Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមសកម្មប្រយុទ្ធនៅ នីហ្សេរីយ៉ា ចាប់ជំរិតមនុស្ស ១៦០ នាក់ និងកំពុងរង់ចាំប្រាក់លោះ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៨ ខែ​ឧសភា​នេះបានឲ្យដឹងថា មនុស្សចំនួន ១០ នាក់ត្រូវបានសម្លាប់ និង ១៦០ នាក់ផ្សេងទៀត រួមទាំងកុមារផងដែរនោះ ត្រូវបានចាប់ពង្រត់ ក្នុងអំឡុងការវាយឆ្មក់ដោយក្រុមសកម្មប្រយុទ្ធ Boko Haram លើភូមិដាច់ស្រយាលមួយកន្លែងនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនីហ្សេរីយ៉ាបានជួបប្រទះការចាប់ជំរិតម្តងហើយម្តងទៀត ហើយក្រុមសកម្មប្រយុទ្ធធ្វើសកម្មភាពបែបនេះគឺដើម្បីប្រាក់លោះ ខណៈហេតុការណ៍ចាប់ជំរិតចុងក្រោយបំផុតបានកើតឡើងនៅក្នុងភូមិ Kuchi ស្រុក Munya ក្នុងរដ្ឋ Niger បានបណ្ដាលមនុស្សចំនួន ១០ នាក់ត្រូវបានសម្លាប់ និង ១៦០ នាក់ផ្សេងទៀត រួមទាំងកុមារផងដែរ ត្រូវបានចាប់ពង្រត់ ។

ក្នុងហេតុការណ៍នេះមានខ្មាន់កាំភ្លើងប្រហែល ៣០០ នាក់បានធ្វើប្រតិបត្តិការចាប់ពង្រត់ ខណៈកងកម្លាំងសន្តិសុខមិនទាន់បានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះនៅឡើយទេ ។ ហេតុការណ៍នេះមិនមែនជាលើកទីមួយ ឬលើកទីពីរនោះទេ ដែលភូមិ Kuchi ត្រូវរងការវាយប្រហារ តែនេះ​ជា​លើក​ទី​ ៥ ​ហើយ ដោយតំបន់​នេះ​តែង​រង​នូវ​ការ​ចាប់​ជំរិត​ដើម្បី​លោះ​ ប៉ុន្តែក្រុម​ចាប់​ជំរិត​មិន​ទាន់​ធ្វើការ​ទាមទារ​ណាមួយ​ទាក់ទង​នឹង​ការ​ចាប់​ជំរិត​ចុង​ក្រោយ​នេះ​នៅឡើយ​ទេ ។

បើយោងតាមអង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០២១ មក ខ្មាន់កាំភ្លើងបានវាយប្រហារភូមិ Kuchi ជាប្រចាំ ហើយថែមទាំងរំលោភស្ត្រី និងក្មេងស្រីផងដែរ ខណៈដែលការលុកលុយភូមិដោយខ្មាន់កាំភ្លើងគឺជាសញ្ញាមួយផ្សេងទៀតនៃការបរាជ័យទាំងស្រុងរបស់អាជ្ញាធរនីហ្សេរីយ៉ាក្នុងការការពារអាយុជីវិតប្រជាជន ។

គួររំឭកថា យ៉ាងហោចណាស់មានសិស្សសាលាចំនួន ១៣៧ នាក់ត្រូវបានចាប់ពង្រត់កាលពីដើមខែមីនានៅក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីក្រុមចាប់ជំរិតបានទាមទារប្រាក់ជាង ៦៧៥,០០០ ដុល្លារ ហើយបានគំរាមសម្លាប់ពួកគេទាំងអស់ ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានឆ្លើយតប ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម