Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងកសិកម្ម ចុះពន្យល់ស្ថានភាព​តម្លៃស្រូវស្រង៉ែធ្លាក់​ថ្លៃនៅ​ស្រុកមោង​ឫស្សី

បានផុស

នៅ

ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង គឺជាស្រុកគោលដៅកសិកម្មដ៏សំខាន់មួយ ក្នុងចំណោមស្រុកនានាក្នុងខេត្ត ខណះ​បច្ចុប្បន្ន​សិករសម្រុកគ្នាធ្វើស្រូវស្រង៉ែច្រើនបំផុត។

នៅក្នុងរយះពេលប៉ុន្មាថ្ងៃចុងក្រោយនេះ ក្រោយពីការសម្របសម្រួលតម្លៃស្រូវរបស់កសិករនៅស្រុកសង្កែនិងស្រុកមោងឫស្សី មន្ត្រីក្រសួងកសិកម្មបានកៀងគរខាងរោងម៉ាស៊ីនជួយទិញស្រូវកសិករ ទើបតម្លៃស្រូវបានហក់ឡើងដល់ ៨០០ រៀល ក្នុង ១ គីឡូក្រាម តែមិនបានប៉ុន្មានផង ស្រូវក៏បានធ្លាក់ថ្លៃយ៉ាងគំហុកវិញដោយនៅត្រឹមចន្លោះពី​ ៦២០ ទៅ ៦៦០ រៀល​ប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់តម្លៃយ៉ាងគំហុកនេះ បានបង្កឲ្យកសិករក្នុងស្រុកមោងឫស្សីបានប្រត្តិកម្ម ទើបមានមន្ត្រីពីក្រសួងកសិកម្មតបតាមសំណើពីកសិករ បានចុះពន្យល់និងណែនាំដល់កសិករឲ្យបានយល់អំពីការប្រែប្រួលតម្លៃស្រូវជាបន្តបន្ទាប់​នេះ។

លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង​ទទួលស្គាល់ថា ឆ្នាំនេះទិន្នផលស្រូវកសិករពិតជាធ្លាក់តម្លៃគួរឲ្យកត់សម្គាល់ ដោយសារតែខាងវៀតណាមបន្ថយល្បឿននៃការបញ្ជាទិញ។ ការកកស្ទះទីផ្សារស្រូវនេះ មុនការដាំដុះខាងមន្ត្រីជំនាញចាប់ពីថ្នាក់ក្រសួង និងខាងមន្ទីរ បានណែនាំកសិករឲ្យងាកមកដាំស្រូវពូជក្នុងស្រុកវិញ ដោយខាងក្រសួងអាចគ្រប់គ្រងបានលើតម្លៃស្រូវពូជក្នុងស្រុក បានប្រសើរជាងផលិតស្រូវពូជក្រៅស្រុក។

លោក ឈឹម វជ្ជរ៉ា បាន​លើក​ឡើង​​ពី​កិច្ចខិតខំប្រឹងប្រែង​​អន្តរាគមន៍​ក្រសួង​ ក្នុង​ការ​ផ្តល់​នូវ​ហិរញ្ញប្បទានពិសេស​ដល់​រោងម៉ាសុីនដេីម្បី​ប្រមូល​ទិញស្រូវពីកសិករ និង​រ​ក្សា​តម្លៃ​ស្រូវកុំ​ឲ្យធ្លាក់ថ្លៃ​។

ក្នុងការ​ចុះជួបជាមួយកសិករ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការមកពីក្រសួង​កសិកម្ម​ ក៏បានផ្តល់នូវទស្សនៈទាននៃការចូលរួម​ក្នុង​សហគមន៌​​កសិកម្ម​ទំនេីប ដេីម្បីបញ្ចៀសបាននូវបញ្ហាប្រឈម និងតម្លៃទីផ្សារកសិផល ដែលមានភាពមិនច្បាស់លាស់កន្លងមក និង​ដើម្បី​ធានាបាននូវការផ្គត់ផ្គង់ផលិតផលកសិកម្ម​ ទាំង​បរិមាណ​គុណភាព និង​តម្លៃច្បាស់លាស់​រវាងអ្នកផលិត និងក្រុមហ៊ុនទទួលទិញ។

ពាក់ព័ន្ធ​តម្លៃស្រូវឆ្នាំនេះ មន្រ្តីកសិកម្មខេត្តបាត់ដំបង​បាន​បញ្ជាក់​ប្រាប់កម្ពុជាថ្មី តាំងពីកសិករចាប់ផ្តើមប្រមូលផលក្នុងវគ្គទី ១ លោកមិន​ទាន់​អាច​ដឹង​​បានថាយ៉ាង​ណានោះទេ ខណៈ​ឆ្នាំនេះឈ្មួញ​វៀតណាមបានបន្ថយកម្រិតក្នុងការបញ្ជាទិញ ដែល​​នឹងអាច​ប៉ះពាល់ដល់​តម្លៃ​​ទីផ្សារ​​ស្រូវ​របស់កសិករ។

ស្របពេលឆ្នាំនេះកសិករផលិតស្រូវបានលើសពីការរំពឹងទុក ខណះការផ្គត់ផ្គង់ក្នុងខេត្តមានប្រមាណ ៤០% ហើយ ៦០% ទៀតសម្រាប់ការនាំចេញ ហើយការប្រមូលផលវគ្គទី ១ មានប្រមាណជាង ២០ មុឺនហិកតា ស្មើនិងប្រមាណជិត ១ លាន​តោន (៨៨មុឺនតោន) ខណះទិន្នផល​​ស្រូវឆ្នាំនេះ​អាច​ហក់ដល់ទៅខ្ទង់ ២ លានតោន បើគិតទាំងស្រូវប្រាំងផង​​៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម