ព័ត៌មានអន្ដរជាតិ
ថៃ៖ ការបង្រ្កាបគណនីធនាគារក្លែងក្លាយ ប៉ះពាល់ដល់អាជីវកម្មថៃ
បណ្ដាសមាគមប្រតិបត្តិករភោជនីយដ្ឋាន លក់ដុំ និងលក់រាយថៃ កំពុងសម្ដែងក្ដីបារម្ភពីផលប៉ះពាល់លើអាជីវកម្មពីចំណាត់ការបង្កក «គណនីធនាគារក្លែងក្លាយ» របស់អាជ្ញាធរថៃ ដែលកំពុងបង្កកង្វល់ទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃអង្គារនេះ។

ការត្អូញត្អែររបស់វិស័យឯកជនថៃ ផ្ទុះឡើងក្រោយបណ្ដាធនាគារថៃ បានបង្កកគណនីធនាគារទ្រង់ទ្រាយធំ ដើម្បីបង្រ្កាបលើ «ប្រតិបត្តិការគណនីក្លែងក្លាយ» ដែលជនទុច្ចរិតប្រើប្រាស់សម្រាប់ការឆបោក។ យ៉ាងណាមិញ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) បាននិយាយថា ការបង្កកបានធ្វើឡើងដោយទាំងគណនីរបស់ប្រជាជនធម្មតា រួមទាំងអាជីវករលក់ដូរ។
ខណៈមានការអំពាវនាវពីក្រសួងសេដ្ឋកិច្ចឌីជីថលថៃ កុំឱ្យពលរដ្ឋជ្រួលច្របល់ សារព័ត៌មានក្នុងស្រុកថៃជាច្រើនបានរាយការណ៍ថា អាជីវករលក់ដូរតាមបណ្ដាខេត្តមួយចំនួនចាប់ផ្ដើមដាក់សញ្ញាមិនទូទាត់ប្រាក់តាមកូដ QR ខណៈពលរដ្ឋនាំគ្នាទៅដកលុយចេញពីធនាគារ។
មន្រ្តី CCIB បានពន្យល់ថា គណនីធនាគារដែលបង្កកកន្លងមក មានការជាប់ពាក់ព័ន្ធទាំងដោយផ្ទាល់ និងដោយប្រយោលលើគណនីដែលទុច្ចរិតជនប្រើសម្រាប់ប្រតិបត្តិការលំហូរប្រាក់របស់ពួកគេ ។ យ៉ាងណាមិញ នេះជាបញ្ហាស្មុគស្មាញដោយថា ទុច្ចរិតជនបានប្រើប្រាស់វិធីសាស្រ្តក្លែងបន្លំ ដោយធ្វើឱ្យគណនីធនាគាររបស់ពលរដ្ឋធម្មតាជាប់ពាក់ព័ន្ធនឹងករណីសង្ស័យដែរ។ ឧទាហរណ៍ ឧក្រិដ្ឋជនផ្ទេរលុយទៅឱ្យពលរដ្ឋធម្មតា ហើយបញ្ឆោតឱ្យពលរដ្ឋធម្មតានោះផ្ទេរលុយទៅគណនីផ្សេងបន្ត ដែលជាហេតុនាំឱ្យគណនីធនាគារបស់ពលរដ្ឋរូបនោះត្រូវបង្កក។ ក្នុងករណីមួយទៀត ឧក្រិដ្ឋជនផ្ទេរលុយទៅឱ្យម្ចាស់អាជីវកម្មដើម្បីទិញរបស់របរយកទៅលក់បន្ត យកលុយសុទ្ធ ដែលនេះ ធ្វើឱ្យអាជីវករជាប់ពាក់ព័ន្ធក្នុងករណីលាងលុយកង្វក់។
កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយថា នៅខេត្ត Khon Kaen អាជីវករក្នុងតំបន់បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការផ្ទេរប្រាក់ណាមួយទៅគណនីធនាគាររបស់ពួកគេ ដែលអាជ្ញាធរចាត់ទុកថាមិនប្រក្រតី អាចបណ្តាលឱ្យមានការបង្កកភ្លាមៗ ទោះបីជាគណនីរបស់ពួកគេប្រើប្រាស់សម្រាប់តែអតិថិជននាពេលកន្លងមកក្ដី។
ដោយសារតែកង្វល់ ហាងតូចៗខ្លះនៅខេត្ត Uthai Thani បានដាក់ស្លាកសញ្ញាបដិសេធការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក រួមទាំងកូដ OR ដោយអាជីវករម្នាក់លើកឡើងថា «យើងមិនដឹងថាអតិថិជនមួយណាសុទ្ធ មួយណាអត់នោះទេ»។ សេចក្ដីរាយការណ៍ដូចគ្នានេះ ក៏មាននៅខេត្ត Nakhon Ratchasima ផងដែរ។

សមាជិកព្រឹទ្ធសភាថៃ លោក Palawat Tansiri ដែលជាអ្នកនាំពាក្យគណៈកម្មាធិការសេដ្ឋកិច្ចថៃ បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ិនធឺណិត និងបង្ក្រាបលើគណនីក្លែងក្លាយ គឺជាការចាំបាច់ ប៉ុន្តែបានព្រមានថាប្រជាពលរដ្ឋស្លូតត្រង់ និងសហគ្រាសធុនតូច និងមធ្យម (SMEs) កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ «ដែលបណ្តាលឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម និងលំហូរសាច់ប្រាក់»។
ប្រធានសមាគមភោជនីយដ្ឋានថៃ លោក Chanon Koetcharoen ឯណោះវិញ បានលើកឡើងថា បញ្ហាបង្កកគណនីធនាគារកំពុងព្រួយបារម្ភក្នុងចំណោមភោជនីយដ្ឋាននៅជនបទ ទាក់ទងនឹងវិធីសាស្រ្តទូទាត់ប្រាក់។ លោកបន្តថា ភោជនីយដ្ឋានខ្នាតមធ្យម ឬធំៗ អាចមានគណនីធនាគារច្រើន ដែលអាចឱ្យពួកគេបន្តប្រតិបត្តិការទូទាត់តាមអេឡិចត្រូនិកធម្មតា ទោះបើគណនីណាមួយត្រូវបានបង្កក។
ប៉ុន្តែលោក Chanon បានសម្ដែងក្ដីបារម្ភថា អ្នកលក់តូចតាច និងប្រតិបត្តិករអាហារតាមចិញ្ចើមផ្លូវ អាចមានគណនីតែមួយ ហើយពួកគេពឹងផ្អែកយ៉ាងខ្លាំងលើលំហូរសាច់ប្រាក់ប្រចាំថ្ងៃ។ ដូច្នេះ ប្រសិនបើគណនីរបស់ពួកគេត្រូវបានបង្កក វាពិតជាប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។
ទីប្រឹក្សាកិត្តិយសនៃសមាគមពាណិជ្ជកម្មលក់ដុំ និងរាយថៃ លោក Somchai Pornrattanacharoen បាននិយាយថា ហាងរបស់លោកឥឡូវនេះស្ទាក់ស្ទើរក្នុងការផ្តល់ការផ្ទេរប្រាក់តាមធនាគារ ឬការទូទាត់តាម QR ដល់អតិថិជនដែលមិនធ្លាប់ស្គាល់ ដោយសារខ្លាចជាប់ពាក់ព័ន្ធជាមួយគណនីក្លែងក្លាយ។
ជុំវិញករណីនេះ អ្នកវិភាគព្រមានថា អាជ្ញាធរពាក់ព័ន្ធថៃត្រូវតែដោះស្រាយបញ្ហាជាបន្ទាន់ ជៀសវាងការបន្តអូសបន្លាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានលើសេដ្ឋកិច្ច រួមទាំងទំនុកចិត្តរបស់អាជីវករ និងអ្នកប្រើប្រាស់ ខណៈអ្នកខ្លះទៀតជំរុញឱ្យអាជីវករមានគណនីធនាគារច្រើន និងលើសពីមួយធនាគារ។
ក្រោយកង្វល់ទាំងនេះផ្ទុះឡើង ធនាគារកណ្ដាលថៃ (BOT) និងសមាគមធនាគាថៃ បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយកាលពីថ្ងៃចន្ទ។ ក្នុងនោះរួមបញ្ចូលទាំងគោលការណ៍ណែនាំថ្មីដើម្បីដកការបង្កកគណនីរបស់បុគ្គលស្លូតត្រង់ក្នុងរយៈពេល ៤-២៤ ម៉ោង ដោយថយចុះពីចន្លោះ ៣-៧ ថ្ងៃ ក្នុងគោលការណ៍ចាស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


