ព័ត៌មានអន្ដរជាតិ
លោក Stoltenberg ថា ៩៩ ភាគរយទៅហើយដែល ណាតូ ជួយដល់ អ៊ុយក្រែន
ប្រទេសជាសមាជិកណាតូបានឈ្មុសឈ្មុលគាំទ្រផ្នែកយោធា ៩៩ ភាគរយទៅដល់អ៊ុយក្រែន ហើយអង្គការក៏យល់ច្បាស់ពីតម្រូវការបន្ទាន់បន្ថែមទៀតរបស់រដ្ឋាភិបាលទីក្រុងកៀវផងដែរ ។ នេះជាការលើកឡើងរបស់លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែមេសាកន្លងទៅ ។

ការអះអាងរបស់ប្រមុខអង្គការណាតូរូបនេះកើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba កាលពីថ្ងៃព្រហស្បតិ៍បានស្នើសុំឲ្យសម្ព័ន្ធមិត្តណាតូទាំងអស់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល បន្តដឹកខែលការពារដែនអាកាសបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ។
ទោះបីជា អ៊ុយក្រែនមិនមែនជាសមាជិកអង្គការណាតូក៏ដោយ ប៉ុន្តែលោក Kuleba បានអង្វរ ក ដល់ប្លុកយោធាមួយនេះឲ្យបន្តជ្រោមជ្រែងអ៊ុយក្រែនបន្ថែមទៀតផងដែរ ជាពិសេសការដឹកជញ្ជូនប្រព័ន្ធខែលការពារដែនអាកាស Patriots និងប្រព័ន្ធការពារអាកាសផ្សេងទៀតជាដើម ព្រោះថាប្រព័ន្ធអាវុធទាំងនេះគឺនឹងជួយសង្គ្រោះអាយុជីវិត សេដ្ឋកិច្ច និងទីក្រុងអ៊ុយក្រែនទាំងមូល ។

ទោះយ៉ាងណា សំណើរបស់អ៊ុយក្រែនក្នុងការចង់បានប្រព័ន្ធខែលការពារដែនអាកាសនេះ ក៏មានការថ្នាំងថ្នាក់ចិត្ត និងជំទាស់ពីប្រទេសជាសមាជិកមួយចំនួនតូចផងដែរ ។ ក្នុងនោះរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសរបស់លោកនឹងប្រឆាំងចំពោះសំណើណាមួយដែលនឹងដុតបញ្ឆេះភ្លើងសង្គ្រាមកាន់តែសន្ធោរសន្ធៅ ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏បានលើកឡើងដែរថា បច្ចុប្បន្នស្ថានភាពទំនាក់ទំនងរវាងរុស្ស៊ី និងអង្គការណាតូឈានដល់មាត់ជ្រោះនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ហើយថែមទាំងអាក្រក់ជាងកាលពីសង្គ្រាមត្រជាក់ទៅទៀត ។ អ្វីដែលនាំឲ្យភ្លើងសង្គ្រាមកាន់តែឆេះឆួលនោះ គឺដោយសារតែការពង្រីកខ្លួនរបស់ណាតូឆ្ពោះកាន់តែកៀកនឹងព្រំដែនរុស្ស៊ី ជាពិសេសក្រោយស៊ុយអែតក្លាយជាសមាជិកទី ៣២ របស់សម្ព័ន្ធភាពយោធាមួយនេះ ។
ជាការឆ្លើយតប លោក Stoltenberg បានព្រមានវាយបកទៅវិញថា ប្រទេសដែលលោកចាត់ទុកជា “មិត្តភក្តិនៅអាស៊ី” របស់រុស្ស៊ី ដូចជា ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង កំពុងខ្នះខ្នែងជួយរដ្ឋាភិបាលទីក្រុងមូស្គូឲ្យបន្តដុតបញ្ឆេះភ្លើងសង្គ្រាមលុកលុយលើអ៊ុយក្រែន ខណៈប្រមុខណាតូរូបនេះក៏បានអញ្ជើញតំណាងមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការផងដែរ ដើម្បីពិភាក្សាអំពីក្បួនយុទ្ធសាស្ត្រទប់ទល់នឹងផលវិបាកនៃសន្តិសុខពិភពលោក ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទាហាន រុស្ស៊ី រូបណាសម្លាប់បានទ័ពណាតូនៅ អ៊ុយក្រែន នឹងទទួលប្រាក់រង្វាន់ជាទីគាប់ចិត្ត

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?