សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង១៣០លានដុល្លារពីការនាំចេញកង់នៅក្នុងរយៈពេល៤ខែនេះ
កម្ពុជារកចំណូលបាន ១៣១,៧៤ លានដុល្លារពីការនាំចេញកង់ និងកង់អគ្គិសនីទៅកាន់ទីផ្សារបរទេសក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ថយចុះជិត ៤០ ភាគរយ ពីជាង ២១៨ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានមានប្រសាសន៍ថា ការធ្វើពិពិធកម្មផលិតផលឧស្សាហកម្មកំពុងត្រូវបានធ្វើឡើង ខណៈដែលតម្រូវការ និងការបញ្ជាទិញផលិតផលមិនមែនកាត់ដេរមានការកើនឡើង។
លោក ហេង សុខគង់ បានថា “ឧស្សាហកម្មផលិតកង់គឺជាផលិតផលនាំចេញដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ដែលកង់ផលិតក្នុងប្រទេសកម្ពុជាមានប្រជាប្រិយភាព”។

បើតាមលោក ហេង សុខគង់ មុនឆ្នាំ២០២០ ប្រទេសចិន ជាអ្នកនាំចេញកង់ច្រើនជាងគេទៅទីផ្សារអឺរ៉ុប ហើយចិនតៃប៉ិ គឺជាប់លំដាប់លេខ២។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២០មក គឺកម្ពុជា ក្លាយជាប្រទេសទី១ ដែលនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុប ស្មើនឹង ២៤%នៃការនាំចូលសរុបរបស់សហគមន៍អឺរ៉ុប ខណៈប្រទេសចិន មានត្រឹម ១៧% និងចិនតៃប៉ិ ១១%។ លោក ចាត់ទុកថា ឧស្សាហកម្មផលិតកង់របស់កម្ពុជា គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយជំរុញកំណើនចំណូលចូលជាតិយ៉ាងច្រើន ដើម្បីការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ផលិតផលកង់របស់កម្ពុជាគឺជាផលិតផលដ៏មានសក្តានុពលមួយ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប។ ប៉ុន្តែលោកបានថ្លែងថា ការនាំចេញកង់នេះបានធ្លាក់ចុះអោយសារកត្តាខាងក្រៅចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ។
លោកបានថ្លែងថា៖«ដោយសារការផលិតកង់នៅស្រុកយើងគឺយើងផលិតកង់ដែលមានគុណភាពនិងមានតម្លៃថ្លៃគួរសម។ ដូច្នេះនេះពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនិងក្នុងតំបន់ វាពិតណាស់នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញកង់របស់យើងផងដែរ»។
ទីផ្សារសំខាន់ៗសម្រាប់ផលិតផលកង់របស់កម្ពុជា គឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន បែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស្លូវេនី និងកាណាដា។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៥បានដំឡើងកង់សម្រាប់ការនាំចេញ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនEvergrand Bicycle (Cambodia) ក្រុមហ៊ុន Speedtech Industrial Co Ltd ក្រុមហ៊ុន Smart Tech (Cambodia) Co Ltd ក្រុមហ៊ុន A and J (Cambodia) Co Ltd និង ក្រុមហ៊ុន XDS Bicycle (Cambodia) Co Ltd។
ក្រុមហ៊ុន Lingrich Bicycle (Cambodia) Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តលើគម្រោងបង្កើតរោងចក្រផលិតកង់ កង់អគ្គិសនី និងគ្រឿងបន្លាស់កង់ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង។
ក្រុមហ៊ុននេះ វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៧.២ លានដុល្លារអាមេរិក ដោយបង្កើតការងារបានចំនួន ៦.២៥០ កន្លែង។
ផលិតផលកង់បានក្លាយជាផលិតផលផលិតដ៏សំខាន់មួយរបស់កម្ពុជាជាមួយនឹងផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម។ លើសពីនោះទៅទៀត កង់ត្រូវបាននាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត ដូចជាប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងប្រព័ន្ធប្រទេសដែលទទួលបានឋានះអនុគ្រោះបំផុតផ្នែកពាណិជ្ជកម្មជាដើម៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


