ព័ត៌មានជាតិ
វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានឹងមានកំណើនទាបជាងការរំពឹងទុក ជាមួយស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ក្នុងឆ្នាំនេះ
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា (ABC) បានលើកឡើងថា ស្ថិតក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់មានភាពមិនច្បាស់លាស់ វិស័យហិរញ្ញវត្ថុនៅកម្ពុជារងឥទ្ធិពលដែលនឹងប៉ះពាល់ដល់អត្រាកំណើនក្នុងវិស័យនេះទាប់ជាងការរំពឹងទុក។

បើយោងតាមរបាយការណ៍របស់ការិយាល័យជំនាញសេដ្ឋកិច្ចនៃ ASEAN+3 (AMRO) ចេញផ្សាយកាលពីថ្ងៃចន្ទ តំបន់អាស៊ាន+៣ ដែលរួមមានអាស៊ានទាំង១០ (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) អាស៊ានបូកចិន ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានព្យាករថានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤,៣% នៅឆ្នាំ២០២៥ ទាបជាង ៤,៤% ក្នុងឆ្នាំ២០២៤ នេះ ខណៈស្ថាប័នរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF កាលពីចុងខែមេសាបានធ្វើការកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាពី៥,៨%កាលពីខែមករា មក ៤ %ក្នុងឆ្នាំ២០២៥ និងថយថយទៅត្រឹម៣,៤%នៅឆ្នាំ២០២៦។
សម្រាប់ការកាត់បន្ថយនៃការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះដោយសារតែការផ្ទុះឡើងវិញនៃសង្រ្គាមពាណិជ្ជកម្មសកល ដោយសារតែការតំឡើងពន្ធគយបដិការរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំកាលពីដើមខែមេសា។

លោកស្រី Kristalina Georgieva នាយិកានៃ IMF
លោក តូច ចៅចេក ក៏ជាប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីលោកប្រធានាធិបតីអាមេរិកក្រឡុករឿងពន្ធបដិការនេះ ក៏វាបានធ្វើឱ្យការព្យាករណ៍សេដ្ឋកិច្ចរបស់យើងមានការប្រែប្រួលផងដែរ ដែលកាលពីដើមឆ្នាំទាំងស្ថាប័នរដ្ឋ និងស្ថាប័នអន្តរជាតិនានាបានព្យារករណ៍ថាកំណើនសេដ្ឋកិច្ចយើងខ្ពស់ ប៉ុន្តែកាលពីពេលថ្មីៗនេះ ពួកគេបានកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់កម្ពុជាយើងនៅឆ្នាំនេះ។ ការណ៍នេះវានឹងប៉ះពាល់ដល់កំណើននៅក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

លោកថា៖«ការតំឡើងពន្ធបដិការរបស់លោកត្រាំនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកល តំបន់ រួមទាំងកម្ពុជា ហើយវាក៏នឹងប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុផងដែរ ដោយសារតែវានឹងជះឥទ្ធិពលអវិជ្ជមានដល់ចំណូលរបស់ពលរដ្ឋ។ យើងធ្វើការនាំចេញទៅទីផ្សារអាមេរិកក៏ច្រើនដែរ។ ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញថារដ្ឋាភិបាលក៏បានបង្កើតក្រុមការងារជំពូបកិច្ចសម្រាប់ការចរចាជាមួយអាមេរិកផងដែរ។ យើងសង្ឃឹមថាការចរចានឹងបានសម្រេចដើម្បីរក្សាបាននូវកំណើននៃការនាំចេញរបស់យើងទៅកាន់ទីផ្សារអាមេរិក ដែលយើងគិតថាអត្រាពន្ធនឹងធ្លាក់ចុះមកកម្រិតណាមួយដែលសមរម្យដែលវានឹងមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចយើង»។
សម្រាប់វិស័យធនាគារ លោក តូច ចៅចេក បានគូសបញ្ជាក់ថា វិស័យនេះបានធ្វើការប្រយ័ត្នប្រយែងនៃការបញ្ចេញឥណទានចាប់តាំងពីក្រោយការគ្រប់គ្រងបាននៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារតែអត្រាឥណទានមិនដំណើការកើនឡើង។

លោកថា៖«ប៉ុន្តែមិនមែនន័យថាយើងមិនបញ្ចេងឥណទាននោះទេ យើងហាក់បញ្ចេញច្រើនដោយសារយើងត្រូវការប្រាក់ចំណូលដើម្បីទប់ទាល់នឹងចំណាយប្រតិបត្តិការ ប៉ុន្តែគ្រាន់តែយើងមានការកំណត់លក្ខខណ្ឌមួយចំនួនតឹងតែង និងប្រុងប្រយ័ត្នខ្ពស់ជាងមុន ប៉ុន្តែអតិថិជនអាចទទួលបានឥណទានច្រើនជាងមុន និងអត្រាការប្រាក់ល្អជាងមុនផងដែរ»។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី លោកស្រីបណ្ឌិត បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា៖«ខ្ញុំបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវៀងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងទេសាភិបាលធនាគារកណ្តាល ASEAN+3 (ចិន កូរ៉េខាងត្បូង ជប៉ុន) នៅ ទីក្រុង មីឡង់ ប្រទេសអ៊ីតាលី។ កិច្ចប្រជុំឆ្នាំនេះមានសារៈសំខាន់ជាងឆ្នាំមុន ដោយថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុ នៃតំបន់នេះត្រូវពិភាក្សា និងពន្លឿន សមាហរណ៍កម្មវិស័យហិរញ្ញវត្ថុ និងពង្រឹងសំណាញ់សុវត្តិភាពវិស័យនះក្នុងស្ថានភាពមួយដែលមានភាពមិនច្បាស់លាស់ខ្លាំង»។

«សម្រាប់ខាងវិស័យហិរញ្ញវត្ថុដែលធ្លាប់ជួបប្រទះពេលសេដ្ឋកិច្ចមិនប្រាកដប្រជា គឺយើងតែងតែព្យាយាមក្នុងការរស់នៅប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ដោយយើងនៅតែបញ្ចេញឥណទានដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច គ្រាន់តែប្រាក់ចំណេញ និងការប្រាក់ទាបជាងមុន ដូច្នេះកំណើននៅក្នុងវិស័យនេះនៅតែមានកំណើន គ្រាន់តែការកើនទាបជាងមុនដែលស្ថិតក្នុងកម្រិតមួយដែលវិស័យធនាគារអាចរស់បាន»។ នេះបើយោងតាមលោក តូច ចៅចេក៕
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


