ព័ត៌មានអន្ដរជាតិ
ទាហានរុស្ស៊ីរូបណា សម្លាប់បានទ័ពណាតូ នៅអ៊ុយក្រែន នឹងទទួលប្រាក់រង្វាន់ជាទីគាប់ចិត្ត
កងទ័ពរុស្ស៊ីនឹងទទួលប្រាក់រង្វាន់ជាទីគាប់ចិត្តបើសម្លាប់បានទាហានណាតូ ពេលពួកគេពិតជាត្រូវបញ្ជូនមកជួយប្រយុទ្ធឲ្យអ៊ុយក្រែនមែន។ នេះបើតាមសេចក្តីប្រកាសរបស់លោក Dmitry Medvedev។ ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ មិនបញ្ជាក់ទេថាតើ ប្រាក់រង្វាន់នោះមានតម្លៃប៉ុន្មាន។

រុស្ស៊ី កាន់តែមានកំហឹងខ្លាំងចំពោះរឿងពាក់ព័ន្ធវត្តមានទាហានណាតូ លើទឹកដីអ៊ុយក្រែន ដល់ថ្នាក់ពេលនេះ នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលផ្សាយបន្តដោយសារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែមេសា លោក Medvedev បានរិះគន់ខ្លាំងៗចំពោះអ្នកគាំទ្រទីក្រុងកៀវ នៅលោកខាងលិចថា គ្រោះកាចនឹងកើតឡើង បើទ័ពបរទេសឈានជើងដល់ដីអ៊ុយក្រែន។
លោក Medvedev ដែលបច្ចុប្បន្នក៏មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ផងដែរនោះ បានសរសេរថា “ទ័ពណាតូ នឹងក្លាយជាផ្នែកមួយនៃកងកម្លាំងធម្មតាដែលកំពុងប្រយុទ្ធប្រឆាំងយើង។ នោះហើយជាមូលហេតុដែលពួកគេ នឹងត្រូវចាត់ទុកជាសត្រូវតែមួយមុខគត់។ យើងមិនគួរចាប់អ្នកទោសទេ! ទ័ពរុស្ស៊ីណា សម្លាប់បានទ័ពណាតូ នឹងទទួលបានរង្វាន់ខ្ពស់បំផុត”។

នេះមិនមែនជាលើកដំបូងឡើយដែល ទាហានរុស្ស៊ី ត្រូវបានលើកទឹកចិត្តជាមួយការផ្តល់រង្វាន់បែបនេះ ពោលពីមុន អ្នកជំនួញនិងសកម្មជនរុស្ស៊ី ក៏ធ្លាប់ប្រកាសផ្តល់ប្រាក់រង្វាន់ផងដែរ ដល់ទាហានរូបណាដែលអាចកម្ទេចរថក្រោះ ផលិតដោយលោកខាងលិចនៅប្រទេសអ៊ុយក្រែន។
សេចក្តីប្រកាសរបស់លោក Medvedev កើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ចេញការព្រមានដោយផ្ទាល់ទៅសមភាគីបារាំង Sebastien Lecornu ថា ការបញ្ជូនទ័ពទៅអ៊ុយក្រែន នឹងបង្កមហន្តរាយដល់ទីក្រុងប៉ារីស ជាក់ជាមិនខានឡើយ។

លោក Shoigu បានព្រមានបែបនេះ ក្នុងអំឡុងការពិភាក្សាតាមទូរស័ព្ទដ៏កម្ររយៈពេលមួយម៉ោង និងជាកិច្ចសន្ទនាលើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីខែតុលាឆ្នាំ២០២២មក។
ស្របពេលបញ្ហានៅតែចាក់ស្រេះ គេនៅតែតាមមើលប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលអះអាងម្តងហើយម្តងទៀតថា លោកនៅតែចង់ឲ្យទាហានណាតូបញ្ជូនទៅអ៊ុយក្រែន ទោះលោកសង្កត់ធ្ងន់ថា ផែនការនេះ នឹងមិនកើតឡើងនាពេលអនាគតដ៏ខ្លីខាងមុខក៏ដោយ។

យ៉ាងណា សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត បានប្រកាសថា ពួកគេគ្មានគម្រោងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ព្រោះមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយក៏មិនចង់ឲ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដែរ។
ទាក់ទិនបញ្ហានេះ ទីក្រុងមូស្គូបានគំរាមមិនដាច់មាត់ឡើយថា ខ្លួននឹងចាត់ទុកកងទ័ពលោកខាងលិច និងប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេសនៅលើទឹកដីអ៊ុយក្រែន ជាគោលដៅស្របច្បាប់ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏ព្រមានផងដែរកាលពីខែមុនថា ការដាក់ពង្រាយកងកម្លាំងបរទេស នឹងរុញស្ថានការណ៍ឲ្យពុះកញ្ជ្រោល នាំទៅរកផលវិបាកដែលគ្មាននរណានឹកស្មានដល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី គំរាមថា បារាំង នឹងជួបមហន្តរាយ បើហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


