Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អាមេរិក​នឹង​ធ្វើ«គ្រប់យ៉ាង»គាំទ្រ​ស៊ីរី បន្ទាប់​ពី​កិច្ចប្រជុំប្រវត្តិសាស្ត្រជាមួយ Sharaa

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ​ទី​១០​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ បន្ទាប់ពីកិច្ចប្រជុំទល់មុខគ្នាជាមួយប្រធានាធិបតីស៊ីរី Ahmed al-Sharaa ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រទេស​នេះ​ទៅកាន់សេតវិមានក្នុងរយៈពេលជិត​៨០​ឆ្នាំ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង«ធ្វើអ្វីៗគ្រប់យ៉ាង» ដើម្បីធ្វើ​ឲ្យ​ប្រទេសស៊ីរី«ទទួលបានជោគជ័យ»។

លោកត្រាំ និង​លោក Sharaa (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារជិតពីរម៉ោង លោកត្រាំ​បានសរសើរ​លោក​ Sharaa ថាជា«មេដឹកនាំដ៏រឹងមាំ» ដែល«កំពុងព្យាយាមកសាងប្រទេសរបស់គាត់ឡើងវិញបន្ទាប់ពីអតីតកាលដ៏លំបាក»។

លោកត្រាំ​ បាន​លើក​ឡើង​ថា «គាត់មកពីកន្លែងដ៏លំបាកមួយ ហើយគាត់ជាមនុស្សចេះ​តស៊ូ។ ខ្ញុំចូលចិត្តគាត់។ យើងចង់ឃើញស៊ីរីក្លាយជាប្រទេសដែលជោគជ័យខ្លាំង ហើយខ្ញុំគិតថា មេដឹកនាំរូប​នេះអាចធ្វើវាបាន»។

មេដឹកនាំទាំងពីរបានពិភាក្សាអំពីការងើបឡើងវិញរបស់ប្រទេសស៊ីរី បន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងរយៈពេលជាច្រើនទសវត្សរ៍របស់គ្រួសារ Assad ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីដកទណ្ឌកម្មដែលនៅសេសសល់ និងធ្វើសមាហរណកម្មទីក្រុង​ដាម៉ាស​ឡើងវិញទៅក្នុងផ្នែកការទូតអន្តរជាតិ។

លោកត្រាំ​ បាន​ប្រាប់​ថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយតួកគី និងអ៊ីស្រាអែល ដើម្បីធានាស្ថិរភាពក្នុងតំបន់ ដោយ​បន្ថែម​ថា «គាត់មានទំនាក់ទំនងល្អជាមួយប្រធានាធិបតី Erdogan ដែលជាអ្នកដឹកនាំដ៏អស្ចារ្យ ហើយយើងក៏កំពុងធ្វើការជាមួយអ៊ីស្រាអែលផងដែរ ក្នុងការស្ដារ​ទំនាក់ទំនង​ជាមួយប្រទេសស៊ីរី»។

ដំណើរ​ទស្សនកិច្ច​របស់​លោក Sharaa ជា​ចំណុច​របត់​មួយ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ស៊ីរី។ រដ្ឋបាល​លោកត្រាំ​ បានដកទណ្ឌកម្មមួយចំនួនដែលបានដាក់ក្នុងអំឡុងការគ្រប់គ្រងរបស់លោក Bashar al-Assad ហើយបានបង្ហាញពីការបើកចំហរក្នុងការស្តារទំនាក់ទំនងការទូត និងសេដ្ឋកិច្ចឡើងវិញ នៅពេលដែលប្រទេសស៊ីរីចូលរួមជាមួយក្រុមចម្រុះប្រឆាំងនឹង​ក្រុម​ជ្រុលនិយម ISIS។

មិនទាន់មានសេចក្ដី​ថ្លែងការណ៍​ជាផ្លូវការនៃកិច្ចប្រជុំនេះទេ ប៉ុន្តែគេ​ជឿ​ថា សេចក្តីប្រកាស​​​នឹង​​និយាយ​អំពី​កិច្ចសហប្រតិបត្តិការរវាង​ប្រជាជាតិ​ទាំង​ពីរ។

លោកត្រាំ​ ធ្លាប់បានជួបជាមួយ​លោក​ Sharaa កាលពីខែឧសភា ក្នុងអំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់មួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយហៅគាត់ថាជា«មេដឹកនាំវ័យក្មេង និងរឹងមាំ» នៅពេលនោះ ដែលជាការអត្ថាធិប្បាយដែលបញ្ជាក់ពីការផ្លាស់ប្តូរគោលនយោបាយយ៉ាងខ្លាំងរបស់រដ្ឋបាលអាមេរិកទៅកាន់ទីក្រុង​ដាម៉ាស បន្ទាប់ពីភាពឯកោ​អស់​ជាងមួយទសវត្សរ៍៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម