គ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអបអរសាទរដល់ក្រុមហ៊ុនសាជីវកម្មផលិត យន្តហោះ COMAC ចំពោះការរីក​ចម្រើនរបស់ក្រុមហ៊ុន ក្នុងឧស្សាហកម្មផលិតយន្តហោះស៊ីវិល លំដាប់ពិភពលោកគួរឱ្យចាប់អារម្មណ៍ និងការបង្ហាញទំនុកចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះប្រភេទគ្រួសារយន្តហោះរបស់ក្រុមហ៊ុន COMAC។

លោក ហើ ដុងហ្វេង​ (He Dongfeng) ប្រធានក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC ក្នុងការគាំ​ទ្រដល់ការអភិវឌ្ឍន៍របស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងជួយ​កម្ពុជា​ក្នុងការពង្រឹងសមត្ថភាពអធិបតេយ្យភាពអាកាសចរណ៍ ដោយកំណត់ និងប្រែក្លាយ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិកម្ពុជា ទៅជាក្រុមហ៊ុនអាកាសចរណ៍ដែលឈានមុខគេ ក្នុងការប្រើប្រាស់យន្តហោះប្រភេទ C909 នៅក្នុងតំបន់។

លោកបណ្ឌិត ចាន់ ដេវីដ បញ្ជាក់ថា ប្រសិទ្ធភាពប្រតិបត្តិការ កម្រិតសមិទ្ធិកម្ម និងការធ្វើឱ្យប្រសើរឡើងការចំណាយរបស់យន្តហោះ C909 គឺស្របតាម​ផែនការ​អភិវឌ្ឍ​បណ្តាញផ្លូវហោះហើរជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាកាស​ចរណ៍ជាតិជាពិសេស​សម្រាប់​ការតភ្ជាប់ទៅកាន់ទីក្រុងលំដាប់ទី២ និងលំដាប់ទី៣ នៅប្រទេសចិន និងគោលដៅ​សំខាន់ៗដ៏ទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម