Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរអ៊ីរ៉ង់កាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត ខណៈការតវ៉ាកាន់តែរីករាលដាលខ្លាំង

បានផុស

នៅ

អាជ្ញាធរអ៊ីរ៉ង់បានសម្រេចរឹតបន្តឹងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងនៅទូទាំងប្រទេស ខណៈដែលការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកំពុងបន្តរីករាលដាលយ៉ាងខ្លាំងក្លា។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយសារព័ត៌មាន ABC News នៅ​​ថ្ងៃ​សុក្រ​ទី​៩​ខែ​មករា​ឆ្នាំ​២០២៦។

(រូបថត៖ Ilia Hashemi)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតាមដានបច្ចេកវិទ្យា NetBlocks ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានរាយការណ៍ពីការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំកាលពីយប់ថ្ងៃព្រហស្បតិ៍​ ដោយបានចាត់ទុកសកម្មភាពនេះថាជាវិធានការរឹតត្បិតឌីជីថល ដើម្បីរារាំងការប្រាស្រ័យទាក់ទងគ្នារបស់សាធារណជន ក្នុងអំឡុងពេលដ៏សំខាន់នៃភាពចលាចលនេះ។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋអះអាងថា ស្ថានភាពតាមបណ្តាក្រុងនានាមានភាពស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែសាក្សីផ្ទាល់ភ្នែក និងវីដេអូតាមបណ្តាញសង្គមបានបង្ហាញពីហ្វូងមនុស្សយ៉ាងច្រើនកុះករដែលកំពុងហែក្បួនក្នុងទីក្រុងតេហេរ៉ង់ និងសូម្បីតែនៅក្នុងទីក្រុង Mashhad ដែលជាមូលដ្ឋានគ្រឹះនៃអ្នកអភិរក្សនិយម ក៏មានការស្រែកទាមទារឲ្យទម្លាក់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei ផងដែរ។

រលកនៃការតវ៉ាចុងក្រោយនេះ បានផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពីមានការអំពាវនាវពីលោក Reza Pahlavi ដែលជាបុត្រារបស់អតីតព្រះចៅ Shah នៃប្រទេសអ៊ីរ៉ង់ដែលកំពុងរស់នៅនិរទេសខ្លួន ដោយលោកបានជំរុញឲ្យប្រជាពលរដ្ឋបន្តការតស៊ូប្រឆាំងនឹងរបបដឹកនាំបច្ចុប្បន្ន។ ការតវ៉ានេះដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ធំបំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ដំបូងឡើយបានចាប់ផ្តើមឡើងដោយសារការធ្លាក់ចុះនៃតម្លៃប្រាក់ Rial អ៊ីរ៉ង់ និងអតិផរណាខ្ពស់ដែលបណ្តាលមកពីការគ្រប់គ្រងសេដ្ឋកិច្ចមិន​ល្អ និងទណ្ឌកម្មអន្តរជាតិ ប៉ុន្តែវាបានវិវត្តទៅជាការទាមទារឲ្យមានការកែទម្រង់នយោបាយ និងសង្គមយ៉ាងធំ។

យោងតាមអង្គការសិទ្ធិមនុស្ស ការប៉ះទង្គិចគ្នាក្នុងការតវ៉ានេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤១នាក់បាត់បង់ជីវិត និងជាង ២២៧០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។

ជាការឆ្លើយតបទៅនឹងការបង្ក្រាបនេះ លោក Pahlavi បានអំពាវនាវដល់មេដឹកនាំអឺរ៉ុបឲ្យផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការទូត ដើម្បីស្តារប្រព័ន្ធទំនាក់ទំនងជូនប្រជាជនអ៊ីរ៉ង់ឡើងវិញ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចេញសារព្រមានធ្ងន់ៗទៅកាន់ទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការប្រើប្រាស់ហិង្សារហូតដល់មានការបង្ហូរឈាមផងដែរ។ ខណៈដែលការកាត់ផ្តាច់ប្រព័ន្ធឌីជីថលកំពុងរារាំងដល់ការទទួលបានព័ត៌មានជាក់ស្តែងពីក្នុងប្រទេស សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងដិតដល់នូវភាពតានតឹងរវាងវិធានការរឹតត្បិតរបស់រដ្ឋាភិបាលអ៊ីរ៉ង់ និងការងើបបះបោររបស់ប្រជាពលរដ្ឋ៕

(រូបថត៖ Getty)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម