Connect with us

សេដ្ឋកិច្ច

វិស័យទឹកស្អាតមិនត្រឹម​តែដោះស្រាយបញ្ហាសុខុមាលភាពពលរដ្ឋ ហើយក៏ជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា និងនវានវត្តន៍ បាន​ថ្លែង​ថា វិស័យ​ទឹក​ស្អាត​មិនមែន​មានតួនាទីត្រឹមតែជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាសុខុមាលភាព និងអនាម័យ​របស់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែជាកម្លាំងចលករដ៏មានសក្តានុពល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក​ ហែម វណ្ណឌី បាន​លើក​ឡើង​ថា ការតែងតាំងអគ្គនាយកបន្តវេន តបតាមបទដ្ឋានគតិយុត្តកំណត់ បង្ហាញពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​ធានា​នូវ​អភិបាលកិច្ចល្អ និរន្តរភាព​ស្ថាប័ន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សម្រាប់​សហគ្រាស​សាធារណៈ​ដ៏មានសារសំខាន់នេះ។​

លោក​រដ្ឋមន្ត្រីបញ្ជាក់​ថា៖ «វិស័យទឹកស្អាតមិនមែន​មានតួនាទីត្រឹមតែជាមធ្យោបាយ​ដើម្បីដោះ​ស្រាយ​បញ្ហា​សុខុមាល​ភាព និងអនាម័យរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏មានសក្តានុពល ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ជាពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ផលិតភាព ការ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច និងការគាំទ្រដល់ដំណើរការឧស្សាហូបនីយកម្ម ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ»។

ក្នុងរយៈពេលប៉ុន្មានបីទស្សវត្សរ៍កន្លងមក រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ​បានប្រែក្លាយ​ជា​សហគ្រាស​សាធារណៈ​ដ៏ជោគជ័យមួយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះ​ប្រព័ន្ធ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និងសមត្ថភាពបច្ចេក​ទេសខ្ពស់។

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតបានជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញ​ចែកចាយទឹកស្អាតប្រវែងសរុប ៥.៦៤៦ គីឡូម៉ែត្រ និងផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនចំនួន ៥៣១.៣០១ តំណ នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

គុណភាពទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តរក្សាភាពអនុលោមតាមស្តង់ដាររបស់អង្គការសុខភាពពិភព​លោក ទន្ទឹមនឹងនោះ អត្រាប្រមូលប្រាក់ថ្លៃសេវាទឹកស្អាតសម្រេចបាន ៩៩,៩% ដែលបង្ហាញពីប្រសិទ្ធភាពប្រតិបត្តិការខ្ពស់។

លោក​រដ្ឋមន្ត្រី​ ក៏​បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់​អតីត​អគ្គនាយក​ដែលទើបចូលនិវត្តន៍ និងត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំពោះការខិតខំប្រឹងប្រែងដឹកនាំ និងបម្រើស្ថាប័ននេះអស់រយៈពេល ៣៧ឆ្នាំ។

លោក​រដ្ឋ​មន្ត្រី​មាន​ជំនឿថា ក្រោមការដឹកនាំរបស់អគ្គនាយកថ្មី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹង​បន្ត​ពង្រឹង​កេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ខ្លួន ក្នុងនាមជា «រៀមច្បង» ក្នុងវិស័យនេះ មានមរតកសមិទ្ធផល និងសមត្ថភាព ដើម្បីជួយរែកពន់ការអភិវឌ្ឍវិស័យទឹកស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស។

លោក​រដ្ឋមន្ត្រី​បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងបុគ្គលិក​ទាំងអស់​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តម្លាភាព និងគោរពវិន័យ ព្រមទាំង​លើក​កម្ពស់​គុណភាព​សេវាកម្ម​ជា​បន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម