Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ កុំឲ្យ​បារាំង​ជ្រៀតជ្រែក​​​កិច្ចការ​ដោះមីននៅច្រក​សមុទ្រ Hormuz ព្រោះជាកិច្ចការ​អ៊ីរ៉ង់សុទ្ធ​​​

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយ​សំដៅ​​​​​ទៅ​ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ទីក្រុងអ៊ីស្លាម៉ាបាដ​ ដែលសហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខាកាល​ថ្ងៃទី​១៧ខែ​​មិថុនា ថា​ ប្រតិបត្តិការបោសសម្អាតមីននៅក្នុងច្រកសមុទ្រ Hormuz ត្រូវតែអនុវត្តជាដាច់ខាតដោយអ៊ីរ៉ង់តែមួយគត់ និងមិនមានប្រទេសណាមួយផ្សេងទៀតឡើយ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi (រូបភាព៖ IRNA និងReuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kazem Gharibabadi បាន​ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់បារាំងជាមួយប្រទេស​ដៃគូ​នានាក្នុងការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន timesofisrael កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

លោក Gharibabadi បានសរសេរនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «លោក ម៉ាក្រុង បានលើកឡើង​ថា ប្រទេសបារាំងកំពុងសហការក្នុងការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz ដោយមានការសម្របសម្រួលជាមួយដៃគូរបស់ខ្លួន។ ប៉ុន្តែ យោងតាម MoU ទីក្រុងអ៊ីស្លាម៉ាបាដ ការបោសសម្អាតមីន គឺត្រូវធ្វើឡើង​ដោយអ៊ីរ៉ង់តែម្នាក់ឯងគត់ និងគ្មានប្រទេសណាផ្សេងទៀតឡើយ។ តាមគោលការណ៍ យើងនឹងមិនអនុញ្ញាតឲ្យមានសកម្មភាពបែបនេះកើតឡើងជាដាច់ខាត»។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា «ស្ថានភាពបច្ចុប្បន្នគឺមានភាពរសើប និងស្មុគស្មាញខ្លាំងណាស់ ដូច្នេះយើងសូមណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសបារាំង កុំធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត តាមរយៈសកម្មភាពញុះញង់របស់ខ្លួន»។

សូមជម្រាបជូនថា អ៊ីរ៉ង់តែងតែប្រើប្រាស់ «មីនសមុទ្រ» ជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីរារាំង ឬបំភ័យនាវាចម្បាំង និងនាវាដឹកប្រេងរបស់លោកខាងលិច។ ដោយហេតុនេះហើយ ទើបទាំង អាមេរិក បារាំង រួមទាំងសម្ព័ន្ធមិត្តលោកខាងលិច តែងតែបញ្ជូននាវាចម្បាំងមកល្បាត និងព្យាយាមជួយបោសសម្អាត មីន ដើម្បីការពារសុវត្ថិភាពនាវាពាណិជ្ជកម្ម។ ប៉ុន្តែ ភាគីអ៊ីរ៉ង់យល់ថា សកម្មភាពរបស់បរទេស (ជាពិសេសបារាំង និងអាមេរិក) នៅតំបន់នោះ គឺជាការរំលោភបំពានអធិបតេយ្យភាព និងជាការញុះញង់បង្កសង្គ្រាម៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អុីរ៉ង់ រឹតបន្តឹងការគ្រប់គ្រងច្រក Hormuz និងព្រមានកប៉ាល់ ដែលមិនព្រមដើរតាមផ្លូវរបស់ខ្លួន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម