សេដ្ឋកិច្ច
អ្នកជំនាញច្នៃម៉ាស៊ីនកសិកម្មម្នាក់ ត្រូវការដៃគូសហការ ដើម្បីតម្លើងគ្រឿងយន្តកសិកម្មនៅកម្ពុជាកាន់តែសម្បូរបែប
អ្នកជំនាញច្នៃម៉ាស៊ីនកសិកម្ម មកពីខេត្តកំពង់ធំម្នាក់ កំពុងប្រកាសស្វែងរកដៃគូសហការគ្នាវិនិយោគ ដើម្បីជំរុញការកែច្នៃ និងតម្លើងគ្រឿងយន្តនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ខណៈរដូវធ្វើស្រែចម្ការក៏នឹងឈានចូលមកដល់។

ជាអ្នកជំនាញច្នៃម៉ាស៊ីនកសិកម្មក្នុងបទពិសោធន៍ជាង១០ឆ្នាំ លោក អុល ចំណាប់ បានថ្លែងប្រាប់ កម្ពុជាថ្មី ថា សម្រាប់រដូវកាលថ្មីនេះ សិប្បកម្មកែច្នៃ និងតម្លើងគ្រឿងយន្តកសិកម្មរបស់លោក កំពុងត្រូវការដៃគូសហការ ដើម្បីធ្វើយ៉ាងណាជំរុញការតម្លើងគ្រឿងយន្តកសិកម្មនៅកម្ពុជាឱ្យកាន់តែសម្បូរបែបជាងមុន។

លោក បញ្ជាក់ថា បច្ចុប្បន្នទាក់ទងនឹងបច្ចេកទេសកែច្នៃ និងតម្លើងគ្រឿងយន្តរបស់លោក អាចចាត់ទុកថាមានលក្ខណៈប្រសើរជាងមុន។ ប៉ុន្តែអ្វីដែលខ្វះខាតនោះ លោក អុល ចំណាប់ កំពុងត្រូវការដៃគូសហការផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញការកែច្នៃ និងតម្លើងម៉ាស៊ីនកសិកម្មឱ្យបានកាន់តែច្រើនជាងឆ្នាំមុនៗ ងាយស្រួលជួយសម្រួលដល់ការបង្កបង្កើនផលរបស់កសិករបានមួយកម្រិតថែមទៀត។

លោក អុល ចំណាប់ ប្រាប់ឱ្យដឹងទៀតថា កន្លងមកការតម្លើងម៉ាស៊ីនកសិកម្មទាំងនេះ សង្កេតឃើញថា អតិថិជនដែលជាកសិករប្រកបរបរធ្វើស្រែចម្ការ ក៏បាននាំគ្នាគាំទ្រយ៉ាងផុលផុសរួចមកហើយដែរ។ តែមួយរយៈចុងក្រោយនេះ ហាក់ស្ងាត់ទៅវិញ ដោយសារតែផុតរដូវការធ្វើស្រែចម្ការ ខណៈមានតែតម្រូវការម៉ាស៊ីនសម្រាប់ធ្វើចម្ការ ដូចជា៖ ម៉ាស៊ីនដាំដំឡូង ម៉ាស៊ីនបាញ់ថ្នាំស្វាយចន្ទី ដែលជាប្រភេទត្រាក់ទ័រតូចៗ ជំនួសឱ្យប្រភេទម៉ាស៊ីនធំៗ សម្រាប់ការងារភ្ជួររាស់វិញ។

លោក អុល ចំណាប់ បានចាប់ផ្ដើមកែច្នៃម៉ាស៊ីនកសិកម្មចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ពោលគឺចាប់ពេលដែលលោកបានត្រឡប់មកពីធ្វើការជាពលករជំនាញផ្នែករោងចក្រឧស្សាហកម្មនៅប្រទេសកូរ៉េ ជាទីកន្លែងដែលលោកទទួលបាននូវបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យាទាំងនេះ ។
ទាក់ទងនឹងម៉ាស៊ីនកសិកម្មរបស់លោក អុល ចំណាប់ ដែលបានកែច្នៃដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា បច្ចុប្បន្ននេះ មានដូចជា៖ ម៉ាស៊ីនដាំដំឡូង ម៉ាស៊ីនស្ទូងស្រូវ និងម៉ាស៊ីនបូមទឹកខ្នាតយក្ស ដែលភាគច្រើនជាម៉ាស៊ីនដែលបម្រើឱ្យការងារស្រែចម្ការ។

ចំណែកទីផ្សារវិញ លោក អុល ចំណាប់ អះអាងថា ភាគច្រើនអតិថិជនរបស់លោកជាកសិករដែលរស់នៅតាមតំបន់បឹងទន្លេសាប ដូចជា៖ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង ជាដើម។
យ៉ាងណាមិញ លោក អុល ចំណាប់ បញ្ជាក់ទៀតដែរថា កាលពីចុងឆ្នាំ២០២៤កន្លងទៅ លោកក៏អាចកែច្នៃ និងលក់ម៉ាស៊ីនកសិកម្ម បានប្រមាណជាង ៤០គ្រឿងរួចមកហើយដែរ។

គួរឱ្យដឹងដែរថា សិប្បកម្មកែច្នៃម៉ាស៊ីនកសិកម្មរបស់លោក អុល ចំណាប់ បានចាប់ផ្ដើមឡើងមកតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ បច្ចុប្បន្នសិប្បកម្ម មានទីតាំងស្ថិតនៅឃុំបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


