ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីហាមឃាត់ Temu ដើម្បីការពារសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក
ឥណ្ឌូណេស៊ីហាមឃាត់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Temu ដោយសារតែក្ដីបារម្ភថា វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេស។ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូណេស៊ី លោក Budi Arie Setiadi។

តាមការចុះផ្សាយបន្តរបស់សារព័ត៌មាន CNA ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រុងប្រយ័ត្នចំពោះការដាក់ប្រតិបត្តិការរបស់ Temu ក្នុងប្រទេសរបស់ខ្លួន។ អគ្គនាយកពាណិជ្ជកម្មក្នុងស្រុករបស់ក្រសួងពាណិជ្ជកម្ម លោក Isy Karim ធ្លាប់បាននិយាយថា គំរូអាជីវកម្មរបស់ Temu ក្នុងការលក់ផលិតផលដោយផ្ទាល់ពីរោងចក្រដល់អ្នកប្រើប្រាស់ គឺផ្ទុយនឹងបទប្បញ្ញត្តិពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី ដែលតម្រូវឱ្យមានអន្តរការី ឬអ្នកចែកចាយ។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី Budi បាននិយាយកាលពីថ្ងៃទី ១ ថា ការអនុញ្ញាតឱ្យ Temu មាននៅក្នុងប្រទេសឥណ្ឌូណេស៊ី អាចប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម។ លោកបន្តយ៉ាងដូច្នេះថា៖ «Temu មិនអាចចូលមកក្នុងប្រទេសយើងបានទេ ព្រោះវាធ្វើឱ្យខូចសេដ្ឋកិច្ច ជាពិសេសសហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី។ យើងនឹងមិនផ្តល់ឱកាសឱ្យវាទេ»។

លោករដ្ឋមន្រ្តីដដែលថ្លែងថា៖ «យើងចង់ឱ្យលំហឌីជីថលពោរពេញដោយអ្វីដែលធ្វើឱ្យសង្គមយើងកាន់តែមានផលិតភាព និងផលចំណេញ។ ប្រសិនបើវាបង្កការខូតខាត តើមានអ្វីសំខាន់? យើងនឹងហាមឃាត់វា។ សហគ្រាសធុនតូច និងមធ្យមរបស់យើង នឹងរងការបំផ្លាញ ប្រសិនបើមិនត្រូវបានត្រួតពិនិត្យទេនោះ»។
ជុំវិញបញ្ហានេះ ក្រសួងសហករណ៍ និងសហគ្រាសធុនតូច និងមធ្យមឥណ្ឌូណេស៊ី បាននិយាយកាលពីមុនថា ក្រុមហ៊ុនTemu បានព្យាយាមចុះបញ្ជីចំនួន៣ដង ដើម្បីដាក់ប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Temu ត្រូវបានដំណើរការដោយក្រុមហ៊ុនមេរបស់ចិន PDD Holdings និងល្បីខាងលក់ទំនិញថោកៗចេញពីរោងចក្រនៅចិនទៅកាន់អតិថិជនតាមអនឡាញ។ ក្រុមហ៊ុននេះ មានវត្តមានក្នុងប្រទេសប្រហែល ៦០ និងបានចូលមកដល់តំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន ដោយចាប់ផ្តើមជាមួយប្រទេសហ្វីលីពីនកាលពីខែសីហា ឆ្នាំមុន និងម៉ាឡេស៊ីកាលពីខែកញ្ញា ឆ្នាំមុន មុនពេលពង្រីកវត្តមាននៅប្រទេសថៃ នាខែកក្កដា ឆ្នាំនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


