Connect with us

ព័ត៌មានអន្ដរជាតិ

​កិច្ចប្រជុំ​ ត្រាំ-ស៊ី​ នៅ​​ចុងខែ​​មីនា​នេះ​ អាច​ពន្យារ​ពេល ដោយសារ​​ការ​អម​នាវា​ដឹកប្រេង​​​​​​​​​

បានផុស

នៅ

ស្របពេលតម្លៃប្រេង​បន្តហក់​ឡើង​​​កាន់តែ​ខ្ពស់ ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ដូណាល់ ត្រាំ តែងតែ​ប្រកាស​សុំ​ជំនួយ​ពី​សម្ព័ន្ធ​មិត្តនៅ​ទូទាំង​អឺរ៉ុប ជា​ពិសេស​ឈាន​ដល់​មហាអំណាច​ចិនផង​ដែរ ធ្វើយ៉ាងណា​ឱ្យ​ច្រក​សមុទ្រ​ Hormuz អាចដំណើរការ​ដឹកប្រេង​ដោយ​សុវត្ថិភាព​​។ ការ​ណ៍​នេះ លោក​​ ត្រាំ ​បាន​បង្ហាញសញ្ញាថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅកាន់​ប្រទេសចិននៅចុងខែ​មីនា​​នេះ អាច​ត្រូវ​ពន្យារ​ពេល ប្រសិន​បើ​ទី​ក្រុង​ប៉េកាំង​​មិន​ជួយ​​ធានា​សុវត្ថិភាព​​​នាវា​​​​ដឹកប្រេង​ តាម​​ច្រក​សមុទ្រ​ Hormuz ឡើង​វិញ​។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសន៍ជា​មួយកាសែត Financial Times កាល​ពី​ថ្ងៃ​អាទិត្យ​ទី​​១៥​ខែ​មីនា ឆ្នាំ​២០២៦ លោក ត្រាំ ​រំពឹងថាប្រទេស​ចិន​នឹង​ដើរ​តួនាទី​ក្នុង​ការ​បន្ធូរបន្ថយការ​រំខាន​នានាក្នុង​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​​ប្រេង​​ដ៏សំខាន់​នេះ​ មុនពេល​លោក​ធ្វើដំណើរ​ទៅកាន់​ទីក្រុងប៉េកាំង សម្រាប់​កិច្ច​ប្រជុំកំពូលជាមួយប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​គ្រោងធ្វើ​ឡើងចាប់ពី​ថ្ងៃទី៣១ខែមីនា ដល់ថ្ងៃទី០២ខែមេសា។

ដោយ​កិច្ច​ប្រជុំ​នេះ​នៅ​សល់​ប្រហែលពីរសប្តាហ៍​ទៀតប៉ុណ្ណោះ លោក​ ត្រាំ​​ និយាយថា៖«ទីក្រុងវ៉ាស៊ីន​តោនចង់បានភាពច្បាស់លាស់ […] ហើយ​​យើងអាចនឹងពន្យារពេល(ប្រជុំ​)»។

មិន​តែ​ប៉ុណ្ណោះ កាល​ពី​ថ្ងៃសៅរ៍ទី១៤​ខែមីនា ឆ្នាំ២០២៦ លោក ត្រាំ​ បង្ហោះសារលើបណ្តាញសង្គម Truth Social ថា​៖​«មិនថាដោយវិធីណាក៏ដោយ យើងនឹងធ្វើឱ្យច្រកសមុទ្រ Hormuz បើកចំហ មានសុវត្ថិភាព និងមានសេរីភាព ក្នុងពេល​ឆាប់ៗនេះឱ្យបាន»។

ការអត្ថា​ធិប្បាយនេះ​បាន​កើត​ឡើង​ពេល​ដែល​រដ្ឋមន្ត្រីក្រសួង​រតនា​គា​រ​សហរដ្ឋអាមេរិក​ លោក Scott Bessent ជួបជាមួយឧបនាយករដ្ឋមន្ត្រី​ចិន ​លោក He Lifeng នៅ​ទីក្រុងប៉ារីស​សម្រាប់កិច្ចពិភាក្សា​បឋម​ទាក់ទង​នឹង​កិច្ច​ប្រជុំកំពូល​ដែលស្នើឡើង។

យ៉ាង​ណា​ទីក្រុង​ប៉េកាំង​មិន​ទាន់​បាន​បញ្ជាក់​ជាផ្លូវការពី​កាល​បរិច្ឆេទ​នៅឡើយទេ។

លោក ត្រាំ​ និយាយទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពី​ថ្ងៃចន្ទ​ថា លោក​បាន​ជំរុញ​ឱ្យ​ប្រទេស​ប្រហែល​៧ ពង្រាយ​នាវាចម្បាំង ដើម្បីជួយ​រក្សាច្រកសមុទ្រ Hormuz បើក​ចំហឡើង​វិញ​ ​ទោះបីជាលោកទទួលស្គាល់​ថាមិនទាន់​មាន​ការប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ណា​មួយ​ត្រូវបានធានានៅឡើយ ខណៈ​តម្លៃប្រេងកើនឡើង  ​អំឡុង​ពេល​សង្គ្រាម​អាមេរិក-អ៊ីស្រាអែល ជាមួយ​អ៊ីរ៉ង់​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម