Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន អះអាង​ថា រុស្ស៊ី​ដណ្ដើម​កាន់កាប់​ដីជិត៥​០០០គីឡូម៉ែត្រ​ការ៉េ​នៅ​អ៊ុយក្រែន​ក្នុង​ឆ្នាំ​នេះ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយ​​ថា កងកម្លាំងរុស្ស៊ីបានដណ្តើមយក​ទឹកដីអ៊ុយក្រែន​ជិត ៥ ០០០​គីឡូម៉ែត្រការ៉េក្នុងឆ្នាំ​២០២៥។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៍មាន​ Reuters នា​ថ្ងៃ​​ពុធ​ទី​៨​​ខែ​តុលា។

លោក វ្ល៉ាឌីមៀរ ពូទីន​ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមេបញ្ជាការយោធាកំពូលក្នុងថ្ងៃខួបគម្រប់​៧៣​ឆ្នាំ​របស់ខ្លួន លោក ពូទីន បាន​ប្រាប់​ថា ទាហានអ៊ុយក្រែនកំពុងដកថយ​ ទោះបីជាមានការតស៊ូកើនឡើង និងការព្យាយាមវាយប្រហារ​ចូល​យ៉ាងជ្រៅនៅក្នុងទឹកដីរុស្ស៊ីក៏ដោយ។

បើ​ពិត​ដូច​ការ​លើក​ឡើង​របស់​លោក​ ពូទីន ការ​ដណ្ដើម​ទឹក​ដី​បាន​​ជិត ៥ ០០០​គីឡូម៉ែត្រ​ការ៉េ​នេះ ស្មើ​នឹង​ចំនួនប្រហែល ១% នៃផ្ទៃដីសរុបរបស់អ៊ុយក្រែន ដែលនាំ​ឲ្យ​ទឹកដីសរុបនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូមានប្រហែល ២០% នា​ពេល​បច្ចុប្បន្ន។

លោក ពូទីន បានលើក​ឡើង​ទៀត​ថា ការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ទីក្រុង​កៀវ​នៅក្នុងប្រទេសរុស្ស៊ី នឹងមិនផ្លាស់ប្តូរតុល្យភាពទាំងមូលនៃសង្រ្គាមនោះទេ ខណៈ​សង្គ្រាម​បាន​អូស​បន្លាយ​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៤​ហើយ​ក៏​ដោយ។

ក្រសួងការពារជាតិរុស្ស៊ី បាន​​អះអាង​កាលពីថ្ងៃអង្គារថា កងទ័ពរបស់ខ្លួនបានដណ្តើម​ភូមិចំនួនពីរបន្ថែមទៀតនៅតាមបណ្តោយខ្សែបន្ទាត់ខាងមុខ ដែលលាតសន្ធឹងប្រហែល ១ ២៥០​គីឡូម៉ែត្រ។

យ៉ាងណាក៏ដោយ យោធាអ៊ុយក្រែនបានច្រានចោលការអះអាងរបស់ទីក្រុងមូស្គូ ដោយនិយាយថា ការវាយលុករបស់រុស្ស៊ីបានបរាជ័យក្នុងការសម្រេចបាននូវជោគជ័យ​ធំៗ ឬចាប់យកទីក្រុងសំខាន់ៗណាមួយនៅឆ្នាំនេះ។ កងកម្លាំងអ៊ុយក្រែនរាយការណ៍ពីភាពរីកចម្រើន​របស់​កង​កម្លាំង​របស់​ខ្លួន​នៅជិត​ទីក្រុង Dobropillia ក្នុងតំបន់ Donetsk និងទីតាំង​មួយចំនួន​ទៀត​ដែល​ដណ្ដើម​បាន​មក​វិញនៅ​តំបន់ Sumy ជាកន្លែងដែលរុស្ស៊ីបានព្យាយាមបង្កើតតំបន់ការពារ។

លោក ពូទីន បានរំលឹកឡើងវិញថា គោលបំណងរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរ ពោលគឺដើម្បី«ធ្វើ​​​ឲ្យ​អ៊ុយក្រែន​​​ក្លាយ​ជា​តំបន់​គ្មានយោធា និង​លុប​បំបាត់​​ឥទ្ធិពល​នៃ​របប​ណាស៊ី» ដែលជាគោលដៅដូចគ្នាដែលបានប្រកាសនៅពេលការឈ្លានពានបានចាប់ផ្តើមក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២២៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម