Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃតែម៉ាចឆា​រំពឹងហក់ឡើង ដោយកម្ដៅនៅជប៉ុនធ្វើឱ្យប៉ះពាល់ទិន្នផលស្លឹកតែ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័របាន​ចុះផ្សាយដោយស្រង់សម្ដីអ្នកជំនាញថា ធាតុអាកាសក្ដៅខ្លាំងបំបែកកំណត់ត្រានៅប្រទេសជប៉ុន​ កំពុងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្លឹកតែដែលប្រើសម្រាប់ផលិតម្សៅតែបៃតងម៉ាចឆា ដែលរំខានដល់ការផ្គត់ផ្គង់ ហើយធ្វើឱ្យតម្លៃម៉ាចឆាហក់ឡើង ​​ខណៈកំណើនតម្រូវ​ការ​សកល​​កំពុង​មាន​ភាពរឹងមាំខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ក្យូតូ ដែល​រួមចំណែក ១/៤ នៃផលិតកម្មស្លឹកតែជប៉ុន ​Tencha ​បាន​រងការវាយប្រហារដោយរលកកំដៅយ៉ាងធ្ងន់ធ្ងរកាលពីរដូវក្តៅដែល​បំបែកកំណត់ត្រាឆ្នាំមុន ​ដែលនាំឱ្យទិន្នផលស្លឹកតែដែលគេយកទៅ​ហាល​ឱ្យស្ងួត រួច​កិនធ្វើម្សៅម៉ាចឆា មួយ​នេះ ធ្លាក់ចុះ​នៅពេល​ប្រមូលផល​កាលពីខែមេសា​-ឧសភា កន្លងទៅថ្មីៗ។

កសិករ​នៅភាគខាងត្បូងនៃតំបន់ក្យូតូ ឈ្មោះ Masahiro Yoshida បាន​និយាយប្រាប់រ៉យទ័រថា លោកបាន​ប្រមូលផល​ស្លឹកតែ Tencha ​ ត្រឹមតែ ១,៥ តោន ប៉ុណ្ណោះឆ្នាំនេះ ​ខណៈជាធម្មតាលោកអាច​ប្រមូលផលបាន​ ២ តោន។ លោកប្រាប់រ៉យទ័រយ៉ាងដូច្នេះថា៖ «ឆ្នាំមុនក្ដៅខ្លាំងពេក ធ្វើឱ្យ​ខូច​គល់គុម្ភតែ អញ្ចឹងហើយយើងអត់អាច​បេះស្លឹកបាន​ច្រើន​ទេ»។ ​

សេចក្ដីរាយការណ៍ជុំវិញ​ការធ្លាក់ចុះនៃទិន្នផលស្លឹកតែនេះ កើតឡើងចំពេលដែលតម្រូវការសកលនៃតែបៃតងម៉ាចឆាបាន​ហក់ឡើង ដោយសារតែការពេញនិយម​របស់មនុស្ស​សម័យ GenZ និង Ge​Y ជាពិសេសមុខបញ្ជីនៅហាងកាហ្វេ ដូចជា ម៉ាចឆាឡេតេ បង្អែមម៉ាចឆា និងម៉ាចឆា ​smoothies ​ជាដើម។

យោងតាមសមាគមផលិតកម្មតែជប៉ុន ជប៉ុនបាន​ប្រមូលផលស្លឹកតែ Tencha ប្រមាណ ៥ ៣៣៦ តោន ក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងជិត ២,៧ ដង ធៀប​នឹង​រយៈពេលដូចគ្នា​កាលពី ១០ ឆ្នាំមុន ដោយ​សារ​តែ​កសិករជប៉ុនកាន់តែច្រើនងាកទៅដាំតែប្រភេទនេះ។​ ​យ៉ាងណាមិញ សមាគមដដែល​រំពឹងថា ទិន្នផលស្លឹកតែម៉ាចឆា​ឆ្នាំ ២០២៥ នេះ នឹង​ធ្លាក់ចុះទាបជាងឆ្នាំមុន​។

យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​តម្លៃនៃ​ការនាំចេញតែបៃតងរបស់​ជប៉ុន រួមទាំង តែម៉ាចឆា ​បានកើនឡើង ២៥ ភាគរយ ​ដល់ទៅ ៣៦,៤ ប៊ីលាន​យ៉េន (២៥២ លាន​ដុល្លារ) កាលពីឆ្នាំ ២០២៤ ​ដោយសារតែកំណើន​តម្រូវការ​ប្រភេទតែម្សៅ ដូចជា ម៉ាចឆា​។ ​បើគិតពីបរិមាណ ការនាំចេញតែបៃតងរបស់​ជប៉ុន បានកើនឡើងរហូតដល់ ១៦ ភាគរយ។ ​

រ៉យទ័របាន​ផ្សាយថា តម្លៃតែ Tencha បានឡើងដល់កម្រិតខ្ពស់បំផុត ​ដោយ​ការដេញថ្លៃក្នុងខែឧសភានៅទីក្រុងក្យូតូ ​ហក់ដល់ ៨ ២៣៥ យ៉េន/គីឡូក្រាម កើនឡើង ១៧០ ភាគរយ ធៀបនឹង​ឆ្នាំមុន និង​លើស​កំណត់ត្រាតម្លៃ ៤ ៨៦២ យ៉េន/គីឡូក្រាម ក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមសមាគមតែជប៉ុនសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម