Connect with us

ព័ត៌មានអន្ដរជាតិ

ការសងសឹកពីអ៊ីរ៉ង់៖ អាមេរិកខាតយុទ្ធោបករណ៍ជិត២ពាន់លានដុល្លារ ត្រឹមតែប៉ុន្មានថ្ងៃ!

បានផុស

នៅ

ពិភពលោកកំពុងបើកភ្នែកធំៗសម្លឹងមើលការខូចខាតដ៏មហន្តរាយរបស់មហាអំណាចលេខមួយ សហរដ្ឋអាមេរិក បន្ទាប់ពី​អ៊ីរ៉ង់​បាន​បើកប្រតិបត្តិការ​សងសឹក​យ៉ាងសាហាវ​ព្រមៗគ្នា​នៅទូទាំង​តំបន់មជ្ឈិមបូព៌ា។

ប្រព័ន្ធរ៉ាដា AN/FPS-132 ដែល​ត្រូវ​បាន​កម្ទេច​នៅ​កាតា​ (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យដែលចងក្រងដោយភ្នាក់ងារព័ត៌មាន Anadolu ​ចុះ​ផ្សាយ​ថ្ងៃទី​៤​មីនា​២០២៦ បានបង្ហាញថា តម្លៃនៃការបំផ្លិចបំផ្លាញលើគ្រឿងយុទ្ធោបករណ៍អាមេរិកបានហក់ឡើងដល់ទៅ ១,៩០២​ពាន់​លានដុល្លារ បាត់ទៅហើយ គិតចាប់តាំងពីថ្ងៃសៅរ៍កន្លងទៅ។

ក្នុងចំណោមការខាតបង់ទាំងអស់ អ្វីដែលធ្វើ​ឲ្យ​អាមេរិក​ឈឺក្បាល​បំផុតនោះគឺ ការបាត់បង់ប្រព័ន្ធរ៉ាដាព្រមានជាមុនដ៏ទំនើបប្រភេទ AN/FPS-132 នៅក្នុងមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ដែលមានតម្លៃរហូតដល់ ១,១​ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធការពារដែនអាកាសដ៏ល្បីល្បាញ THAAD នៅក្នុងប្រទេសអារ៉ាប់រួម ក៏រងការវាយប្រហារចំផ្នែកសំខាន់ដែលមានតម្លៃដល់ទៅ ៥០០លានដុល្លារទៀតផង។ រឿងដែលគួរ​ឲ្យ​រន្ធត់ថែម​ទៀតនោះគឺ យន្តហោះចម្បាំង F-15E Strike Eagles តម្លៃ ២៨២លានដុល្លារ ត្រូវបានធ្លាក់ខូចខាតទាំងស្រុងនៅក្នុងហេតុការណ៍ «បាញ់ច្រឡំគ្នាឯង» នៅលើមេឃនៃប្រទេសគុយវ៉ែត ដែលបន្ថែមបន្ទុកកាន់តែធ្ងន់ដល់កងទ័ពអាមេរិក។

ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​នៅ​អារ៉ាប់រួម (រូបថត៖ REUTERS)

ប្រតិបត្តិការវាយលុករបស់អ៊ីរ៉ង់បានកំណត់គោលដៅយ៉ាងច្បាស់លាស់ទៅលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗចំនួន​៧កន្លែង រួមមានទីបញ្ជាការកងពលធំទី៥ ក្នុងប្រទេសបារ៉ែន មូលដ្ឋានទ័ពក្នុងប្រទេសគុយវ៉ែត និងអ៊ីរ៉ាក់ ជាដើម។ រូបភាពពីផ្កាយរណបបានបង្ហាញ​​ឲ្យ​ឃើញពីទិដ្ឋភាពដ៏រញ៉េរញ៉ៃ ដោយដំបូលអគារនៅមូលដ្ឋានទ័ពអាកាស Ali Al Salem បានបាក់ស្រុតចុះក្រោម ខណៈអគារជាច្រើននៅព្រលានយន្តហោះអន្តរជាតិ Erbil ត្រូវបានកម្ទេចខ្ទេចខ្ទី។ សូម្បីតែស្ថានីយទំនាក់ទំនងផ្កាយរណបនៅក្នុងប្រទេសបារ៉ែន ក៏ត្រូវបានបំផ្លាញអស់តម្លៃ ២០លានដុល្លារបន្ថែមទៀត ដែលធ្វើ​ឲ្យ​ប្រព័ន្ធទំនាក់ទំនងរបស់អាមេរិកជួបការរអាក់រអួល។

ក្រៅពីគោលដៅយោធា ស្ថានទូតរបស់អាមេរិកក៏មិនអាចជៀសផុតពីគ្រោះថ្នាក់បានដែរ។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានដ្រូនវាយប្រហារចំស្ថានីយរបស់ CIA ខណៈដែលស្ថានទូតនៅគុយវ៉ែត ត្រូវបានបង្ខំចិត្តបិទទ្វារ និងជម្លៀសបុគ្គលិកជាបន្ទាន់ បន្ទាប់ពីមានការបាញ់ប្រហារដោយមីស៊ីល។ ទោះបីជាកន្លែងខ្លះដូចជាស្ថានកុងស៊ុលក្នុងទីក្រុងឌូបៃ រងការខូចខាតតិចតួច ប៉ុន្តែការវាយប្រហារដ៏រាយប៉ាយនេះបានធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ធ្លាក់ក្នុងស្ថានភាពអាសន្នបំផុត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម