កាន់តំណែងមិនដល់មួយសប្តាហ៍ផង ប្រធានាធិបតីប៉េរូចុះចេញវិញ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តំណែងមិនដល់មួយសប្តាហ៍ផង ប្រធានាធិបតីប៉េរូចុះចេញវិញ

Published

on

ប្រធានាធិបតីស្តីទីរបស់ប្រទេសប៉េរូបានលាលែងពីតំណែង មួយថ្ងៃបន្ទាប់ពីមនុស្សពីរនាក់បានស្លាប់ក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់។

លោក Manuel Merino ដែលជាអតីតប្រធានសភាបានចូលកាន់តំណែងនេះមិនដល់មួយសប្តាហ៍ផង។

ប្រធានាធិបតីស្តីទីរបស់ប្រទេសប៉េរូលោក Manuel Merino

គាត់បានជំនួសតំណែងលោកប្រធានាធិបតី Martín Vizcarra បន្ទាប់ពីគាត់ត្រូវបានប្តឹងចោទប្រកាន់កាលពីថ្ងៃចន្ទសប្តាហ៍មុនលើបទចោទប្រកាន់ស៊ីសំណូកដែលគាត់បានបដិសេធ។

អ្នកនយោបាយជាន់ខ្ពស់នានាបានអំពាវនាវឲ្យលោក Merino លាលែងពីតំណែងបន្ទាប់ពីមានការបង្ក្រាបដោយហិង្សាទៅលើបាតុកម្មប្រឆាំងនឹងរូបគាត់។

រដ្ឋមន្រ្តីចំនួន១២រូបមកពីគណៈរដ្ឋមន្ត្រីដែលត្រូវបានតែងតាំងថ្មីៗនេះក៏បានលាលែងផងដែរកាលពីព្រឹកថ្ងៃអាទិត្យដើម្បីប្រឆាំងនឹងភាពសាហាវឃោរឃៅរបស់ប៉ូលិសនិងការដោះស្រាយវិបត្តិរបស់គាត់។

អតីតប្រធានាធិបតីប៉េរូលោក Martín Vizcarra

ទោះបីជាយ៉ាងណាក៏ដោយ បាតុកររាប់ម៉ឺននាក់ដែលភាគច្រើនជាយុវជនបានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងការដកលោក Vizcarra ចេញពីតំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ពួកគេចោទសភាថាបានធ្វើរដ្ឋប្រហារសភា។ លោក Vizcarra អាយុ៥៧ឆ្នាំបានទទួលការគាំទ្រជាបន្តពីក្នុងចំណោមអ្នកបោះឆ្នោតជាច្រើនចំពោះការប៉ុនប៉ងរបស់គាត់ក្នុងការធ្វើកំណែទម្រង់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម