Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់គំរាម​វាយ និង​ចោទ​អ៊ុយក្រែនថាប្រឹង​ចូលដៃចូល​ជើង​ជួយ​អាមេរិក-អ៊ីស្រាអែល​

បានផុស

នៅ

អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានចេញមុខចោទប្រកាន់ប្រទេសអ៊ុយក្រែនចំៗថា បានចូលដៃជួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងការវាយប្រហារមកលើទីក្រុងតេហេរ៉ង់។

លោក Amir Saeid Iravani (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​ថ្ងៃទី​១​ខែ​មេសា​ឆ្នាំ​២០២៦ Kyiv Post បាន​ឲ្យ​ដឹង​ថា នៅក្នុងលិខិតផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ភាគីអ៊ីរ៉ង់បានលើកឡើងថា ការដែលអ៊ុយក្រែនបញ្ជូនអ្នកជំនាញខាងទប់ស្កាត់ដ្រូនមកកាន់តំបន់មជ្ឈិមបូព៌ា គឺជាសកម្មភាពចូលរួមដោយផ្ទាល់ក្នុងជម្លោះនេះ។ អ្វីដែលកាន់តែគួរ​ឲ្យ​បារម្ភនោះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ទៀត គឺលោក Ebrahim Azizi បានបន្លឺពាក្យសម្តីធ្ងន់ៗថា ពេលនេះទឹកដីអ៊ុយក្រែនបានក្លាយជា «គោលដៅស្របច្បាប់» សម្រាប់ការវាយបកសងសឹករបស់អ៊ីរ៉ង់ហើយ។

ឆ្លើយតបនឹងការចោទប្រកាន់ដ៏ក្តៅគគុកនេះ ក្រសួងការបរទេសអ៊ុយក្រែនបានចេញមកបដិសេធភ្លាមៗ ដោយចាត់ទុកថាទាំងនេះជារឿងអត់ប្រយោជន៍ និងជាពាក្យកុហកទាំងស្រុង។ អ្នកនាំពាក្យអ៊ុយក្រែនបានរំឮកថា ចាប់តាំងពីឆ្នាំ២០២២មក អ៊ីរ៉ង់ខ្លួនឯងទេដែលបានផ្គត់ផ្គង់ដ្រូនជាង ៦០ ០០០គ្រឿងឲ្យ​ទៅរុស្ស៊ីដើម្បីយកមកវាយប្រហារលើអ៊ុយក្រែន ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានដ្រូនរបស់អ៊ុយក្រែនសូម្បីតែមួយគ្រឿង បាញ់ទៅប៉ះចំទឹកដីអ៊ីរ៉ង់ឡើយ។ លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរថា ការដែលអ៊ុយក្រែនចែករំលែកបទពិសោធន៍ការពារខ្លួនពីដ្រូនជាមួយបណ្តាប្រទេសផ្សេងៗ គឺជារឿងបច្ចេកទេសការពារខ្លួនសុទ្ធសាធ មិនមែនជាការផ្តល់អាវុធសម្រាប់ទៅវាយប្រហារនរណាម្នាក់នោះទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម