Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្ម​កម្ពុជា ​ជាមួយដៃគូ​អន្តរជាតិ សម្រេច​បាន​ជាង ​​៣៦ ​ពាន់លានដុល្លារ ​កើនជាង ២០% នៅឆមាសទី១

បានផុស

នៅ

ការដោះដូរ​ទំនិញ​កម្ពុជា ​ជាមួយ​ដៃគូអន្តរជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹកប្រាក់​ជាង ​៣៦,៨៤ ពាន់លាន​ដុល្លារ ​នៅ​ក្នុងឆមាសទី១ ឆ្នាំ ២០២៦ ​កើនឡើង ២០,៥% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។​ នេះ​បើ​យោង​តាម​របាយការណ៍របស់​អគ្គនា​យក​ដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ​(GDCE) ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ​១០ កក្កដា ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ ​GDCE ដដែល ​បង្ហាញថា ​ចាប់ពីខែមករា ​ដល់​ខែ​មិថុនា ​២០២៦ ​កម្ពុជា​នាំទំនិញ​ចេញ​ទៅ​ប្រទេស​​​​ដៃគូអន្តរជាតិ​មាន​តម្លៃ​ ១៧ ​ពាន់លានដុល្លារ ​កើនឡើង ១៩,៥% ចំណែកឯ​ទំនិញ​នាំ​ចូល​មក​វិញ​មាន​តម្លៃជាង​ ១៩,៧៦ ​ពាន់លានដុល្លារ ​កើនឡើង​ ២១,៤%។​

​អ្នកឧកញ៉ា ​លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ​ការចុះបញ្ជី​នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​(CDC) លើ​គម្រោងវិនិយោគ ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធរោងចក្រ​ សហគ្រាស ​ដើម្បីផលិតនាំចេញ​មានការកើនឡើង ​ដូច្នេះ ​កំណើន​នៃ​ការ​នាំចេញ​នៅឆមាសទី១ ​ឆ្នាំនេះ ​វាជាលទ្ធផល នៃការ​វិនិយោគទាំងអស់នោះ ​ដែលធ្វើឱ្យទំហំ​ពាណិជ្ជ​កម្មកើនឡើង​ អាស្រ័យទៅលើទីផ្សារ​ដែលយើង​មាន​ស្រាប់​ដូចជាភាពអនុគ្រោះពន្ធ EBA ទៅកាន់សហគមន៍អឺរ៉ុប ​អាមេរិក ​និង​អាសិប​។

លោក មាស សុខសេនសាន ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ប្រាប់កម្ពុជាថ្មីនៅថ្ងៃព្រហស្បតិ៍ទី ០៩ កក្កដា ២០២៦ថា ​រដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ១,២៤៤ ពាន់លានដុល្លាររួចទៅហើយ ដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ ក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនងក្នុងរង្វង់ ៤,២%នៅឆ្នាំនេះ និងជាការឆ្លើយតបទៅនឹងការកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ស្ថាប័រូបិយវត្ថុអន្តរជាតិដែលបានព្យាករណ៍អត្រាកំណើនត្រឹម៣%។

​លោក មាស សុខសេនសានបន្ថែមថា ​កំណើនសេដ្ឋកិច្ច​នឹងសម្រេច​បាន​ក្នុងរង្វង់ ៤,២ ភាគរយក្នុងឆ្នាំនេះ ​ដោយផ្អែកលើការនាំចេញលើសការរំពឹងទុក ​និង​សកម្មភាពសេដ្ឋកិច្ចក្នុង​ស្រុកមាន​ស្ថិរភាព។ ​

​ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ ទី ៨ កក្កដា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងថយចុះមកត្រឹមរង្វង់ ៣% ក្នុង​ឆ្នាំ ​២០២៦ ​ដោយបញ្ជាក់ពីហានិភ័យនានា ​រួមមានកំណើនៃតម្លៃថាមពល ​ភាពមិន​ប្រាក​ដ​ប្រជា​នៃពាណិជ្ជកម្មសកល ​និង​តំបន់ ​ការថមថយនៃវិស័យទេសចរណ៍​ និង​តម្រូវការ​ក្នុងស្រុក​ថយចុះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម