ព័ត៌មានអន្ដរជាតិ
ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?
កាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបង្កការភ្ញាក់ផ្អើលដោយប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់បំផុត ដោយអះអាងពីភាពចាំបាច់ក្នុងការការពារប្រទេសពីក្រុមបក្សពួកកូរ៉េខាងជើងនិងកម្លាំងប្រឆាំងរដ្ឋ។

ការប្រកាសនោះបានបង្កចលាចលពេញប្រទេស ដោយនាំឲ្យប្រជាជនចេញតវ៉ា ហើយគេឃើញមានទាំងរថក្រោះនិងកងទាហាន ដាក់ពង្រាយនៅទីក្រុងសេអ៊ូលទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ មិនដល់២ម៉ោងផង ច្បាប់នេះត្រូវបានសមាជិករដ្ឋសភាកូរ៉េខាងត្បូងចំនួន១៩០រូប បោះឆ្នោតប្រឆាំងហើយ Yoon ក៏ដកច្បាប់នេះចេញវិញ។

តើច្បាប់អាជ្ញាសឹកជាអ្វី?
និយាយយ៉ាងខ្លី ច្បាប់អាជ្ញាសឹកគឺត្រូវបានអនុវត្តជាផ្លូវការ ក្នុងពេលប្រទេសមួយធ្លាក់ចូលទៅក្នុងស្ថានភាពអាសន្ន ក្រោយពេលរដ្ឋាភិបាលជាប់គាំងគ្មានប្រសិទ្ធភាពអាចធ្វើអ្វីដែលកើតឡើងក្នុងប្រទេសបាន។

ការអនុវត្តច្បាប់អាជ្ញាសឹក មានន័យថា អំណាចនឹងត្រូវប្រគល់ឲ្យយោធា ខណៈសិទ្ធិស៊ីវិលធម្មតាលែងជាអទិភាពទៀតហើយ។ តាមធម្មតា ច្បាប់អាជ្ញាសឹកគឺដាក់ជាបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែវាអាចបន្តយូរដោយគ្មានកំណត់ពេល។
ក្រោមច្បាប់នេះ យោធាអាចចាប់ខ្លួនមនុស្សដោយមិនចាំបាច់មានការចោទប្រកាន់ ខណៈសកម្មភាពនានាត្រូវបានរឹតត្បិត ក្រោមការគ្រប់គ្រងរបស់កងកម្លាំង។
ហេតុអ្វីបានជាប្រធានាធីបតីកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹក?
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក Yoon និយាយថា វិធានការនេះគឺចាំបាច់បំផុត ដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងដើម្បីកម្ចាត់ក្រុមប្រឆាំងនឹងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។
តាមពិតទៅគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងកូរ៉េខាងត្បូង បានទាស់ទែងគ្នាជាយូរមកហើយ ជាពិសេសថ្មីៗបំផុត គឺពាក់ព័ន្ធការខ្វែងគំនិតគ្នារឿងអនុម័តកញ្ចប់ថវិកាការពារជាតិនៅឆ្នាំក្រោយ និងការប្តឹងចោទប្រកាន់គណៈរដ្ឋមន្ត្រីរបស់លោក Yoon ហើយអ្វីដែលសំខាន់បំផុតគឺជុំវិញការស៊ើបអង្កេតមិនឈប់ឈរលើរឿងអាស្រូវនៃភរិយារបស់លោកតែម្តង។
តើពេលនេះស្ថានការណ៍ដើរដល់ណាហើយ?
ក្រោយដកច្បាប់អាជ្ញាសឹកវិញ ស្ថានការណ៍នៅកូរ៉េខាងត្បូង ក៏មិនទាន់ធូរស្រាលដែរ ដោយមានបាតុកម្មទាមទារឲ្យលោក Yoon ចុះចេញពីតំណែង ហើយសមាជិករដ្ឋសភាប្រមាណ៤០នាក់ បានប្រកាសថា ពួកគេត្រៀមរួចជាស្រេច ក្នុងការដាក់ពាក្យបណ្តឹង ដើម្បីប្តឹងចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

សហជីពកម្មករធំបំផុតមួយរបស់កូរ៉េខាងត្បូង គឺ KCTU បានអំពាវនាវឲ្យសមាជិករបស់ខ្លួន បន្តធ្វើកូដកម្មរហូតដល់ប្រធានាធិបតីចុះចេញពីតំណែង។
នៅក្នុងការបង្ហោះលើ Facebook, KCTU ចាត់ទុកច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក Yoon ថាជា «ឧក្រិដ្ឋកម្មនៃការបះបោរ» ហើយអំពាវនាវឲ្យសមាជិករបស់ខ្លួនជាង ១លាននាក់បន្តប្រមូលផ្តុំនៅទីក្រុងសេអ៊ូល និងទីតាំងនានាក្នុងតំបន់ផ្សេងទៀត ដើម្បីប្រឆាំងរឿងនេះ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំនាញអាមេរិក បានព្រមានថា ប្រទេសកូរ៉េខាងជើង កំពុងទាញយកប្រយោជន៍ពីអស្ថិរភាពនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលប្រទេសកូរ៉េខាងត្បូង ប្រកាសដាក់ច្បាប់អាជ្ញាសឹកចាប់តាំងពីឆ្នាំ១៩៨០មក ហើយមកដល់ពេលនេះ គេកំពុងរង់ចាំមើលថាតើ ស្ថានការណ៍នឹងវិវត្តទៅជាយ៉ាងណាជាបន្តទៀត?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តំបន់មួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ប្រកាសច្បាប់អាជ្ញាសឹក
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


