ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន នៅតែមិនអាចរកសន្តិភាពបាន ប៉ុន្តែសម្រេចលើ ២ចំណុច
ជំនួបទល់មុខលើកទី២រវាងគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី បានបញ្ចប់ទៅហើយក្រោយចាយពេលអស់ជាងមួយម៉ោង ដោយគ្មានការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពឡើយ ប៉ុន្តែភាគីទាំងសងខាង ឯកភាពគ្នាលើ២ចំណុច នោះគឺការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងការប្រគល់សពទាហានដើម្បីយកទៅបញ្ចុះឲ្យបានសមរម្យ។

តាមការចុះផ្សាយរបស់ BBC, ភាគីទាំងសងខាងសុទ្ធតែច្រានចោលបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌទើបមិនអាចធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពលេចចេញជារូបរាងបាន។ យ៉ាងណា ក្នុងអំឡុងពេលនោះ រុស្ស៊ីបានស្នើឲ្យមានបទឈប់បាញ់រយៈពេល២-៣ថ្ងៃនៅតំបន់សមរភូមិជួរមុខផងដែរ ប៉ុន្តែមិនបញ្ជាក់លម្អិតឡើយ។
ថ្លែងក្នុងសន្និសីទខ្លីមួយបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov ដែលដឹកនាំក្រុមចរចារបស់ទីក្រុងកៀវ បាននិយាយថា អ៊ុយក្រែនទទូចលើ «បទឈប់បាញ់ពេញលេញ» និង «គ្មានលក្ខខណ្ឌ» យ៉ាងហោចណាស់៣០ថ្ងៃទាំងនៅលើដីគោក ដែនសមុទ្រ និងអាកាស ដើម្បី «បញ្ចប់ការកាប់សម្លាប់ឥឡូវនេះ»។ អ៊ុយក្រែនបានប្រគល់សំណើបទឈប់បាញ់របស់ខ្លួនទៅឲ្យប្រទេសរុស្ស៊ីតាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ ប៉ុន្តែទីក្រុងមូស្គូមិនព្រមធ្វើតាម។

មូលហេតុនៅពីក្រោយ ការបដិសេធរបស់រុស្ស៊ីលើបទឈប់បាញ់នេះគឺដោយសារទីក្រុងមូស្គូ នៅតែប្រកាន់ជំហរទាមទារឲ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ចំនួនបួននៅភាគនិរតី និងបញ្ឈប់ការចល័តទាហានជាមុនសិន។ រុស្ស៊ីក៏ទាមទារឲ្យមានការទទួលស្គាល់ជាអន្តរជាតិលើតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ព្រមទាំងឧបទ្វីបគ្រីមៀផងដែរ។
លក្ខខណ្ឌផ្សេងទៀតរួមមាន ការហាមឃាត់សមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការណាតូ ការកំណត់ទំហំកងទ័ពអ៊ុយក្រែន យកភាសារុស្ស៊ីប្រើជាភាសាផ្លូវការ និងការដកទណ្ឌកម្មអន្តរជាតិលើរុស្ស៊ី។

ដោយឡែកតាមការចុះផ្សាយរបស់ RT វិញ, ដ្បិតមិនឯកភាពលើបទឈប់បាញ់រយៈពេលយូរ តែប្រមុខគណៈប្រតិភូរុស្ស៊ីលោក Vladimir Medinsky និយាយក្នុងសន្និសីទកាសែតថា «ភាគីទាំងពីរនឹងមានការដោះដូរឈ្លើយសឹកគ្នាយ៉ាងតិចម្ខាង១ ០០០នាក់ ប៉ុន្តែតួលេខនេះអាចប្រែប្រួលតាមការជាក់ស្តែង។ ម្យ៉ាងវិញទៀត នៅសប្តាហ៍ក្រោយ រុស្ស៊ីក៏នឹងប្រគល់សពទាហានអ៊ុយក្រែន ៦ ០០០នាក់ទៅឲ្យទីក្រុងកៀវ ផងដែរ ដើម្បីយកទៅបញ្ចុះឲ្យបានសមរម្យ»។
សូមជម្រាបជាថ្មី, កាលពីជំនួបដោយផ្ទាល់លើកទីមួយនៅថ្ងៃទី១៦ខែឧសភា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដដែលនេះ បានចាយពេលជិត២ម៉ោង ប៉ុន្តែក៏មិនទទួលលទ្ធផលគាប់ប្រសើរ ក្នុងការឈានដល់បញ្ចប់សង្គ្រាមដែរ។ យ៉ាងណា ភាគីទាំងពីរបានឯកភាពដោះដូរឈ្លើយសឹកគ្នាម្ខាង ១ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ទម្លាយមូលហេតុដែល ហ្សេលេនស្គី ស្វះស្វែងឲ្យមានកិច្ចប្រជុំត្រីភាគី ជាមួយ ពូទីន និងត្រាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


