Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​អ្នកកាសែត Al Jazeera ៥នាក់នៅហ្គាហ្សា ហើយ​ម្នាក់​ត្រូវ​ចោទ​ថាជា​បក្ខពួក​ក្រុម​ហាម៉ាស

បានផុស

នៅ

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពី​ថ្ងៃអាទិត្យ​ទី​១០​ខែ​សីហា​ឆ្នាំ​២០២៥ បានសម្លាប់អ្នកកាសែត Al Jazeera ចំនួន​៥​នាក់នៅជិតមន្ទីរពេទ្យ al-Shifa ក្នុងទីក្រុង​ហ្គាហ្សា ដោយ​ក្នុង​នោះ​មាន​​អ្នក​រាយការណ៍​ព័ត៌មាន​ម្នាក់​ឈ្មោះ Anas Al Sharif ដែល​ត្រូវ​អ៊ីស្រាអែល​ចោទ​ប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស។

លោក Anas Al Sharif (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារ​បានកំណត់​គោលដៅ​លើតង់មួយ​កន្លែង​នៅខាងក្រៅមន្ទីរពេទ្យ ដែល​បានបណ្តាល​ឲ្យ​មនុស្សស្លាប់សរុបចំនួន​៧​នាក់។

យោធា​អ៊ីស្រាអែល​បាន​ទទួល​ស្គាល់​ថា​បាន​កំណត់​គោលដៅ​លើ​ក្រុម​របស់​លោក Al Sharif ប្រាកដមែន ដោយ​អះអាង​ថា ​អ្នក​យក​ព័ត៌មាន​ Al Jazeera រូប​នេះ​បាន​ដឹកនាំ​ក្រុម​ហាម៉ាស​​​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​លើ​ជន​ស៊ីវិល និង​ទាហាន​អ៊ីស្រាអែល។ យោធា​អ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «Anas Al Sharif បានបម្រើការជាប្រធានភ្នាក់ងារ​ភេរវករនៅក្នុងក្រុម​ហាម៉ាស និងបានចូលរួមនៅក្នុងការរៀបចំការវាយប្រហារដោយគ្រាប់រ៉ុកកែត»។

Al Jazeera បានកំណត់អត្តសញ្ញាណជនរងគ្រោះផ្សេងទៀត​មាន​ដូចជា Mohammed Qreiqeh, Ibrahim Zaher, Mohammed Noufal, Moamen Aliwa និង Mohammed Noufal ទាំងអស់សុទ្ធ​តែ​ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតែ​មួយ។

នៅ​មុនការវាយប្រហារ លោក Al Sharif បានបង្ហោះនៅលើ​​បណ្ដាញ​សង្គម​ X អំពីការបង្កើនការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅក្នុងទីក្រុង​ហ្គាហ្សា។ វីដេអូចុងក្រោយរបស់គាត់ បានចាប់យករូប​ភាព​នៃ​ការ​បំផ្ទុះឥតឈប់ឈរ​ទាំង​យប់​របស់​អ៊ីស្រាអែល អម​ជាមួយ​ឃ្លា​ថា «ការទម្លាក់គ្រាប់បែកមិនឈប់​រយៈពេលពីរម៉ោងកន្លងមកនេះ—ការឈ្លានពានរបស់អ៊ីស្រាអែលលើទីក្រុង​ហ្គាហ្សា​បានកើនឡើង​ខ្លាំង​ហើយ»។

ការសម្លាប់នេះ បានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីអ្នកតស៊ូមតិសេរីភាពសារព័ត៌មាន។ ក្រុមអ្នកកាសែតប៉ាឡេស្ទីន បានហៅវាថាជាការបំផ្លិចបំផ្លាញដល់សេរីភាពសារព័ត៌មាន ខណៈដែលគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ធ្លាប់បានព្រមានពីការគំរាមកំហែងដល់សុវត្ថិភាពរបស់លោក Al Sharif។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Irene Khan កាល​ពី​ខែ​មុន​ធ្លាប់​បានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលប្រឆាំងនឹងលោក Al Sharif ថា«មិនមានភស្តុតាង»។

សូម​បញ្ជាក់​ថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅខែតុលា​ឆ្នាំ​២០២៣ អ៊ីស្រាអែល​ជា​រឿយៗ​បានចោទប្រកាន់អ្នកកាសែតប៉ាឡេស្ទីនម្តងហើយម្តងទៀតអំពីទំនាក់ទំនងជាមួយ​​ក្រុម​ហាម៉ាស ខណៈ​​តួ​លេខ​​សរុប​នៃ​អ្នក​កាសែត​ដែល​បាត់បង់​ជីវិត​នៅ​ហ្គាហ្សា ហក់​ឡើង​ដល់ ២៣៧​នាក់៕

(រូបថត៖ Al Jazeera)

ដោយ៖ ឈាង

ចុចអាន​៖ ណេតាន់យ៉ាហ៊ូ រង​ការ​រិះគន់​ជុំទិស​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ UN អំពី​ផែនការ​​វាយ​យក​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម