Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចព្រមព្រៀង៥ឆ្នាំក្រុងមូស្គូ និងក្រុងណៃពិដោ ជាខែលការពាររបបសឹកមីយ៉ាន់ម៉ា

បានផុស

នៅ

ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេល៥ឆ្នាំ ដើម្បីធានា​ឲ្យ​បាននូវលំហូរយុទ្ធោបករណ៍ពីវិមានក្រឹមឡាំងមកកាន់របបសឹកមីយ៉ាន់ម៉ារហូតដល់ឆ្នាំ២០៣០។

មេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អ៊ុង ឡាំង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP កិច្ចព្រមព្រៀងដែលត្រូវបានសម្រេចកាលពីថ្ងៃអង្គារ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Sergei Shoigu អ្នកយុទ្ធសាស្ត្រសន្តិសុខកំពូលរបស់រុស្ស៊ី បានផ្តល់នូវខែលការពារយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់របបយោធាដែលកំពុងរងការឯកោពីអន្តរជាតិ។ សាររបស់លោក Shoigu គឺជាការតបតយ៉ាងខ្លាំងក្លាចំពោះទណ្ឌកម្មរបស់លោកខាងលិច ដោយបានសន្យាផ្តល់ «ជំនួយគ្រប់ជ្រុងជ្រោយ» ដល់របបសឹក ខណៈដែលពួកគេកំពុងប្រយុទ្ធក្នុងសង្គ្រាមស៊ីវិលដ៏សាហាវដើម្បីរក្សាអំណាច។

ភាពជាដៃគូនេះត្រូវបានបង្កើតឡើងនៅលើការផ្លាស់ប្តូរតម្រូវការយោធាដ៏គួរ​ឲ្យ​កត់សម្គាល់៖ យន្តហោះចម្បាំងរុស្ស៊ីបានផ្តល់​ឲ្យ​របបសឹកនូវអានុភាពផ្លូវអាកាសដើម្បីទប់ស្កាត់ការរុលទៅមុខរបស់ក្រុមឧទ្ទាម ខណៈដែលក្រុមអ្នកឃ្លាំមើលបានលើកឡើងថា មីយ៉ាន់ម៉ាបានឆ្លើយតបមកវិញតាមរយៈការបញ្ជូនសម្ភារបរិក្ខារដើម្បីជួយដល់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ខ្សែជីវិតយោធានេះ កើតឡើងចំពេលដ៏សំខាន់បំផុត ស្រប​ពេល​ដែលរបបសឹកព្យាយាមកែប្រែមុខមាត់ការដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលបានផ្តល់ជ័យជម្នះភ្លូកទឹកភ្លូកដីដល់គណបក្សតំណាងរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមេដឹកនាំប្រជាធិបតេយ្យដែលជាប់ពន្ធនាគារគឺលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានហាមឃាត់មិន​ឲ្យ​ចូលរួម និងសង្គ្រាមស៊ីវិលនៅតែបន្តឆាបឆេះពាសពេញផ្ទៃប្រទេស ការរស់រានរបស់របបសឹកហាក់ដូចជាមិនផ្អែកលើហិបឆ្នោតនោះទេ ប៉ុន្តែគឺពឹងផ្អែកទាំងស្រុងលើអាវុធទំនើបៗរបស់រុស្ស៊ីដែលទទួលបានតាមរយៈកិច្ចព្រមព្រៀងថ្មីនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម