Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបន្ថែមការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូ និងផលិតផលជាតិស្ករពីថៃ ជុំវិញកង្វល់សុវត្ថិភាព​

បានផុស

នៅ

អាជ្ញាធរចិន​បាន​បន្ថែមមុខទំនិញថ្មីទៅក្នុងបញ្ជីហាមឃាត់ការនាំចូលទឹកស៊ីរ៉ូ និងផលិតផលជាតិស្ករកែច្នៃទាំងអស់ពីប្រទេសថៃ ក្រោយ​ការត្រួតពិនិត្យសុវត្ថិភាព​ចំណីអាហាររកឃើញថា រោងចក្រថៃទាំងអស់មិនបំពេញតាមស្ដង់ដារអនាម័យ និងគុណភាព​របស់ចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Thai Enquirer នៅថ្ងៃសុក្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការពង្រីកការហាមឃាត់ថ្មី​ ដែលចូលជាធរមាន​កាលពីថ្ងៃទី ២៧ តុលា កន្លងទៅ​ រំពឹងថានឹង​បង្កការខាតបង់ដល់ឧស្សាហកម្មផលិតផលិតផលជាតិស្កររបស់ថៃរាប់ពាន់លានបាត និងគំរាមកំហែងដល់ដំណើរការរបស់ក្រុមហ៊ុនរោងចក្រនាំចេញ ដែល​ពឹងផ្អែកខ្លាំងលើទីផ្សារចិន​។ ​

ក្រោមវិធានការនេះ អាជ្ញាធរចិន​បាន​បន្ថែមប្រភេទផលិតផលជាតិស្ករ ៤ ទៀត ទៅក្នុងការរឹតត្បឹតដែលមានស្រាប់ ដោយរួមបញ្ចូលទាំងទឹកស៊ីរ៉ូ និងទឹកស្ករផ្សេងៗ ខណៈបញ្ឈប់មិនឱ្យក្រុមហ៊ុនថៃធ្វើការចុះបញ្ចីមុខទំនិញថ្មី។

គួររំឭកថា កាលពីខែធ្នូ ឆ្នាំមុន ចិន​បាន​បិទការនាំចូលផលិតផលជាតិស្ករថៃរួចម្ដងហើយ ដែលក្នុងនោះរួមមាន​ទឹកស៊ីរ៉ូ និងម្សៅលាយជាតិស្ករ។ ការបិទលើកនោះ បង្ខំឱ្យក្រុមហ៊ុនថៃផ្អាកដំណើរការ បង្កការខាតបង់ប្រហែល ៥០ ប៊ីលាន​បាត (១,៥៤ ប៊ីលាន​ដុល្លារ) ហើយធ្វើឱ្យតម្លៃស្ករធ្លាក់ចុះ។

ប្រធានសមាគមផលិតផលស្ករថៃ លោក Todsaporn Ruangpattananont បាននិយាយថា រដ្ឋបាលគយទូទៅ​​ចិន (GACC) បានត្រួតពិនិត្យរោងចក្រថៃចំនួន ១០ កន្លែង កាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែបានរកឃើញថា គ្មានរោងចក្រណាមួយបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាពរបស់ចិននោះទេ បើទោះបីជា​រោងចក្រនីមួយៗបានវិនិយោគលុយ​រាប់សិបលានបាតក្នុងការធ្វើឱ្យប្រសើរឡើងនូវកន្លែងដូចជាបន្ទប់សម្លាប់មេរោគ កន្លែង​ផលិតកម្ម និងបន្ទប់សម្អាត​ក៏ដោយ។

ជាលទ្ធផល ក្រុមហ៊ុន​នាំចេញថៃលែងអាច​នាំចេញ​ទឹក​សុីរ៉ូ ឬផលិតផលស្ករលាយ ​ទៅ​ចិនទៀតហើយ ដោយ​អាចនាំចេញតែផលិតផលស្ករ​សុទ្ធក្នុងបរិមាណកំណត់ប៉ុណ្ណោះ។ ​

លោក Todsaporn បាននិយាយថា ឥឡូវនេះ ក្រុមហ៊ុនផលិតថៃជាច្រើនមានការខកចិត្តខ្លាំង ពីព្រោះពួកគេបានសហការយ៉ាងពេញលេញជាមួយដំណើរការត្រួតពិនិត្យចិន ប៉ុន្តែចុងក្រោយ​ចិនបន្ត និងពង្រីកការហាមឃាត់ការនាំចូល។ ​

លោក Todsaporn បានជំរុញឱ្យក្រសួងពាណិជ្ជកម្មដឹកនាំការចរចាដោយផ្ទាល់ជាមួយ GACC ដើម្បីដោះស្រាយបញ្ហានេះ ខណៈអំពាវនាវដល់គណៈកម្មាធិការពាណិជ្ជកម្ម និងឧស្សាហកម្មព្រឹទ្ធសភាសម្រាប់ជំនួយ​ ដោយកត់សម្គាល់ថា វាគឺជាស្ថាប័នរដ្ឋាភិបាលតែមួយគត់ ដែលធ្លាប់បានចូលជួយឧស្សាហកម្មផលិតផលិតផលជាតិស្ករថៃ ក្នុងអំឡុងពេលចិន​បិទការនាំចូលចុងឆ្នាំ ២០២៤ ដោយ​រកឱកាសទីផ្សារថ្មីៗនៅហ្វីលីពីន។ ​

ជុំវិញបញ្ហានេះ ស​មាជិកនៃគណៈកម្មាធិការពាណិជ្ជកម្មនៃព្រឹទ្ធសភាថៃ លោក​ Ekkachai Ruangrat ​បាននិយាយថា ការហាមឃាត់ការនាំចូល​របស់ចិន​ កំពុង​បន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករដាំអំពៅទូទាំងប្រទេស ​ចំពេលដែល​ការធ្លាក់ចុះនៃតម្លៃស្ករ​បង្ក​ការលំបាកផ្នែកហិរញ្ញវត្ថុរួចទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម