Connect with us

សេដ្ឋកិច្ច

ផ្លូវ​រត់​ទី​១​ (Runway1) ​ព្រលាន​យន្តហោះ​ថ្មី​ នៅ​​ស្រុក​កណ្ដាល​​ស្ទឹង នឹង​បញ្ចប់​ការ​​​សាង​សង់​មុន​​​​ត្រីមាស​ទី​​១ ឆ្នាំ​២០២៣​

បានផុស

នៅ

លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​​កណ្តាល​​ឱ្យ​ដឹង​ថា​ ​ផ្លូវ​រត់​ទី​១​ (Runway1) ​ព្រលាន​យន្តហោះ​ថ្មី​ នៅ​​ស្រុក​កណ្ដាល​​​ស្ទឹង នឹង​បញ្ចប់​ការ​​ស្ថាបនា​​ឱ្យ​បាន​​មុន​​ត្រីមាស​ទី​​១ ឆ្នាំ​២០២៣​ ​​​ខាងមុខ ខណៈ​​ផ្លូវ​រត់​នេះមាន​ទទឹង ១០០ម៉ែត្រ បណ្ដោយ៤០០០ម៉ែត្រ ប្រើ​ប្រាស់​ផ្ទៃ​ដីចំនួន៤០ហិកតា​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​​ឱកាស​​ផ្ដល់វិញ្ញាបនបត្រ​សំគល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដី ក្នុង​គម្រោង​ស្ថាប​នា អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញថ្មី​ចំនួន១៦នាក់ ស្មើនឹង៣១ក្បាលដី នៅ​ការិយាល័យ​បម្រើការ នៃ​ទីចាត់​ការស្ថាបនា​ព្រលានយន្តហោះ ស្ថិត​នៅ​ភូមិប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ នា​​​​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១​នេះ​ លោក​អភិបាល​ខេត្ត​កណ្តាល ​បាន​​ឱ្យ​ដឹង​ទៀត​ថា ការ​បង្កើត​​គម្រោងសាង សង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺ​ជា​គោលការណ៍​សម្រេច របស់រាជរដ្ឋាភិបាល លើផ្ទៃដី ២៦០០ ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាល ទំហំ២៤២៦ហិកតា និងខេត្តតាកែវ១៧៤ ហិកតា។

ក្នុងខេត្តកណ្តាល៖ មានស្រុកកណ្តាលស្ទឹង និងស្រុកស្អាង មាន៤ឃុំ ស្មើនឹង១៣ ភូមិ មានផ្ទៃដីសរុបទំហំ ២៤២៦ ហិកតា ស្មើនឹង ៩៣% នៃទំហំផ្ទៃដីគម្រោងសរុប។ ក្នុង​គម្រោងព្រលានថ្មីនេះ មានបង្កើតផ្លូវយន្ត​ហោះ​រត់ចំនួន៣ខ្សែ ក្នុង​នោះ ផ្លូវរត់ទី១ (Runway1) គ្រោង នឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ដែលផ្លូវរត់នេះ មានទទឹង ១០០ ម៉ែត្រ បណ្តោយ ៤០០០ ម៉ែត្រ ប្រើប្រាស់ផ្ទៃដី ចំនួន ៤០ ហិកតា ដែលត្រូវសហការគ្នាគិតគូរដោះស្រាយជាអាទិភាព។

លោក​​បាន​បន្ថែម​​ថា​ ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ព្រលានយន្តហោះនេះ គឺជាមោទនភាពរបស់ខេត្តកណ្តាល ជាពិសេសសម្រាប់ស្រុកកណ្តាលស្ទឹង ដែលនឹង​មាន​ព្រលាន​យន្តហោះខ្នាតអន្តរជាតិ កើត​មាន​ឡើង​នៅ​លើ​ទឹកដីកំណើតរបស់ខ្លួន។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​១,៥០០​លាន​ដុល្លារ​។ អាកាស​យានដ្ឋាន​​នេះ សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០​ហិកតា គ្រោង​​បញ្ចប់​ការសាងសង់​នៅ​ក្នុង​ឆ្នាំ​២០២៣​ខាងមុខ​។ សមត្ថភាព​ប្រលាន​នេះ​ អាច​ទទួល​អ្នក​ដំណើ​រ​បាន​ប្រមាណ​១៣​លាន​នាក់​នៅក្នុង​ឆ្នាំ​២០២៣, ៣០​លាន​នាក់​នៅក្នុង​ឆ្នាំ​២០៣០ និង​៥០​លាន​នាក់​នៅក្នុង​ឆ្នាំ​២០៥០​។​

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កាណាឌីយ៉ា​គ្រុប និង OCIC ធ្លាប់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ចេញ​ប្លង់​សាងសង់​ដោយ​ក្រុមហ៊ុន ​Foster & Partners ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក​។ អាកាស​យានដ្ឋាន​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F ជា​អាកាសយានដ្ឋាន​ធំ​បំផុត​លំដាប់​ទី​៩ នៅក្នុង​ពិភពលោក ដែល​ស្ថិតនៅ​លំដាប់​ពីក្រោយ​អាកាសយានដ្ឋាន Chicago O’Hare និង​លំដាប់​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន​។​

នៅ​ពេល​សាងសង់​ចប់ អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​សមត្ថភាព​ទទួល​យន្តហោះ​ដឹកជញ្ជូន​ធុន​ធ្ងន់​ផ្លូវ​ឆ្ងាយ ព្រមទាំង​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​បាន​ចំនួន​២៧​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ហើយ​នៅ​ឆ្នាំ​២០៥០ វា​នឹង​អាច​ផ្ទុក​អ្នកដំណើរ​រហូតដល់ ៣០​លាន​នាក់​ស្របតាម​ផែនការមេ៕​

​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម