Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម អំពាវនាវ​ឲ្យ​ផលិត​ដ្រូន​អត្តឃាតឲ្យ​បាន​ច្រើន​ថែម​ទៀត

បានផុស

នៅ

លោក គីម ជុងអ៊ុន (Kim Jong Un) បានអំពាវនាវឲ្យ​មានការអភិវឌ្ឍ និងការផលិត «ដ្រូន​អត្តឃាត» បន្ថែមទៀត ខណៈដែលបុរសខ្លាំង​កូរ៉េ​ខាង​ជើង​រូបនេះបាន​ចុះ​ត្រួតពិនិត្យ «ការសាកល្បងសមត្ថភាព» ដោយ​ជោគជ័យ នៃ​ដ្រូន​ប្រយុទ្ធ និងចារកម្មជាច្រើនប្រភេទ​របស់​ខ្លួន។

លោក គីម ជុងអ៊ុន កំពុង​មើល​ការ​សាកល្បង​សមត្ថភាព​ដ្រូន (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ជើង KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២៦​​ខែ​សីហា​ថា លោក គីម បានមើលការសាកល្បងនៃដ្រូន​ដែល​​បើក​ការ​វាយប្រហារ​តាម​ដែនសមុទ្រ និងដី​គោក​ជាច្រើន ដែល​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន Drone របស់កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍​សប្ដាហ៍​មុន។ KCNA ផ្សាយ​ថា ដ្រូន​ទាំងអស់​នោះបាន​ «កំណត់​អត្ត​សញ្ញាណ និង​កម្ទេច​គោលដៅ​បាន​​យ៉ាង​ត្រឹម​ត្រូវ បន្ទាប់ពីហោះហើរតាមផ្លូវកំណត់ទុកជាមុនផ្សេងៗគ្នា»។

រូបថតដែលភ្ជាប់មកជាមួយរបាយការណ៍​របស់ KCNA បានបង្ហាញ​ពី​រូបភាពមិនច្បាស់នៃ​ដ្រូន​អត្តឃាតពណ៌ស​​ចំនួន​២​គ្រឿងវាយប្រហារគោលដៅ រួមទាំងរូបភាពដ៏គួរឲ្យ​ភ្ញាក់ផ្អើលដែលបង្ហាញពី​ដ្រូន​១​គ្រឿង​បានបំផ្លាញនូវអ្វីដែលមើលទៅដូចជាគំរូនៃរថក្រោះប្រយុទ្ធ K-2 ដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូង។

(រូបភាព៖ Rodong Sinmun)

បន្ទាប់​ពី​ឃើញ​ពី​ជោគជ័យ​ និង​សារៈសំខាន់កាន់តែខ្លាំងឡើ​ង​​របស់​ដ្រូន​នៅលើសមរភូមិ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​បាននិយាយថា ការអភិវឌ្ឍ​ប្រភេទអាវុធផ្សេងៗគ្នា និង​ការបង្កើនសមត្ថភាពប្រយុទ្ធ​ជា​លំដាប់​របស់​ដ្រូន គឺ​ជា​រឿង​ចាំបាច់​​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម ដើម្បីប្រើប្រាស់នៅក្នុងកងពលថ្មើរជើងយុទ្ធសាស្ត្រ និងអង្គភាពប្រតិបត្តិការពិសេស ក៏ដូចជា​ដ្រូន​​ឈ្លបយកការណ៍យុទ្ធសាស្ត្រ និង​ដ្រូន​វាយប្រហារពហុបំណង។

សូម​បញ្ជាក់​ថា នៅឯពិព័រណ៍អាវុធ និងព្យុហយាត្រាយោធាកាលពីខែកក្កដាឆ្នាំ​២០២៣ ទីក្រុងព្យុងយ៉ាងបានបង្ហាញជាលើកដំបូងនូវ​ប្រភេទ​ដ្រូន​ថ្មីចំនួន២​ដែលមានលក្ខណៈស្រដៀងទៅនឹង​ដ្រូន Global Hawk ​ខ្នាត​ធំ និង​ដ្រូន Reaper ខ្នាតមធ្យមរបស់​សហរដ្ឋ​អាមេរិក។

កាលពីខែមករា កូរ៉េខាងជើងបាននិយាយថា ខ្លួនក៏បានសាកល្បងដ្រូន​វាយ​ប្រហារក្រោមទឹក ដែលមានសមត្ថភាព​បំពាក់​នុយក្លេអ៊ែរ ហើយ​ត្រូវបានរចនាឡើងដើម្បីកម្ទេច​នាវាកងទ័ពជើងទឹក និងកំពង់ផែ។ ការ​សាកល្បង​នេះ​ធ្វើ​ឡើង​ជាការឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹករួមគ្នាដោយកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។

មិន​ខុស​ពី​លើក​មុន ការសាកល្បង​ដ្រូន​អត្តឃាត​ចុង​ក្រោយ​នេះ បានកើតឡើង​ចំ​ពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ ដែលលោក គីម អះអាង​ថា​វា​ជា​សមយុទ្ធ​សម្រាប់ការឈ្លានពាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម