Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី វាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់អ៊ុយក្រែន ជាការសងសឹក

បានផុស

នៅ

ប្រទេសរុស្ស៊ី បានប្រកាសពីការវាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់របស់អ៊ុយក្រែន ដើម្បីស​ងសឹកចំពោះប្រតិបត្តិការ «សំណាញ់ពីងពាង» របស់ទីក្រុងកៀវ ដែលបាញ់លើមូលដ្ឋានទ័ពរបស់ខ្លួន។

ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, សេចក្តីប្រកាសនេះធ្វើឡើងដោយក្រសួងការពារជាតិរុស្ស៊ី ក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃអង្គារទី៣ខែមិថុនាឆ្នាំ២០២៥។

ក្រសួងប្រកាសថា កងកម្លាំងរបស់ខ្លួនបានបាញ់ទាំងមីស៊ីលនិងដ្រូន ដោយផ្តោតសំខាន់លើរោងចក្រផលិតដ្រូននិងរ៉ាដា ព្រមទាំងទីតាំងបង្ហោះដ្រូន ឃ្លាំងគ្រាប់ ក៏ដូចជាមូលដ្ឋានទ័ពអ៊ុយក្រែននិងទាហានស៊ីឈ្នួលផងដែរ។

ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់ទីតាំងជាក់លាក់នៃប្រតិបត្តិការវាយប្រហារនេះឡើយ។

នេះគឺជាការសងសឹកមួយទៀត បន្ទាប់ពី រុស្ស៊ីក៏បាញ់ស្រោចទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារផងដែរ ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងបង្កការខូចខាតធំធេង។

ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)

នៅស្រុក Kramatorsk នៃតំបន់ Donetsk មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ចំនួន៣នាក់និងរបួស២នាក់ ដោយសារគ្រាប់រុស្ស៊ី ចំណែកនៅ Kharkiv​ មានមនុស្សម្នាក់ស្លាប់និងម្នាក់របួស ខណៈនៅ Chernihiv ក៏មានមនុស្សស្លាប់និងរបួសផងដែរ ប៉ុន្តែមិនបង្ហាញតួលេខជាក់លាក់។

ទន្ទឹមនោះ នៅទីក្រុង Odesa ឯណោះ មនុស្ស៤នាក់បានរងរបួស ដោយសារអគ្គិភ័យបានឆាបឆេះក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ រួមទាំងនៅឃ្លាំងស្តុកផលិតផលអាហារផងដែរ។

ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន (រូបថត៖ Reuters)

សូមជម្រាបជាថ្មី អ៊ុយក្រែន បានបញ្ជូនដ្រូនទៅវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន៥កន្លែងតំបន់ Murmansk នៅភាគខាងជើង, Ivanovo និង Ryazan នៅភាគកណ្តាល, Irkutsk នៅស៊ីបេរី និង Amur នៅចុងបូព៌ា ហើយវាគឺជាលើកដំបូងដែលអ៊ុយក្រែន វាយចូលដល់តំបន់ស៊ីបេរីនិងចុងបូព៌ា ក្នុងសង្គ្រាមរយៈពេលជាង៣ឆ្នាំមកនេះ។ 

តាមការអះអាងរបស់អ៊ុយក្រែន ខ្លួនបានកម្ទេចយន្តហោះចម្បាំងប្រភេទ Tu-95, Tu-22M និង A-50 សរុបចូលគ្នាអស់៤០គ្រឿង ប៉ុន្តែក្រោយមករូបភាពផ្កាយរណបបង្ហាញថា រុស្ស៊ីខ្ទេចយន្តហោះអស់ត្រឹម១៤គ្រឿងប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម