Connect with us

ព័ត៌មានអន្ដរជាតិ

ចិនត្រៀមជម្លៀសប្រជាជន ៤០០ ០០០ នាក់ ដោយសារទីហ្វុង រ៉ាហ្កាហ្សា

បានផុស

នៅ

អាជ្ញាធរទីក្រុង Shenzhen របស់ចិន ក្បែរទីក្រុងហុងកុង គ្រោងជម្លៀសប្រជាជនប្រមាណ ៤០០ ០០០ នាក់ ខណៈព្យុះទីហ្វុង រ៉ាហ្កាហ្សា ដែលជាព្យុះដ៏កំណាចបំផុតប្រចាំឆ្នាំ ២០២៥ កំពុងបក់បោកភាគខាងជើងនៃកោះលូហ្ស៊ន ប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ AFP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមល្ងាចម៉ោង ៦ ថ្ងៃចន្ទនេះ រ៉ាហ្កាហ្សា កំពុងបក់បោកក្នុងល្បឿនខ្យល់ ២៦០ គីឡូម៉ែត្រ​/ម៉ោង ជាមួយនឹង​កម្លាំងខ្យល់កន្រ្តាក់លើសពី ៣០០ គីឡូម៉ែត្រ/ម៉ោង និងបង្កភ្លៀងធ្លាក់ខ្លាំងនៅកោះលូហ្ស៊ន និងប្រជុំកោះ Bayuyan របស់ហ្វីលីពីន ខណៈគេព្យាករថា វានឹង​សំដៅទៅភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុងហុងកុង ក្រុងម៉ាកាវ ខេត្តក្វាងទុង ខេត្តក្វាងស៊ី កោះហៃណាន់ និងភាគខាងជើងនៃប្រទេសវៀតណាម ដោយឥទ្ធិពលខ្លាំងចាប់ផ្ដើមពីថ្ងៃអង្គារតទៅ។

ដោយសារតែទីហ្វុង រ៉ាហ្កាហ្សា វាយប្រហារមិនវាយប្រហារចំតំបន់សម្បូរមនុស្សរស់នៅ ទើប​មាន​ប្រជាជនតែប្រហែល ១០ ០០០ នាក់ប៉ុណ្ណោះ ដែលត្រូវបាន​ជម្លៀសទូទាំងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះ។

យ៉ាងណាមិញ អាជ្ញាធរចិន​ក្នុងក្រុង Shenzhen ក្នុងខេត្តក្វាងទុង ឯណោះវិញ បាន​និយាយថា ពួកគេកំពុងត្រៀមជម្លៀសប្រជាជនរាប់សែននាក់ពីតំបន់ឆ្នេរ និងតំបន់ទំនាប។ បណ្ដាក្រុងក្នុងខេត្តក្វាងទុងផ្សេងទៀត បាន​ប្រកាសថានឹង​បិទសាលា និងប្រតិបត្តិការដឹកជញ្ជូនសាធារណៈ នៅពេលទីហ្វុងចាប់ផ្ដើមវាយប្រហារ។

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific នៅទីក្រុងហុងកុងឯណោះវិញ គ្រោងនឹង​លុបចោលការហោះហើររហូតដល់ទៅ ៥០០ ជើង ចំពេលដែល រ៉ាហ្កាហ្សា រំពឹងថានឹង​គំរាមកំហែងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍នេះ ​បាន​និយាយ​ថា ​ជើង​ហោះ​ហើរ​របស់​អ្នក​ដំណើរ​ចេញ និងចូល​​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ​នឹង​ត្រូវ​ផ្អាក​ចាប់​ពី​ម៉ោង ៦ ល្ងាច ថ្ងៃអង្គារ តទៅ ហើយបន្តបើកឡើងវិញនៅថ្ងៃព្រហស្បតិ៍។

គួរគូសបញ្ជាក់ថា បណ្ដាប្រទេសនានាជុំវិញសមុទ្រចិនខាងត្បូង ពោលគឺតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច រួមទាំងហ្វីលីពីន តៃវ៉ាន់ ចិន​ និងវៀតណាម ងាយប្រឈមមុខនឹង​ព្យុះទីហ្វុង ឬសង្ឈរា ជារៀលរាល់ឆ្នាំ ដែលនាំមកនូវខ្យល់បក់បោកខ្លាំងកម្រិតគ្រោះថ្នាក់ ភ្លៀងធ្លាក់ជោគជាំ ជំនោរសមុទ្រពីព្យុះ ជំនន់ទឹកភ្លៀងភ្លាមៗ និងការរអិលបាក់ដី ជាដើម ដែលប៉ះពាល់ខ្លាំងដល់ទ្រព្យសម្បត្តិ និងអាយុជីវិត។

ទីហ្វុង រ៉ាហ្កាហ្សា បាន​ក្លាយជាព្យុះដ៏កំណាចខ្លាំងក្លាបំផុតប្រចាំឆ្នាំ ២០២៥ កាលពីយប់ថ្ងៃអាទិត្យ ដោយ​វ៉ាដាច់ព្យុះសង្ឃរា អ៊ឺរីន ដែលបក់បោកនៅមហាសមុទ្រអាត្លង់ទិកខាងជើង កាលពីពាក់កណ្ដាលខែសីហា។ ជាមួយ​នឹង​កម្លាំងខ្យល់បក់បោក ២៧០ គីឡូម៉ែត្រ/ម៉ោង ឬស្មើនឹង​ទីហ្វុងកំណាចកម្រិត ៥ (Super Typhoon) សម្ពាធបរិយាកាសរបស់ រ៉ាហ្កាហ្សា បាន​ធ្លាក់ចុះទាបរហូតដល់ទៅ ៩១០ ហិចតូប៉ាស្កាល់ (hPa) ធៀបនឹង​សម្ពាធបរិយាកាសរបស់ អ៊ឺរីន ត្រឹម​ ៩១៧ hPa៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម