Connect with us

ព័ត៌មានជាតិ

វិស័យឧស្សាហកម្មនឹង​កើនឡើង ៨,៦% នៅឆ្នាំ ២០២៥

បានផុស

នៅ

វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០​២៥ ដោយគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាល​មិន​មែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ នេះបើយោង​តាម​របា​យ​​ការ​ណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើកឡើងនៅក្នុងពិធីបើក​សន្និ​បាត​បូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ទោះបីជាសេដ្ឋកិច្ច​សកល​នៅបន្ត​ប្រឈម​បញ្ហា កម្ពុជានៅតែអាចរក្សា​បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវអត្រាការងារខ្ពស់ ទាក់​ទាញ​ការវិនិយោគ និងការបង្កើតរោងចក្រសហគ្រាសជាបន្តបន្ទាប់ រហូតទទួលបានកំណើន​នៃ​ការ​នាំចេញ ជាពិសេសការដាក់ចេញវិធានការជាបន្តបន្ទាប់របស់ប្រមុខដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​​​ការ​ជួយ​ដល់សហគ្រាស​ធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បី​រក្សា​បាន​ដំណើរការផលិតកម្ម ធុរកិច្ច និងការវិនិយោគនានា ក៏ដូចជារក្សាបានការ​ងារជូន​ប្រជា​ពល​រដ្ឋ។

ផ្អែកតាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបានកំណើន ៦% ក្នុងឆ្នាំ ២០២៤ និងទំហំ ៦,៣% ក្នុងឆ្នាំ ២០២៥ ក្នុងនោះវិស័យឧស្សាហកម្មបានរួមចំណែកដល់កំណើនប្រមាណ ៨,៥% នៅឆ្នាំ ២០២៤ និងព្យាករណ៍ ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០​២៥។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម គិតត្រឹមចុងឆ្នាំ ២០២៤ មានរោងចក្រ មាន​រោង​ចក្រធុនធំដំណើរការចំនួន ២៤២៥ ក្នុង​នោះ​រោងចក្រធុនធំកើតថ្មីមានចំនួន ៣២៦ រោង​ចក្រ ដែលបានផ្ដល់ឱកាសការងារដល់​ប្រជា​ពលរដ្ឋចំនួន ១,១៦ លាននាក់ ដែលមានស្ត្រីជាង ៧៣ ភាគរយ។ ទុនវិនិយោគសរុបនៅក្នុង​វិស័យ​ឧស្សា​ហ​កម្ម មានចំនួនជាង ២០,៤៥ ពាន់​លាន​ដុល្លារ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

យោងតាមក្រសួងពាណិជ្ជកម្ម ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣ ដែលសម្រេចបាន ៤៦,៨២ ពាន់លានដុល្លារ។

ក្នុងនោះការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម