Connect with us

សេដ្ឋកិច្ច

ពងទាមានតម្លៃល្អឡើងវិញ ខណៈអាជ្ញាធរហាមឃាត់ពងទាខុសច្បាប់ពីប្រទេសជិតខាង

បានផុស

នៅ

តម្លៃពងទាក្នុងស្រុកកើនឡើងបន្ដិច ខណៈមានការហាមឃាត់ពងទាខុសច្បាប់ពីប្រទេសជិតខាង ដ្បិតកសិករអះអាងថា តម្លៃកើនឡើងបន្ដិចតែក៏មិនទាន់ថាចំណេញខ្លាំងនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀវ វិសុទ្ធ ជាម្ចាស់កសិករចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នពងទាដែលផលិតបានក្នុងកសិដ្ឋានរបស់លោក និងក៏ដូចជារបស់កសិករដទៃទៀត អាចចាត់ទុកថាមានតម្លៃល្អគួរសម្យ ប្រសិនបើធៀបនឹងប៉ុន្មានខែមុនដែលពងទាគឺធ្លាក់ថ្លៃយ៉ាងគំហុកនាំឱ្យអ្នកចិញ្ចឹមខាតបង់ស្ទើរតែបោះបង់ចោលរបរមួយនេះទៅហើយ។

ម្ចាស់កសិដ្ឋានរូបនេះ បានបញ្ជាក់ដែរថា បន្ទាប់ពីមានការបិទខ្ទប់ និងហាមឃាត់ពងទាខុសច្បាប់ពីប្រទេសជិតខាងរួចមក តម្លៃពងទាដែលចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារ គឺមានតម្លៃល្អជាងមុនបន្ដិច ដោយពងទា១គ្រប់ អាចលក់ចេញបានចន្លោះពី ៣០០រៀល ទៅ ៣៥០រៀល។

ទោះបីជាពងទាមានតម្លៃប្រសិនជាងមុនបន្ដិចក៏ពិតមែន ប៉ុន្ដែលោក សៀវ វិសុទ្ធ នៅតែអះអាងថា តម្លៃប៉ុននេះ កសិករនៅពុំទាន់អាចចំណេញបាន នេះក៏ព្រោះតែការផលិតថ្លៃដើមខ្ពស់ ដូចជា៖ ការប្រើប្រាស់ចំណី ពិសេសតម្លៃប្រេងសាំងក៏មានកើនឡើងខ្ពស់ ដែលកត្តាទាំងនេះធ្វើឱ្យកសិករមិនអាចចំណេញបានច្រើនដូចកាលពីមុននោះឡើយ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្ននេះ វិស័យចិញ្ចឹមសត្វនៅកម្ពុជាអាចចាត់ទុកថាគ្រប់គ្រាន់ និងស្របពេលជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មតាមរយៈអគ្គនាយដ្ឋាន ក៏បានដាក់ចេញនៅវិធានការហាមឃាត់ការនាំចូលពងទា និងពងមាន់ខុសច្បាប់ពីប្រទេសជិតខាងបានឆាប់រហ័ស និងទាន់ពេលវេលា។

ប្រធានសមាគមរូបនេះ បញ្ជាក់បន្ថែមថា ជាលទ្ធភាពនៃការហាមឃាត់ពងទា និងពងមាន់ពីប្រទេសជិតខាងរួចមកឃើញថា កសិករដែលជាអ្នកចិញ្ចឹមទា និងអ្នកចិញ្ចឹមមាន់យកពងក្នុងស្រុកទាំងអស់ អាចលក់ផលិតផលរប​ស់ខ្លួនបានក្នុងតម្លៃល្អសមរម្យ គឺចាប់ពី ១គ្រាប់ ៣០០រៀល ឡើងទៅ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម