Connect with us

សេដ្ឋកិច្ច

មតិយោបល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា អំពីគម្រោង «ព្រែកជីកហ្វូណនតេជោ»

បានផុស

នៅ

សូមអាននូវអត្ថបទទាំងស្រុងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបាន​ចុះផ្សាយនៅលើបណ្តាញសារព័ត៌មាន​ Nikkei Asia នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤​ ​

គម្រោងផ្លូវនាវាចរណ៍របស់កម្ពុជានឹងនាំមកនូវភាពរីកចម្រើនរុងរឿងផ្លូវទឹកនេះនឹងក្លាយជានាវាសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លាតសន្ធឹងចម្ងាយ ១៨០គីឡូម៉ែត្រ ពីបេះដូងនៃទីក្រុងភ្នំពេញ ទៅកាន់ឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់នៃខេត្តកែបនៅឈូងសមុទ្រថៃ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានអនុម័តនៅខែឧសភា ឆ្នាំ២០២៣។ គម្រោងនេះនឹងធ្វើទំនើបកម្មផ្លូវទឹកបុរាណរបស់ប្រទេសកម្ពុជា ហើយនាំមកនូវយុគសម័យថ្មីនៃភាពរុងរឿងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការស្តារឡើងវិញនូវផ្លូវទឹកដែលប្រើប្រាស់ដោយអាណាចក្រហ្វូណនបុរាណកាលពីជាង ២០០០ឆ្នាំមុន ដោយពង្រីកឱ្យមានមុខកាត់ ១០០ម៉ែត្រ និងមានជម្រៅ ៥,៤ម៉ែត្រ អាចឱ្យនាវារហូតដល់ ៣០០០តោន អាចឆ្លងកាត់បាន។ ការស្តារនេះនឹងមានការសាងសង់ទ្វារទឹកចំនួន ៣ និងស្ពានចំនួន ១១ផងដែរ។

អ្នកតស៊ូមតិផ្នែកបរិស្ថាន អ្នករៀបចំផែនការសង្គម និងអ្នកវិភាគភូមិសាស្ត្រនយោបាយបានពិនិត្យយ៉ាងល្អិតល្អន់ត្រឹមត្រូវលើគម្រោងប្រព័ន្ធគ្រប់គ្រងទឹកដែលបានស្នើឡើងនេះ។ សុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងតុល្យភាពនៃថាមវន្តក្នុងតំបន់ គឺជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាបានគិតគូរជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត។

គម្រោងផ្លូវទឹកប្រកបដោយមហិច្ឆិតា និងការប្រុងប្រយ័ត្ននេះ ឈរលើមូលដ្ឋាន ការប្តេជ្ញាចិត្តចំពោះប្រសិទ្ធភាពសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន និងស្ថិរភាពក្នុងតំបន់។

តាមរយៈការបង្កើតគន្លងនាវាចរណ៍ផ្ទាល់សម្រាប់ការធ្វើពាណិជ្ជកម្ម គម្រោងផ្លូវទឹកនេះនឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកំពង់ផែបរទេស ដែលជាលទ្ធផលកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញតួនាទីរបស់កម្ពុជានៅលើទីផ្សារពិភពលោក និងតំបន់។

លើសពីផលចំណេញផ្នែកពាណិជ្ជកម្ម ប្រព័ន្ធផ្លូវទឹកដែលពង្រីកថ្មីនេះត្រូវបានរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រួមមានការបង្កើតឱកាសការងារជាច្រើន និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។ តំបន់ពាណិជ្ជកម្មថ្មីនៅតាមបណ្តោយផ្លូវទឹកនឹងទាក់ទាញការវិនិយោគក្នុងស្រុក និងអន្តរជាតិ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះក៏នឹងជំរុញវិស័យទេសចរណ៍នៅកម្ពុជា ថែមទាំងបង្កើនផលិតភាពកសិកម្មតាមរយៈការផ្តល់នូវប្រព័ន្ធធារាសាស្រ្តសម្បូរបែប ដែលនឹងហុចផលដល់សង្គមកសិកម្មរបស់កម្ពុជាផងដែរ។

សារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវទឹកនេះ នឹងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យទាក់ទងនឹងការដឹកជញ្ជូន ភស្តុភារកម្ម និងរោងចក្រសហគ្រាស ដែលអាចទាញយកអត្ថប្រយោជន៍ពីការដឹកជញ្ជូនដែលមានភាពអំណោយផលជាងមុន។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍សង្គមជាច្រើនរួមមាន បង្កើនលទ្ធភាពក្នុងការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពស់សន្តិសុខស្បៀងនិងទឹក ការផ្តល់សេវាដឹកជញ្ជូន និងភស្តុភារកម្មដែលមានភាពប្រសើរឡើងសម្រាប់ផលិតផលកសិកម្ម កាត់បន្ថយហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួត និងការផ្តល់សេវាសំខាន់ៗជាច្រើនផ្សេងទៀតសម្រាប់ប្រជាជននៅក្នុងតំបន់។

នៅគ្រប់ជំហាននៃគម្រោងនេះ មតិយោបល់របស់សហគមន៍ត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ ហើយសុខុមាលភាពរបស់ប្រជាជនត្រូវបានកំណត់ជាអាទិភាព ដោយមានការរៀបចំផែនការរួមគ្នា និងសំណងសមធម៌ជាការងារចំពោះមុខនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះគឺសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលនឹងធានាបាននូវវិបុលភាពរួមគ្នា។

ការវាយតម្លៃផលប៉ះពាល់បរិស្ថានយ៉ាងម៉ត់ចត់ដែលធ្វើឡើងជាមួយអ្នកឯកទេសអន្តរជាតិចំនួន ៤៨នាក់ នឹងធានាថាផ្លូវទឹកថ្មីនេះ គោរពដល់បេតិកភណ្ឌធម្មជាតិនៃទន្លេមេគង្គ និងអនុលោមតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលចុះហត្ថលេខាដោយប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

ក្នុងស្មារតីនៃតម្លាភាពពេញលេញ កម្ពុជាបានជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គនៅខែសីហា ឆ្នាំ២០២៣ អំពីព័ត៌មានលម្អិតនៃគម្រោង និងលទ្ធផលនៃការសិក្សារបស់យើង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ។

គម្រោងនេះនឹងផ្តល់នូវការការពារពីការផ្លាស់ប្តូរយ៉ាងគំហុកនៃកម្រិតទឹក និងរក្សាលំហូរទឹកធម្មជាតិនៅក្នុងតំបន់។ គំរូជលសាស្ត្រដែលមានភាពលម្អិត បានបង្ហាញលទ្ធផលព្យាករណ៍ថាមានផលប៉ះពាល់ត្រឹមតែ ០.០៦% តែប៉ុណ្ណោះលើរំហូរទឹកប្រចាំថ្ងៃរបស់ទន្លេមេគង្គក្នុងរដូវប្រាំង ហើយមិនមានផលប៉ះពាល់អ្វីទាំងអស់ក្នុងរដូវទឹកជំនន់។ ផ្លូវទឹកនេះនឹងបង្កើតជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីថ្មី ហើយការពារប្រឆាំងនឹងការជ្រៀតចូលនៃទឹកប្រៃមកកាន់ទឹកសាប ក្នុងន័យនេះ គម្រោងនេះនឹងរក្សាបាននូវជីវចម្រុះនៃដីសណ្ដទន្លេមេគង្គ។

លើសពីនេះទៅទៀត គំនិតផ្តួចផ្តើមនេះ នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកនៅខេត្តចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា ដោយកាត់បន្ថយការកើតឡើងនៃគ្រោះរាំងស្ងួត និងកាត់បន្ថយគ្រោះទឹកជំនន់ភ្លាមៗ ក្នុងប្រទេស និងកាត់បន្ថយហានិភ័យដែលទឹកជំនន់ក្នុងតំបន់អាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសវៀតណាម ផងដែរ។

កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាពហើយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងវិបុលភាពរួម។ ខ្ញុំអាចបញ្ជាក់បានថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះ នឹងដំណើរការក្រោមគោលការណ៍ដ៏ពិសិដ្ឋនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបង្កើតឡើងដោយឈរលើគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យភាព និងហាមឃាត់ដាច់ខាតវត្តមានរបស់កងទ័ព ឬមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន។

សរុបមក ផ្លូវទឹកនេះនឹងក្លាយជាយានថ្មីសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។ យើងប្តេជ្ញាអនុវត្តគម្រោងដែលកែប្រែមុខមាត់កម្ពុជានេះឱ្យបានជាដាច់ខាត ជាមួយការគាំទ្រយ៉ាងខ្លៀវខ្លាពីប្រជាជនកម្ពុជាក្នុង និងក្រៅប្រទេស។

នេះជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់ឥតងាករេរបស់កម្ពុជាចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិយើង ប្រជាជនយើង និងតំបន់របស់យើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម