Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រធានាធិបតីអាមេរិក រូបណាខ្លះ រងការគំរាមយកជីវិត និងប៉ងធ្វើឃាត ច្រើនដងជាងគេ?

បានផុស

នៅ

ប្រធានាធិបតីនៃសហរដ្ឋអាមេរិក គឺជាតំណែងកំពូលមួយលើពិភពលោក ដែលពោរពេញដោយអំណាច តែក៏មានគ្រោះថ្នាក់បំផុតផងដែរ។

ប្រធានាធិបតីអាមេរិក ជាច្រើនរូបមកហើយ ត្រូវគេគំរាមយកជីវិត និងប៉ុនប៉ងធ្វើឃាត ដល់ថ្នាក់មានខ្លះត្រូវបាត់បង់ជីវិតទៀតផង ដោយសារតែឃាតក ស្អប់ខ្ពើម និងធ្វើតាមបញ្ជាមេខ្លោង ពិសេសក្រុមភេរវករ។ 

ដូចនេះ តើក្នុងប្រវត្តិសាស្រ្តអាមេរិក ប្រធានាធិបតីរូបណា ដែលត្រូវគេគំរាមយកជីវិតនិងប៉ងធ្វើឃាតច្រើនដងជាងគេ?

បើយោងតាមទិន្នន័យពីភ្នាក់ងារសម្ងាត់ (Secret Service) បានបង្ហាញឈ្មោះប្រធានាធិបតី ដែលប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងជាងគេ ក្នុងនោះមានដូចជា៖

១. Barack Obama

លោក Barack Obama (រូប៖ Reuters)

ក្នុងនាមជាប្រធានាធិបតីស្បែកខ្មៅដំបូងគេ Obama បានទទួលការគំរាមកំហែងធ្វើឃាត ក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ពោលគឺខ្ពស់ជាងប្រធានាធិបតីមុនៗ ដល់ទៅ ៤០០% ឯណោះ។

តាមការប៉ាន់ស្មាន លោក Obama ត្រូវគេគំរាមរាប់សិបដង ក្នុងនោះ ផែនការធំៗដែលបំបែកបាន គឺមានលើសពី ១០-១៥ ករណី។

ហេតុការណ៍ល្បីបំផុត គឺការបាញ់ប្រហារ លើវិមានប្រធានាធិបតីក្នុងឆ្នាំ ២០១១ ដោយបុរសម្នាក់ឈ្មោះ Oscar Ramiro Ortega-Hernandez និងការផ្ញើលិខិត មានផ្ដុកសារធាតុពុល Ricin ក្នុងឆ្នាំ ២០១៣។

២. Donald Trump

លោក Donald Trump (រូប៖ Reuters)

Trump ក៏ជាប្រធានាធិបតីម្នាក់ ដែលរងការគំរាមកំហែងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប ផងដែរ។ ការបាញ់ប្រហារនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីខែកក្កដា ឆ្នាំ ២០២៤ ដែលបណ្ដាលឲ្យលោក ត្រូវគ្រាប់កាំភ្លើងចំត្រចៀក និងហេតុការណ៍នៅទីលានវាយកូនហ្គោលក្នុងរដ្ឋ Florida គឺជាព្រឹត្តិការណ៍ធំបំផុត។

ចុងក្រោយបំផុត គឺការប៉ងធ្វើឃាត អំឡុងពិធីជប់លៀងអាហារពេលល្ងាច របស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Washington Hilton។

៣. Gerald Ford

លោក Gerald Ford (រូប៖ Reuters)

លោកគឺជាប្រធានាធិបតីតែម្នាក់គត់ ដែលត្រូវគេប៉ងធ្វើឃាត ២លើក ក្នុងរយៈពេលមិនដល់ ៣សប្តាហ៍ផង កាលពីឆ្នាំ១៩៧៥។ អ្វីដែលប្លែកនោះគឺ អ្នកប៉ងធ្វើឃាតទាំងពីរលើក គឺសុទ្ធតែជាស្ត្រី ម្នាក់ឈ្មោះ Lynette Fromme និងម្នាក់ទៀតឈ្មោះ Sara Jane Moore។

៤. Ronald Reagan

លោក Ronald Reagan (រូប៖ Reuters)

ទោះលោក ត្រូវគ្រាប់កាំភ្លើងរងរបួសធ្ងន់ក្នុងឆ្នាំ១៩៨១ ក៏ដោយ ប៉ុន្តែក្រៅពីនោះ លោកក៏ត្រូវគេ រៀបផែនការធ្វើឃាត ពីរបីលើកទៀតផងដែរ ប៉ុន្តែទប់ស្កាត់ទាន់ពេល៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម