ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចេញមុខប្រកាសគាំទ្រ លីបង់ ពេញទំហឹង
ស្របពេលជម្លោះអ៊ីស្រាអែល-ហេសបូឡា កំពុងក្តៅគគុក, ស្រាប់តែប្រទេសអ៊ីរ៉ង់ បានចេញមុខប្រកាសថា ខ្លួននឹងជួយលីបង់យ៉ាងពេញទំហឹង ប្រសិនបើស្ថានការណ៍មិនធូរស្រាលទេនោះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកយកព័ត៌មាន នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធទី២៥ខែកញ្ញាឆ្នាំ២០២៤ថា «តំបន់នេះជិតធ្លាក់ចូលគ្រោះមហន្តរាយហើយ! ពិភពលោកនឹងត្រូវប្រឈមមុខជាមួយផលវិបាកវិនាសកម្ម ប្រសិនបើស្ថានការណ៍រីករាលដាលដល់ថ្នាក់គ្រប់គ្រងលែងបាន»។
ទន្ទឹមនោះ លោកថែមទាំងចោទអ៊ីស្រាអែលទៀតផងថា បានឆ្លងផុតបន្ទាត់ក្រហម និងអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ ដើម្បីស្តារសន្តិភាពនិងស្ថិរភាពឡើងវិញ។

ប្រភពជាច្រើនអះអាងថា ហេសបូឡា គឺជាកម្លាំងដៃគូរបស់អ៊ីរ៉ង់ ដែលជួយពង្រឹងអំណាចទីក្រុងតេហេរ៉ង់នៅទូទាំងតំបន់ ដូចជាបណ្តុះបណ្តាលកងជីវពលសម្ព័ន្ធមិត្ត រួមទាំងក្រុមហាម៉ាសផងដែរ ហើយក្រុមនេះតែងតែទទួលបានការគាំទ្រនិងផ្គត់ផ្គង់គ្រឿងសឹក ក៏ដូចជាហិរញ្ញវត្ថុពីសំណាក់អ៊ីរ៉ង់។
ការលើកឡើងរបស់លោក Araghchi គឺចំពេលសហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តជាច្រើន អំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល២១ថ្ងៃជាបន្ទាន់ នៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ ក្រោយកិច្ចប្រជុំដ៏តានតឹងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។

មេដឹកនាំពិភពលោក បានសម្តែងក្តីបារម្ភថា ជម្លោះនេះ កំពុងរីកធំយ៉ាងឆាប់រហ័ស ខណៈមនុស្សស្លាប់មានចំនួនកាន់តែច្រើនឡើងៗនៅក្នុងប្រទេសលីបង់ ហើយពលរដ្ឋរាប់ម៉ឺននាក់ ក៏បានភៀសខ្លួនចេញពីផ្ទះសម្បែង។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងសប្តាហ៍នេះ បានកំណត់គោលដៅទៅលើមេដឹកនាំក្រុមហេសបូឡា និងបានវាយប្រហារទីតាំងរាប់រយកន្លែងចូលជ្រៅក្នុងលីបង់ ជាកន្លែងដែលមនុស្សរាប់សិបម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ព្រំដែន ខណៈដែលក្រុមហេសបូឡាវិញក៏បានបាញ់រ៉ុកកែតជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែលផងដែរ។

សូមជម្រាបជាថ្មី, ក្រុមហេសបូឡា បានរងការវាយប្រហារយ៉ាងចាស់ដៃកាលពីពេលថ្មីៗនេះ ដោយមេបញ្ជាការជាន់ខ្ពស់មួយចំនួនរបស់ខ្លួនត្រូវសម្លាប់ ហើយឧបករណ៍ទាក់ទងរាប់ពាន់គ្រឿងដែលប្រើប្រាស់ដោយសមាជិករបស់ខ្លួន ក៏ផ្ទុះបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។
មិនត្រឹមប៉ុណ្ណឹង មន្ទីរពេទ្យនៅលីបង់ គឺពោរពេញទៅដោយអ្នករបួសចាប់តាំងពីថ្ងៃចន្ទមក បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ៥៥០នាក់ ហើយក៏ជាថ្ងៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រលីបង់ ចាប់តាំងពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅឆ្នាំ១៩៩០ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីលីបង់ ជឿថា បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា អាចសម្រេចបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


