ព័ត៌មានជាតិ
ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស
ម្ចាស់ចម្ការទុរេនធំៗបានមកជួបជុំគ្នា ដើម្បីចែករំលែកបទពិសោធន៍និងបច្ចេកទេសពីការដាំដុះទុរេន ខណៈដែលដំណាំឈើហូបផ្លែនេះក្លាយដំណាំសេដ្ឋកិច្ចដ៏សំខាន់ដែលរដ្ឋាភិបាលកំពុងជំរុញការនាំចេញ ដែលអាចកើបចំណូលបានរាប់លានដុល្លារពីមួយឆ្នាំៗសម្រាប់កសិករ។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីផលិតកម្មទុរេនរដូវកាល ២០២៤-២០២៥ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គដល់សមាជិកក្រុមផលិតទុរេនខ្មែរនៅព្រឹកមិញនេះ លោក ប៊ុន នាង គ្រូបច្ចេកទេសដាំដុះដំណាំទុរេនដែលមានបទពិសោធន៍ជាច្រើនឆ្នាំបានគូសបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងដើម្បីវាយតម្លៃនៃការអនុវត្តបច្ចេកទេសដាំដុះទុរេននារដូវកាលកន្លងមក និងស្វែងរកភាពបត់បែនបច្ចេកទេសសម្រាប់ការដាំដុះនៅរដូវកាលថ្មី។
លោកថា ក្រុមកសិករដែលចូលរួមសិក្ខាសាលាជាង ៨០ នាក់នេះ ជាក្រុមអ្នកផលិតទុរេនដែលមានចម្ការធំៗមកពីបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពខ្ពស់និងបានទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេសដាំដុះទុរេនជាច្រើនឆ្នាំ។
លោក ប៊ុន នាង បន្តថា សិក្ខាសាលារៀបចំពេញមួយថ្ងៃ ក្រៅពីគោលបំណងជួបជុំចែករំលែកបទពិសោធន៍រវាងកសិករដាំដុះទុរេនមកពីតំបន់ផ្សេងៗទូទាំងប្រទេស ក៏ដើម្បីប្រកាសពីការបង្កើតក្រុមផលិតកម្មទុរេនខ្មែរ ដែលមានអក្សរកាត់ថា KDPG (Khmer Durian Production Group) ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរវាងក្រុមផលិតទុរេននៅប្រទេសកម្ពុជាទាំងមូល ក្នុងន័យជំរុញការដាំដុះសម្រាប់បម្រើតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
ដំណាំទុរេនត្រូវបានដាំដុះស្ទើរពាសពេញផ្ទៃប្រទេស ជាពិសេសបណ្តាខេត្តមួយចំនួនដូចជា កំពង់ចាម កំពត ត្បូងឃ្មុំ កោះកុង រតនះគីរី បាត់ដំបង ពោធិសាត់ ក្រចេះ ស្ទឹងត្រែង។

លោក ឆម លីប៊ុនថេង កសិករដាំដុះទុរេននៅស្រុកថ្មបាំង ខេត្តកោះកុងបានគូសបញ្ជាក់ថា ទុរេនជាដំណាំយុទ្ធសាស្រ្តមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលអាចឲ្យកសិករកើបចំណូលបានយ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗ។
លោកថា នៅស្រុកថ្មបាំងមានកសិករជាច្រើនគ្រួសារបានដាំដុះដំណាំទុរេន ហើយរដូវកាលមុនសមាជិកដាំដុះទុរេនចំនួន ៣០ គ្រួសារក្នុងស្រុកថ្មបាំង បានកើបចំណូលពីការនាំចេញទុរេនមិនក្រោម ១ លានដុល្លារ ដែលឈ្មួញនាំចេញទៅលក់នៅទីផ្សារខាងក្រៅ។
កសិករមួយរូបទៀតនៅខេត្តកំពត លោក អ៊ី ញាពិសិដ្ឋ បានបញ្ជាក់ថា ខេត្តកំពតមានប្រវត្តិដាំដុះទុរេនជាច្រើនជំនាន់ និងក៏ជាអត្តសញ្ញាណរបស់ខេត្តផងដែរ។
ទុរេនកំពតត្រូវបានទទួលស្គាល់ពីរសជាតិឆ្ងាញ់។ នេះបើតាមលោក អ៊ី ញាពិសិដ្ឋ។ យ៉ាងណាមិញ លោកក៏បារម្ភពីការក្លែងបន្លំផលិតផលទុរេនកំពត ដោយសារមានឈ្មួយខិលខូចយកទុរេននាំចូលបន្លំជាទុរេនរបស់ខេត្តកំពត។

លោក ហេង ឆេងលី អ្នកសម្របសម្រួល និងជាសមាជិកម្នាក់ក្នុងក្រុមអ្នកផលិតទុរេនខ្មែរ មានប្រសាសដែរថា សិក្ខាសាលានេះជាកម្មវិធីដ៏ល្អនិងមានតម្លៃបំផុតសម្រាប់កសិករដាំដុះទុរេន ព្រោះថាកម្មវិធីបែបនេះមិនដែលមានពីមុនមកទេ ដែលបានប្រមូលផ្ដុំអ្នកផលិតទុនដ៏ធំប្រចាំឆ្នាំ។
លោកថា ទុរេនជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់និងជាប្រភេទផ្លែឈើហូបផ្លែដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា និងនៅបរទេសជាពិសេសប្រទេសចិនដែលជាទីផ្សារដ៏ធំ។
លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមកសិករដែលបានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសផលិតទុរេនយ៉ាងត្រឹមត្រូវ នឹងបន្តបង្កើតកម្មវិធីជួបជុំនេះបន្តទៅឆ្នាំខាងមុខទៀត ដើម្បីបន្តពង្រឹងសមត្ថភាព និងផ្លាស់ប្តូរពត៌មានពីស្ថានភាពផលិតនិងព័ត៌មានទីផ្សារ ដើម្បីជួយលើកកម្ពស់និងបង្កើនប្រាក់ចំណូលដល់កសិករមួយកម្រិតបន្ថែមទៀត។
ជាមួយគ្នានេះ លោកក៏សំណូមពរដល់រាជរដ្ឋាភិបាល ពន្លឿនកិច្ចខំប្រឹងប្រែងដើម្បីឲ្យទុរេនខ្មែរឆាប់បាននាំចេញ និងបង្ហាញមុខនៅទីផ្សារបរទេសជាពិសេសប្រទេសចិន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


