Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី​ នឹង​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​នៅ​ខែ​កញ្ញា ដូចអង់គ្លេស បារាំង និង​កាណាដា

បានផុស

នៅ

នៅ​ឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា​ខាង​មុខ រដ្ឋាភិបាល​អូស្ត្រាលីនឹង​ប្រកាស​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​​លោក​នាយករដ្ឋមន្ត្រី Anthony Albanese នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែ​សីហា​ឆ្នាំ​២០២៥។

លោក Anthony Albanese (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ ធ្វើ​ឡើង​​ដូចគ្នា​ទៅ​នឹង​​ការ​សម្រេច​ចិត្ត​របស់ចក្រភពអង់គ្លេស បារាំង និងកាណាដា ដើម្បី​គាំទ្រ​រដ្ឋ​ប៉ាឡេស្ទីន និង​ដំណោះស្រាយ​រដ្ឋ​ពីរ​នៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល។

លោក Albanese បានលើក​ឡើង​ថា ការសម្រេចចិត្តនេះ ធ្វើឡើងតាម«ការប្តេជ្ញាចិត្តរបស់អាជ្ញាធរប៉ាឡេស្ទីន» ដែលថា ក្រុមហាម៉ាសនឹងមិនមានតួនាទីនៅក្នុងរដ្ឋប៉ាឡេស្ទីននាពេលអនាគតនោះទេ។ លោកបាន​បន្ថែម​ថា «ដំណោះស្រាយរដ្ឋពីរ គឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់មនុស្សជាតិ ក្នុងការបំបែកវដ្តនៃអំពើហិង្សានៅមជ្ឈិមបូព៌ា និងបញ្ចប់ការរងទុក្ខវេទនា និងការ​ស្រេក​ឃ្លាននៅហ្គាហ្សា»។

អាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងផ្នែកខ្លះនៃតំបន់ West Bank បានស្វាគមន៍ការ​គាំទ្រ​របស់​អន្តរជាតិ​នេះ​ ដោយ​ថា​ វា​ជាព័ស្តុតាងនៃ «ការបង្កើនការគាំទ្រជាសកលសម្រាប់រដ្ឋប៉ាឡេស្ទីន»។

លោក Albanese បាននិយាយថា លោកបានពិគ្រោះជាមួយមេដឹកនាំមកពីចក្រភពអង់គ្លេស បារាំង នូវែលសេឡង់ និងជប៉ុន មុនពេលបញ្ចប់ការសម្រេចចិត្តនេះ។ ចំណាត់ការ​នេះ បង្ហាញពីការផ្លាស់ប្តូរ​ជំហរ​ការទូតកាន់តែទូលំទូលាយ ក្នុងចំណោមប្រទេសលោកខាងលិចឆ្ពោះទៅរកការគាបសង្កត់អ៊ីស្រាអែល ឲ្យ​ទទួលយកកិច្ចព្រមព្រៀងសន្តិភាព។

សេចក្តីប្រកាសនេះ បានទាញ​​ប្រតិកម្មភ្លាមៗពីអ៊ីស្រាអែល ដែលហៅការទទួលស្គាល់ថាជា «រង្វាន់សម្រាប់អំពើភេរវកម្ម» បន្ទាប់ពីការវាយប្រហារថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣ របស់ក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១ ២០០​នាក់ និង​ចាប់​​ខ្លួន​មនុស្ស ២៥១​នាក់​ធ្វើជាចំណាប់ខ្មាំង។

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស យុទ្ធនាការយោធាដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅហ្គាហ្សាចាប់តាំងពីពេលនោះមក បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦១ ០០០​នាក់ ក្នុង​នោះ​មាន​ ២១៧​នាក់​បាត់បង់​ជីវិត​ដោយសារការ​ស្រេក​ឃ្លាន ខណៈដែលស្ថានភាពទុរ្ភិក្សកាន់តែអាក្រក់ទៅៗ៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ ណេតាន់យ៉ាហ៊ូ រង​ការ​រិះគន់​ជុំទិស​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ UN អំពី​ផែនការ​​វាយ​យក​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម