នៅពេលដែលមានការរហែកសំបកទ្រនាប់ឆ្អឹងកង បណ្តាលឲ្យផ្នែកកណ្តាលនៃទ្រនាប់ឆ្អឹងកង (nucleus) លូនចេញមកសង្កត់ទៅលើសរសៃវិញ្ញាណ (Nerve root) ដែលតភ្ជាប់ពីខួរឆ្អឹងខ្នង បណ្តាលឲ្យមានការរំខាន និងឈឺចុកចាប់តាមតំបន់ ដែលសរសៃវិញ្ញាណនោះគ្រប់គ្រង។
ទ្រនាប់ឆ្អឹងកង (Disc) គឺជាបន្ទះថាសទន់ ដែលស្ថិតនៅចន្លោះឆ្អឹងកង(ក ខ្នង និងចង្កេះ) ថាសទន់នេះ ដើរតួជាអ្នកសម្រួលឲ្យមានការបត់បែនរបស់ឆ្អឹងកង។ សរសៃវិញ្ញាណ (Nerve root) តភ្ជាប់ពីខួរឆ្អឹងកង (Spinal cord)ទៅកាន់សរីរាង្គផ្សេងៗ វាមានតួនាទីទទួលការដឹង និងធ្វើឲ្យមានចលនារបស់សរីរាង្គ។ ជាទូទៅទ្រនាប់ឆ្អឹងកង ដែលលៀនចេញតិចតួច មិនបង្កឲ្យមានការឈឺចុកចាប់ទេ។ ការឈឺចាប់កើតឡើងដរាបណា ភ្នាសនៅផ្នែកខាងក្រៅនៃខួរឆ្អឹងកង ឬសរសៃប្រសាទឆ្អឹងខ្នងទទួលរងការសង្កត់ ឬមានការរលាក។
ក) កត្តាហានិភ័យ (Risk factor)
កត្តាដែលប្រឈមនឹងជំងឺនេះមាន
– អាយុ៖ ចន្លោះ ៣៥ ទៅ ៤៥ឆ្នាំ ដោយសារតែការវិវត្តន៍ទ្រុឌទ្រោមរបស់ឌីស
– ទម្ងន់៖ បង្កឲ្យមានសម្ពាធបន្ថែមទៀតទៅលើឌីស
– ការជក់បារី៖ បន្ថយកម្រិតអុកស៊ីហ្សែនក្នុងឈាម ដែលបន្ថយសារធាតុចិញ្ចឹមសំខាន់សម្រាប់សារពាង្គកាយ និងទ្រនាប់ឆ្អឹងកង
– កម្ពស់៖ បុរសខ្ពស់ជាង ១៨០ ស.ម និងស្ត្រីខ្ពស់ជាង ១៧០ ស.ម
– ការងារដែលតម្រូវឲ្យធ្វើចលនាច្រំដែលដូចជា អង្គុយ ឈរ ដើរច្រើន។ល។
ខ) រោគសញ្ញា
១. ការលានឌីសផ្នែកឆ្អឹងកងក រោគសញ្ញារួមមាន ការឈឺក្រហាយពើតស្ពឹកឬខ្សោយសាច់ដុំនៅម្តុំ ក ស្មា ដើមដៃ កំភួន និងរាលដាលដល់ដៃ ម្រាមដៃ។ល។
២. ការលៀនឌីសផ្នែកឆ្អឹងកងចង្កេះ រោគសញ្ញារួមមានការឈឺពើតក្រហាយស្ពឹកឬខ្សោយសាច់ដុំ នៅចង្កេះរាលដាលមកត្រគាកភ្លៅកំភួនជើង និងចុងជើង។ល។
គ) ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យបានដោយពឹងផ្អែកទៅលើ
– ការសួរនាំពីសភាពនិងប្រវត្តិជំងឺ
– ការថតកាំរស្មី (X-Ray)
– ការថតស្កែន (CT scan)
– ការថតអ៊ឹមអរអាយ (MRI)
ឃ) ការព្យាបាល
– ការសម្រាកឲ្យបានច្រើន
– ការតមដោយកាត់បន្ថយ ការដើរ ឈរ អង្គុយច្រើន ការតមលើកធ្ងន់
– ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់
– ការចាក់ថ្នាំបញ្ចូលកន្លែងឈឺ
– លំហាត់ប្រាណសមស្រប
– ជាទូទៅរាល់រោគសញ្ញាអាចបាត់ទៅវិញដោយឯកឯង បន្ទាប់ពីការសម្រាក និងធ្វើតាមវិធីព្យាបាលខាងលើក្នុងរយៈពេល ៤ ទៅ ៦ សប្ដាហ៍
– វេជ្ជបណ្ឌិតនឹងផ្តល់អនុសាសន៍វះកាត់ដល់អ្នកជំងឺចន្លោះពី ១០% ទៅ ២០% ប្រសិនដំណើរការព្យាបាលខាងលើមិនមានប្រសិទ្ធភាព
«ប្រសិនបើលោកអ្នកមានករណីសង្ស័យថា មានជំងឺ ឬកំពុងមានជំងឺនេះ សូមមកទទួលសេវានៃការប្រឹក្សា ជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឈានទៅរកការព្យាបាលមួយដ៏សមស្រប ប្រកបដោយគុណភាពនិងឆាប់រហ័ស»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ចេះតែឈឺឬរមាស់ក្នុងភ្នែក អ្នកអាចកើតជំងឺស្ងួតភ្នែក