Connect with us

ព័ត៌មានអន្ដរជាតិ

លោក Modi អួតថា ប្រទេស​លើពិភពលោក ​ដណ្ដើមគ្នាទិញ​មីស៊ីលល្បឿនលឿន​ ផលិតដោយឥណ្ឌា-រុស្ស៊ី

បានផុស

នៅ

ប្រទេសជាច្រើននៅទូទាំងពិភពលោកបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចង់បញ្ជាទិញមីស៊ីលល្បឿនលឿន BraMos បន្ទាប់ពីឃើញប្រសិទ្ធភាពនៃអាវុធមួយនេះ បានបញ្ចេញឥទ្ធិពលរបស់វា ក្នុងកំឡុងពេលជម្លោះ ឥណ្ឌា-ប៉ាគីស្ថាន កាលពីដើមឆ្នាំ ។ នោះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃទី២១ ខែតុលា។

នាយករដ្ឋមន្ត្រីឥណ្ឌា Modi នៅលើនាវារបស់ INS Vikrant នាថ្ងៃចន្ទ ទី២០ ខែតុលា។ (រូបភាព៖Twitter / Source: X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់មន្ត្រីកងទ័ពជើងទឹកនៅលើនាវាផ្ទុកយន្តហោះ INS Vikrant ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ Diwali លោក Modi បានសង្កត់ធ្ងន់ថា កេរ្តី៍ឈ្មោះមីស៊ីលល្បឿនលឿន BrahMos បានធ្វើឲ្យមនុស្សជាច្រើនមានការរភ័យខ្លាច និងប្រុងប្រយ័ត្នជាងមុន។

លោកបានគូសបញ្ចាក់ទៀតថា BrahMos និងប្រព័ន្ធការពារដែនអាកាស Akash បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនៅក្នុងយុទ្ធនាការដែលមានរហស្សនាមថា «Sindoo» មានរយៈពេល ៤ ថ្ងៃ។ ដូច្នេះហើយ ជោគជ័យនេះមិនត្រឹមតែពង្រឹងទំនុកចិត្តលើអំណាចយោធារបស់ឥណ្ឌាប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប្រទេសជាច្រើនចាប់អារម្មណ៍ក្នុងការកាន់កាប់អាវុធសហប្រតិបត្តិការប្រភេទនេះ រវាងរុស្ស៊ី និងឥណ្ឌា។

BrahMos គឺជាមីស៊ីលល្បឿនលឿនជាងសំឡេងជិត ៣ ដង ផលិតឡើងដោយក្រុមហ៊ុន BrahMos Aerospace ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង ឥណ្ឌា និងរុស្ស៊ី ។ វាអាចរត់ក្នុងចម្ងាយដល់ទៅ ៨០០ គីឡូម៉ែត្រ និងមានសមត្ថភាពវាយប្រហារចំគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ។ បើតាមសារព័ត៌មាន Times of India មីស៊ីល BraMos គ្រោងដាក់ដំណើរការនៅត្រឹមចុងឆ្នាំ ២០២៧ ឯណោះ។

ដោយឡែក ក្រៅពីមីស៊ីល BrahMos, ឥណ្ឌាក៏មានមីស៊ីល Akash ដែលសុទ្ធសឹងតែមានអនុភាពដ៏ខ្លាំងក្លា និងលើសលប់។ ជាក់ស្ដែង មីស៊ីលទាំងនេះបានជួយឲ្យឥណ្ឌាមានប្រៀបក្នុងជម្លោះយោធារយៈពេល ៤ ថ្ងៃជាមួយប៉ាគីស្ថាន កាលខែឧសភាកន្លងទៅ ។

យ៉ាណាមិញ នៅឯការតាំងពិព័រណ៍វិស័យការពារជាតិនាពេលថ្មីៗនេះ លោក Modi បានបញ្ជាក់ថា ឥណ្ឌាកំពុងបន្តពង្រឹងភាពជាដៃគូប្រកបដោយនិរន្តរភាពរបស់ខ្លួនតាមពេលវេលាជាមួយរុស្ស៊ី ដែលក្នុងនោះ BrahMos គឺជានិមិត្តសញ្ញាដ៏លេចធ្លោនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

គីម ជុងអ៊ុន បង្ហាញចំណងមិត្តភាពម៉ឺនៗឆ្នាំ ជាមួយឡាវ និងសន្យារីកចម្រើនព្រមគ្នា


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម