Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល គ្រោងឈប់ពឹង​ជំនួយយោធា​ពី​អាមេរិក​​នៅ១ទសវត្សរ៍​​ទៀត​​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញក្ដីសង្ឃឹមថា អ៊ីស្រាអែលអាចឈប់ពឹងផ្អែកលើជំនួយយោធារបស់សហរដ្ឋអាមេរិកទាំងស្រុងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ខណៈដែលប្រទេសនេះកំពុងជំរុញការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រ។ នេះបើយោងតាមកិច្ចសម្ភាសន៍ក្នុងកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបភាព៖.Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បានថ្លែងថា៖ «ខ្ញុំចង់កាត់បន្ថយជំនួយហិរញ្ញវត្ថុពីអាមេរិកឲ្យមកនៅត្រឹមសូន្យ ពោលគឺជាសមាសភាគហិរញ្ញវត្ថុនៃកិច្ចសហប្រតិបត្តិការយោធាដែលយើងមាន»។ បច្ចុប្បន្ន អ៊ីស្រាអែលទទួលបានជំនួយយោធាប្រហែល ៣.៨ ពាន់លានដុល្លារក្នុងមួយឆ្នាំពីអាមេរិក ក្រោមកិច្ចព្រមព្រៀងសរុប ៣៨ ពាន់លានដុល្លារ សម្រាប់រយៈពេលពីឆ្នាំ ២០១៨ ដល់ ២០២៨។

លោកបានបន្ថែមថា នេះគឺជាពេលវេលាដ៏សមស្របបំផុតក្នុងការកំណត់ទំនាក់ទំនងហិរញ្ញវត្ថុអាមេរិក-អ៊ីស្រាអែលឡើងវិញ ដោយលោកមិនចង់រង់ចាំដល់អាណត្តិសភាក្រោយនោះទេ ប៉ុន្តែចង់ចាប់ផ្ដើមតាំងពីពេលនេះតែម្ដង។

ការលើកឡើងនេះបានកើតឡើងចំពេលដែលការគាំទ្ររបស់សាធារណជនអាមេរិកចំពោះអ៊ីស្រាអែល មានការធ្លាក់ចុះ ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សា កាលពីឆ្នាំ ២០២៣ និងការផ្ទុះសង្គ្រាមផ្ទាល់ជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក Netanyahu បានបន្ទោសការធ្លាក់ចុះនៃការគាំទ្រនេះទៅលើ «ការកើនឡើងយ៉ាងខ្លាំងនៃបណ្ដាញសង្គម» ដែលលោកអះអាងថា ត្រូវបានប្រទេសមួយចំនួនប្រើប្រាស់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ៊ីស្រាអែល។

ពាក់ព័ន្ធនឹងស្ថានភាពសង្គ្រាមជាមួយអ៊ីរ៉ង់ លោក Netanyahu បានទទួលស្គាល់ថា កងទ័ពអ៊ីស្រាអែលទើបតែដឹងច្បាស់ពីសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz បន្ទាប់ពីសង្គ្រាមបានចាប់ផ្ដើមប៉ុណ្ណោះ។ ទោះជាលោកបដិសេធមិនពិភាក្សាអំពីផែនការយោធា ឬកាលវិភាគវាយប្រហារបន្តក៏ដោយ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើរបបដឹកនាំអ៊ីរ៉ង់ត្រូវបានផ្ដួលរំលំ វានឹងក្លាយជាទីបញ្ចប់របស់ក្រុមហេសបូឡា , ក្រុមហាម៉ាស និងក្រុមហ៊ូធី ព្រោះបណ្ដាញភ្នាក់ងារភេរវកម្មដែលអ៊ីរ៉ង់បានបង្កើតឡើងនឹងត្រូវរលាយសាបសូន្យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

នាយករដ្ឋមន្ត្រី កាតា ប្រាប់​អ៊ីរ៉ង់​​កុំ​ឲ្យ​យក​ច្រកសមុទ្រ Hormuz ធ្វើជាសន្លឹកបៀនយោបាយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម