សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ចប់ការសាងសង់ ១០០% និងត្រៀមដាក់ឱ្យដំណើរការនៅថ្ងៃទី ៩ ខែកញ្ញា
អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F តម្លៃ ១,៥ ពាន់លានដុល្លារ ដំណាក់កាលទី១ បានបិទបញ្ចប់ការសាងសង់ ១០០% និងត្រៀមបើកឱ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលបើកស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីក្នុងតំបន់ និងសកលលោក។

នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងប្រជុំវាយតម្លៃ លើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ។
អង្គប្រជុំបានពិភាក្សា លើការងាររៀបចំបំពេញវិញ្ញាបនបត្រអាកាសយានដ្ឋានអន្តរជាតិតេជោ និងការរៀបចំផែនការបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោបានបញ្ចប់ការសាងសង់រួចហើយ អ្វីដែលនៅសេសសល់គឺការងារសម្អាត បណ្ដុះបណ្ដាល ការងាររៀបចំឯកសារ ខណៈអាកាសចរស៊ីវិលនឹងចេញវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥។

វិស័យអាកាសចរណ៍កម្ពុជាកំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរទៅកាន់សករាជថ្មី ជាមួយនឹងការបើកដំណើរការនាពេលខាងមុខនៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងការពង្រីកបណ្តាញផ្លូវអាកាសអន្តរជាតិរបស់កម្ពុជា ហើយយើងមានគោលបំណងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។
លោក លោក ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ទោះបីជាមានភាពមិនប្រាកដប្រជា និងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ លើទីផ្សាពិភពលោក និងការកើនឡើងថ្លៃដើមប្រតិបត្តិការ និងជម្លោះក្នុងតំបន់ និងសកលក៏ដោយ ប៉ុន្តែមិនមានការកាត់បន្ថយជើងហោះហើរ ក្នុងរយៈពេល ៦-១២ខែចុងក្រោយនោះទេ, ចំណែកការតភ្ជាប់ថ្មីកំពុងស្ថិតក្រោមការចរចា ដូចជា ឥណ្ឌា មជ្ឈិមបូព៌ា និងទីក្រុងបន្ទាប់បន្សំរបស់ចិន។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ ឈ្មោះ ជា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅ លើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកប ដោយភាពច្នៃប្រឌិត និងនិរន្តរភាព។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ តម្លៃ ១,៥ ពាន់លានដុល្លារ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥កម្ពុជាទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥នេះ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ