ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បារម្ភថា ចិនអាចធ្វើសមយុទ្ធអុកឡុក មុនខួបមួយឆ្នាំក្រោយការកាន់តំណែងរបស់លោក Lai
រដ្ឋាភិបាលតៃវ៉ាន់ បានព្រមានថា ចិនអាចនឹងធ្វើសមយុទ្ធយោធាថ្មីនៅក្បែរដែនកោះរបស់ខ្លួននាសប្ដាហ៍ក្រោយ ដើម្បី«បង្កបញ្ហា» មុនការអបអរខួបមួយឆ្នាំថ្ងៃ២០ឧសភាសម្រាប់ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Lai Ching-te។
អ្នកនាំពាក្យរដ្ឋាភិបាលតៃវ៉ាន់ បាននិយាយថា នេះគឺជាយុទ្ធសាស្ត្រដែលធ្លាប់ប្រើកន្លងមកដោយទីក្រុងប៉េកាំង ដើម្បីអះអាងពីជំហររបស់ខ្លួនលើអធិបតេយ្យភាពរបស់តៃវ៉ាន់។
ទន្ទឹមការបារម្ភនេះ លោក Lai Ching-te បានចុះទៅសួរសុខទុក្ខបុគ្គលិកយោធាដោយផ្ទាល់ក្នុងទីក្រុង Kaohsiung នៅថ្ងៃសុក្រទី១៦ឧសភានេះ ដោយផ្តល់ការគាំទ្រ និងលើកទឹកចិត្ត មុនពេលសមយុទ្ធយោធារបស់ចិនដែលអាចកើតមាននៅជិតកោះតៃវ៉ាន់។ ក្នុងដំណើរទស្សនកិច្ច លោក Lai បានជួបជាមួយវិស្វករកងទ័ព និងក្រុមនាវិកឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ពួកគេក្នុងវិស័យការពារជាតិ។ លោកបានកោតសរសើរចំពោះការលះបង់របស់ពួកគាត់ ដោយបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ពួកគេជួយឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារដោយសន្តិភាព និងសុភមង្គល។ លោក Lai ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីការពារជាតិ លោក Wellington Koo និងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ លោក Joseph Wu។
កន្លងមក ចិនបានហៅលោក Lai ថាជា«ជនផ្ដាច់ខ្លួន» ហើយបានបដិសេធសំណើជាច្រើនរបស់មេដឹកនាំតៃវ៉ាន់សម្រាប់ការចរចា។ លោក Lai ច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិនជុំវិញដែនកោះរបស់ខ្លួន ដោយនិយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។
ក្រសួងការពារជាតិចិន និងការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយនៅសប្តាហ៍នេះថា លោក Lai គឺជា«អ្នកបង្កើតវិបត្តិច្រកសមុទ្រតៃវ៉ាន់» ដែលបានបង្កើនការប្រឆាំង និងការប្រឈមមុខដាក់គ្នា និងធ្វើឲ្យខូចសន្តិភាព និងស្ថិរភាព។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាជាច្រើនលើកច្រើនសានៅជុំវិញតៃវ៉ាន់ តួយ៉ាងដូចជា សមយុទ្ធ«Strait Thunder» នៅក្នុងខែមេសាឆ្នាំ២០២៥ និងសមយុទ្ធ«Joint Sword» ចំនួនពីរលើកក្នុងឆ្នាំ២០២៤ ដែលលើកទីមួយធ្វើឡើងភ្លាមៗក្រោយលោក Lai ឡើងកាន់តំណែងជាប្រធានាធិបតី និងមួយលើកទៀតនៅក្នុងខែតុលា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


