Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា ពលរដ្ឋនៅហ្គាហ្សា ប្រឈមស្លាប់ដោយសារជំងឺ ច្រើនជាងការទម្លាក់គ្រាប់បែក ទៅទៀត

បានផុស

នៅ

អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកស្រី Margaret Harris និយាយកាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកាថា មនុស្សនឹងស្លាប់ដោយសារជំងឺ ច្រើនជាងស្លាប់ដោយការទម្លាក់គ្រាប់បែកទៅទៀតនៅតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើប្រព័ន្ធសុខាភិបាលរបស់ខ្លួនមិនត្រូវបានជួសជុលទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Margaret Harris (រូបថត៖ Channel4)

អាជ្ញាធរសុខាភិបាលហ្គាហ្សា ឯកភាពចំពោះរបាយការណ៍របស់ UN ដែលនិយាយថា មនុស្សជាង១៥០០០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ដោយក្នុងនោះមានប្រហែល៤០%ជាកុមារ ខណៈគេបារម្ភថា មនុស្សច្រើននាក់ទៀតបាត់បង់ជីវិតនៅក្រោមអគារបាក់បែក រកសពមិនទាន់ឃើញ។

លោកស្រី Harris បាននិយាយក្នុងសន្និសីទ UN នៅទីក្រុងហ្សឺណែវថា “ទីបំផុត យើងនឹងឃើញមនុស្សស្លាប់ដោយសារជំងឺ ច្រើនជាងអ្វីដែលយើងកំពុងមើលឃើញពីការទម្លាក់គ្រាប់បែកទៅទៀត ប្រសិនបើយើងមិនអាចស្តារប្រព័ន្ធសុខាភិបាលនេះឡើងវិញបានទេ”។ ស្របពេលជាមួយគ្នានោះដែរ លោក​ស្រី​បានសម្តែងក្តី​ព្រួយ​បារម្ភ​ជា​ថ្មី​ម្តង​ទៀត ​អំពី​ការ​កើន​ឡើង​នៃ​ជំងឺ​ឆ្លង ជា​ពិសេស​ជំងឺ​រាក។

(រូបថត៖ AFP)

ដោយដកស្រង់របាយការណ៍របស់ UN ស្តីពីស្ថានភាពរស់នៅរបស់ជនភៀសខ្លួន នៅភាគខាងជើងតំបន់ហ្គាហ្សា លោកស្រីនិយាយថា “គ្មានថ្នាំ គ្មានសកម្មភាពចាក់វ៉ាក់សាំង គ្មានលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យ និងគ្មានអាហារ។ យើងមើលឃើញករណីជំងឺរាកកើតឡើងក្នុងចំណោមទារក មានកម្រិតខ្ពស់ណាស់”។

លោកស្រីបានពណ៌នាអំពីការដួលរលំនៃមន្ទីរពេទ្យ Al Shifa នៅភាគខាងជើង តំបន់ហ្គាហ្សា ថាជា “សោកនាដកម្ម” ហើយបានសម្តែងក្តីព្រួយបារម្ភ អំពីការឃុំខ្លួនបុគ្គលិកពេទ្យមួយចំនួនដោយកងកម្លាំងអ៊ីស្រាអែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ WHO ថា មន្ទីរពេទ្យនៅ ហ្គាហ្សា មិនមែនជាសមរភូមិ ឬទីលានប្រយុទ្ធឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម