Connect with us

ព័ត៌មានអន្ដរជាតិ

ជាង ៣០ប្រទេស នឹងចូលរួមពិធីបុណ្យសព អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសជាង ៣០ នឹងបញ្ជូនថ្នាក់ដឹកនាំ និងមន្ត្រី មកចូលរួមពិធីបុណ្យសព របស់អតីតមេបញ្ជាការកំពូល Ayatollah Ali Khamenei ដែលត្រូវអាមេរិកសម្លាប់ ក្នុងការវាយប្រហារអាកាស អំឡុងពេលផ្ទុះសង្គ្រាម នៅដើមខែមិនា។

(រូប៖ Reuters)

បើតាមការផ្សាយរបស់ Xinhua នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រៅពីថ្នាក់ដឹកនាំ និងមន្ត្រី មកពីជាង ៣០ប្រទេសនេះ ក៏នៅមានមេដឹកនាំសាសនាមកពីជាង ៩០ប្រទេសផងដែរ នឹងមកចូលរួមក្នុងពិធីបុណ្យសព ដែលនឹងប្រព្រឹត្ត ចាប់ពីថ្ងៃសុក្រ ទី៣ នៅសប្តាហ៍នេះ។

ដ្បិតមិនទម្លាយឈ្មោះប្រទេសទាំងអស់ ប៉ុន្តែប្រទេសដែលប្រកាសពីការចូលរួម ក្នុងពិធីនេះមានដូចជា៖ អ៊ីរ៉ាក់ ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ឥណ្ឌា អាស៊ែរបៃហ្សង់ អាមេនី តួកមីនីស្ថាន ហ្សកហ្ស៊ី យេម៉ែន និងបង់ក្លាដែស។

(រូប៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei អះអាងថា ប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប មិនត្រូវបានអញ្ជើញឡើយ ព្រោះពួកគេមិននៅខាងអ៊ីរ៉ង់ ពេលផ្ទុះសង្គ្រាម។

សូមជម្រាបថា លោក Ayatollah បានដឹកនាំសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អស់រយៈពេល ៣៧ឆ្នាំ ក្នុងនាមជាមេដឹកនាំកំពូល កាន់តំណែងយូរបំផុតលំដាប់ទីពីរ របស់ប្រទេសនេះ។

(រូប៖ Reuters)

ចាប់តាំងពីអាមេរិកធ្វើឃាត សពរបស់លោក ត្រូវបានតម្កល់ទុក ឲ្យសាធារណជនគោរពវិញ្ញាណក្ខន្ធ។ ការរៀបចំផ្នែកភស្តុភារ ក៏ជួបភាពរាំងស្ទះជាបន្តបន្ទាប់ ដោយសារតែជម្លោះ ផ្ទុះឡើងមិនឈប់។

យ៉ាងណា ក្រោយមានបទឈប់បាញ់ដ៏ផុយស្រួយក្នុងខែមេសា និងការចរចាលើ MoU រវាងទីក្រុងវ៉ាស៊ីនតោន ជាមួយតេហេរ៉ង់, មន្ត្រីនានាបានកំណត់ថា ស្ថានភាពអំណោយផលនេះ អាចអនុញ្ញាតឲ្យព្រឹត្តិការណ៍ អាចប្រព្រឹត្តទៅ ដោយសុវត្ថិភាពបានហើយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម