ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ
អភិបាលក្រុងញូយ៉ក ដែលជាអ្នកគោរពសាសនាឥស្លាម លោក Zohran Mamdani បានថ្លែងថា លោកកំពុងសិក្សាស្វែងរកលទ្ធភាពតាមផ្លូវច្បាប់ ក្នុងការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលជាប់បណ្តឹងដីកាចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅពេលដែលមេដឹកនាំរូបនេះធ្វើដំណើរមកកាន់ទីក្រុងញូយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងខែកញ្ញាខាងមុខ។
ការប្រកាសនេះ ហាក់ផ្ទុយទាំងស្រុងចំពោះជំហរក្រសួងការបរទេសអាមេរិក ដែលកំពុងធ្វើយុទ្ធនាការដាក់ឲ្យតុលាការ ICC ឲ្យកាន់តែឯកោ។

លោក Mamdani ដែលបានចាត់ទុកយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សាថា ជាអំពើប្រល័យពូជសាសន៍នោះ បានប្តេជ្ញាកាលពីអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជាអភិបាលក្រុងរបស់លោកកាលពីឆ្នាំមុនថា នឹងចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ប្រសិនបើមេដឹកនាំរូបនេះមកកាន់ទីក្រុងញូយ៉ក។ នៅក្នុងកម្មវិធីផតខាស «The Interview» របស់កាសែត The New York Times ដែលបានផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា អភិបាលក្រុងរូបនេះត្រូវបានគេសួរថា តើលោកនៅតែមានបំណងបំពេញតាមការសន្យានោះដែរឬទេ។
លោកបានឆ្លើយតប ដោយយោងទៅលើទីស្នាក់ការរបស់តុលាការ ICC ថា «ខ្ញុំជឿជាក់ថា នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ គួរតែទៅស្ថិតនៅតុលាការទីក្រុងឡាអេ។ គាត់គឺជាឧក្រិដ្ឋជនសង្រ្គាមម្នាក់ដែលត្រូវបានចោទប្រកាន់ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយអ្វីដែលអ្នកនឹងរកឃើញនោះគឺថា វាក៏ជាមតិដែលមនុស្សជាច្រើនយល់ឃើញដូចគ្នាដែរ ដោយសារតែសកម្មភាពដែលគាត់បានធ្វើក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។
ជាទូទៅ តំណាងដែលមានការទទួលស្គាល់ជាផ្លូវការនៃរដ្ឋជាសមាជិក ត្រូវបានផ្តល់អភ័យឯកសិទ្ធិការទូត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរបស់អង្គការសហប្រជាជាតិ ប៉ុន្តែលោក Mamdani បាននិយាយថា លោកកំពុងស្ថិតក្នុងការពិភាក្សាយ៉ាងសកម្ម ជាមួយនាយកដ្ឋានច្បាប់របស់ទីក្រុង អំពីជម្រើសផ្លូវច្បាប់ដែលអាចធ្វើទៅបាន។ លោកបានបន្ថែមថា «អ្វីក៏ដោយដែលច្បាប់អនុញ្ញាតឲ្យខ្ញុំធ្វើនៅក្នុងទីក្រុងញូយ៉ក នោះហើយជាអ្វីដែលយើងនឹងធ្វើ ប៉ុន្តែយើងនឹងមិនបង្កើតច្បាប់ផ្ទាល់ខ្លួនសម្រាប់គោលបំណងនោះឡើយ»។
ដោយឡែក នៅក្នុងបទសម្ភាសន៍តាមវិទ្យុនាពេលថ្មីៗនេះ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកមិនមានការព្រួយបារម្ភចំពោះការគំរាមកំហែងឃាត់ខ្លួនរបស់លោក Mamdani នោះទេ ដោយបានចោទប្រកាន់អភិបាលក្រុងញូយ៉ករូបនេះថាជា អ្នកគាំទ្រក្រុមហាម៉ាស និងស្អប់អាមេរិក។
សូមបញ្ជាក់ដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនជាផ្លូវការមួយ ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក។ បទចោទប្រកាន់ចម្បងគឺ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតំបន់ហ្គាហ្សា ដោយតុលាការរកឃើញថា អ៊ីស្រាអែលបានប្រើប្រាស់ការកាត់ផ្តាច់ស្បៀងអាហារ និងធ្វើឲ្យប្រជាជនអត់ឃ្លាន ជាវិធីសាស្ត្រមួយក្នុងការធ្វើសង្រ្គាម៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


