Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្តេជ្ញាឆ្លើយតបបើអាមេរិក បំពានគោល ការណ៍ ផ្អាកសាកល្បងនុយក្លេអ៊ែរ

បានផុស

នៅ

ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក ប្រកាសពីផែនការសាកល្បង​អាវុធនុយក្លេអ៊ែរ​ឡើង​វិញ​ ក្រោយ​ផ្អាកអស់​៣ទសវត្សរ៍ ស្រាប់តែភាគីរុស្ស៊ី បានចេញមកព្រមានថា ខ្លួននឹងឆ្លើយតបបើទីក្រុងវ៉ាស៊ីនតោនបំពានគោលការណ៍អាវុធនុយក្លេអែរ។ នេះបើតាមការផ្សាយរបស់ RT

អាវុធនុយក្លេអ៊ែររុស្ស៊ី (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះគឺចេញពីមាត់អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ដែលប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ថា៖ «លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចេញសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀតថា ប្រសិនបើនរណាម្នាក់បំពានលើគោលការណ៍ផ្អាកសាកល្បងនុយក្លេអ៊ែរជាបណ្ដោះអាសន្ន នោះទីក្រុងមូស្គូនឹងចាត់វិធានការទៅតាមនោះផងដែរ»។

ការអះអាងនេះកើតឡើងបន្ទាប់ពី លោក ដូណាល់ ត្រាំ ចេញ​បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​ចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់ៗ បន្ទាប់​ពី​ផ្អាក​តាំងតែ​ពីឆ្នាំ​១៩៩២​មក​ម៉្លេះ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលធ្វើឡើងភ្លាមៗមុនពេលកិច្ចប្រជុំជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង​ នៅទីក្រុង​ប៊ូសាន ប្រទេសកូរ៉េខាងត្បូង លោកត្រាំ និយាយថា ចំណាត់ការនេះគឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីសាកល្បងនុយក្លេអ៊ែរដែលធ្វើឡើងដោយប្រទេសជាគូប្រជែង។

ការ​ប្រកាស​នេះ​​ តំណាង​​ឲ្យ​​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្នុង​គោល​នយោបាយ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក ​ដែល​មាន​ជា​យូរ​មក​ហើយ។ អាមេរិក​មិន​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ពេញ​លេញ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២មក ដែល​ជា​ការ​ផ្អាក​ដោយ​ខ្លួន​ឯងដើម្បី​​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អន្តរជាតិ​​ក្នុង​ការ​​កម្រិត​ការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ។

សូមជម្រាបថា បើតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI), រុស្ស៊ីឈរលេខ១លើពិភពលោកជាប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ ​(៥ ៤៥៩គ្រាប់), ​លេខ២ អាមេរិក (៥ ១៧៧គ្រាប់) ​និងលេខ​៣ចិន ដែលគេព្យាករណ៍ថា នឹងឈានដល់ ១ ៥០០គ្រាប់ ត្រឹមឆ្នាំ២០៣៥៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក​នឹង​សាកល្បង​អាវុធនុយក្លេអ៊ែរភ្លាមៗ​ឡើង​វិញ​ ក្រោយ​ផ្អាកអស់​៣ទសវត្សរ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម