Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ពុលកម្រិតប្រកាសអាសន្នពណ៌ក្រហម វាយប្រហារទីក្រុងបាងកក និងខេត្តថៃចំនួន១៤

បានផុស

នៅ

ខ្យល់ពុល PM2.5 បានឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហមហើយនៅក្នុងទីក្រុងបាងកកនិងខេត្តចំនួន១៤ ខណៈខេត្តផ្សេងៗទៀតក៏ PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់ដែរ គ្រាន់តែពណ៌ទឹកក្រូចប៉ុណ្ណោះ ហើយបើស្ថានភាពមិនប្រសើរឡើងទេ វាក៏នឹងឈានដល់កម្រិតពណ៌ក្រហមដូចគ្នា។

ខ្យល់ពុលនៅបាងកក (រូបថត៖ Thaiger)

តាមការផ្សាយរបស់ Khaosod, នៅថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥, ខ្យល់ពុលកម្រិតប្រកាសអាសន្នពណ៌ក្រហមបានគ្របដណ្តប់ទីក្រុងបាងកក, ខេត្ត Samut Sakhon, Nonthaburi, Nakhon Pathom, Samut Prakan, Pathum Thani, Chonburi, Chachoengsao, Rayong, Ratchaburi, Chanthaburi, Trat, Prachinburi, Samut Songkhram និង Phetchaburi។

ទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) បានឲ្យដឹងថា ពេលឡើងដល់ចំណុចកំពូលនៅថ្ងៃអង្គារ ខ្យល់ពុល PM2.5 ក្នុងខ័ណ្ឌ Nong Khaem នៃទីក្រុងបាងកក បានឈានកម្រិតគ្រោះថ្នាក់ខ្លាំង ១០២.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ពោលគឺលើសឆ្ងាយណាស់ពីកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលថៃ ដែលដាក់ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។

ខ្យល់ពុលនៅបាងកក (រូបថត៖ Khaosod)

ដោយសារតែភាពធ្ងន់ធ្ងរខ្លាំង ក្រសួងសុខាភិបាលនៃប្រទេសថៃ បានចេញការព្រមានឲ្យក្រុមមនុស្សងាយរងគ្រោះដូចជាកុមារតូច ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម ត្រូវចៀសវាងសកម្មភាពខាងក្រៅ ឬពាក់ម៉ាសឲ្យបានជាប់ជានិច្ចពេលចេញទៅណាមកណា។

ទន្ទឹមនោះដែរ ក្រសួងប្រកាសនរណាដែលមានរោគសញ្ញាគួរឲ្យសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម