ភរិយា​ប្រធានាធិបតីចិន XI JINPING ជានរណា?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ភរិយា​ប្រធានាធិបតីចិន XI JINPING ជានរណា?

បានផុស

នៅ

ភរិយា​ប្រធានាធិបតីចិន Xi Jinping លោកស្រី Peng Liyuan ជា​តារា​ចម្រៀង​បុរាណ​ដ៏​មាន​ប្រជាប្រិយ និង​ជាជំទាវរបស់​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​ជា​លោកស្រី Peng Liyuan ទទួល​បាន​ការ​គាំទ្រ​និង​ស្គាល់​ពី​ជុំវិញ​ពិភពលោក បន្ទាប់ពី​ស្វាមីលោក Xi Jinping បាន​ក្លាយ​ជា​ប្រធានាធិបតីចិន​ក៏ដោយ ប៉ុន្តែ​អាជីព​ច្រៀង​របស់​លោកស្រី​ទេ​ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​តារាកំពូល និង​ជា​បុគ្គល​ល្បីល្បាញ។

តោះ! មក​ស្គាល់​ប្រវត្តិ​ខ្លះៗ​របស់​លោកស្រី Peng Liyuan!

លោកស្រី Peng Liyuan កើតនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៦២ នៅក្រុង Linyi ប្រទេសចិន។ ពុំសូវមានអ្នកដឹងពីប្រវត្តិគ្រួសាររបស់លោកស្រីទេ លើកលែងតែការពិតមួយដែលថាគ្រួសារនេះត្រូវបានគេធ្វើទុក្ខបុកម្នេញក្នុងកំឡុងបដិវត្តវប្បធម៌នាឆ្នាំ ១៩៧៦។ ប្រភព​និយាយ​ថា ឪពុក​លោកស្រី​ត្រូវបានគេចោទថាជាជនបដិវត្ត​ប្រឆាំង ពីព្រោះ​សាច់ញាតិ​ខ្លះ​របស់​ពួកគេ​បាន​បម្រើ​ក្នុង​ជួរ​កងទ័ព​តៃវ៉ាន់។

នៅអាយុ ១៤ ឆ្នាំ​លោកស្រី Peng Liyuan បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​សិល្បៈ សានទុង (Shandong) និង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្នែក​សិល្បៈ​បុរាណ ដោយ​ហាត់​ជំនាញ​ខាង​ចម្រៀង​បុរាណ​ចិន។

អាជីព

នៅ​អាយុ ១៨ ឆ្នាំ នាទសវត្សរ៍ ១៩៨០ លោកស្រី Peng Liyuan បាន​ចូលរួម​ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ក្នុង​នាម​ជា​ទាហាន​ម្នាក់។ ដោយសារ​តែមានទេពកោសល្យខាងច្រៀង មិនយូរ​ប៉ុន្មាន​លោកស្រី​ចាប់ផ្ដើម​សម្ដែង​នៅខ្សែរ​ជួរមុខ ដើម្បី​លើកម្ពស់សុជីវធម៌របស់កងទ័ព។ ក្នុងពេល​ជាមួយគ្នានេះ លោកស្រី​បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស​ដំបូង​គេ​នៅ​ប្រទេស​ចិន​ដែល​ទទួល​បានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកតន្ត្រីជនជាតិដើម។ ប៉ុន្មានឆ្នាំ​បន្ទាប់​លោកស្រី​បាន​ចេញទៅសម្តែងនៅឯបរទេសដូចជា ញូវយ៉ក តូក្យូ និង​វីយែន។

ការ​ចាប់ផ្ដើម​អាជីព​ដំបូងៗ លោកស្រី Peng Liyuan ជាអ្នក​ចម្រៀង​សម្រាប់​បក្សកុម្មុយនីស្ត។ លោកស្រី​បង្ហាញខ្លួនជាញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ និងច្រៀងចម្រៀងឃោសនា។ ដោយសារ​ហេតុផល​នេះ បទចម្រៀង​ប្រមាណជា ៩០% និយាយ​អំពី​គោលការណ៍​បក្ស​និង​មនោគមវិជ្ជា ហើយ​នៅ​សល់ពី​នោះ​ជា​ចម្រៀង​កម្សាន្ត​ធម្មតា។

លោកស្រីបានក្លាយជាសមាជិកស៊ីវិលនៃកងទ័ពរំដោះប្រជាជនចិននិងបានកាន់ឋានៈស៊ីវិលស្មើនឹង​ឧត្ដមសេនីយ៍​មុន​ពេល​ខ្លួន​ត្រូវ​បាន​តែងតាំង​ជា​ព្រឹទ្ធបុរសនៃបណ្ឌិត្យសភាសិល្បៈ។

បន្ទាប់ពីរៀបការជាមួយលោក Xi Jinping លោកស្រីក៏មិន​បាន​បោះបង់​ចោល​អាជីព​ចម្រៀង​របស់​ខ្លួន​ដែរ។

ក្រោយពីរៀបការរួចភ្លាម លោកស្រីបានត្រឡប់ទៅទីក្រុងប៉េកាំង ដើម្បី​បង្ហាញ​ខ្លួន​នៅ​ក្នុង​មហោស្រព​សិល្បៈ​ជាតិ។ បន្ទាប់ពី​នោះ​ទៀត លោកស្រី​បាន​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក និង​កាណាដា​ដើម្បី​សម្ដែង​ផងដែរ។

នៅខែវិច្ឆិកាឆ្នាំ ២០១២ លោកប្រធានាធិបតី Xi ត្រូវ​បាន​ជ្រើសរើស​តាំង​ជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត រីឯ​លោកស្រី Peng ជាលេខាធិការផ្ទាល់​របស់​ស្វាមី។ ឆ្នាំ​បន្ទាប់ នៅពេល​ស្វាមីត្រូវបាន​ជាប់ជា​ប្រធានាធិបតីចិន សារព័ត៌មាន​ក្នុងស្រុកបានចាត់ទុក​លោកស្រី​ថាជា “ជំទាវទី​មួយរបស់​ចិន” និង​ជា​ស្ត្រី​ដែល​នៅ​តែ​រក្សា​បាន​កេរ្តិ៍ឈ្មោះ​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​នេះ។

បន្ទាប់ពីក្លាយជាជំទាវទីមួយរបស់ចិន អាជីពច្រៀងបានថមថយចុះបន្តិច ដោយភរិយាប្រធានាធិបតីរូបនេះឡើងច្រៀងសម្រាប់តែព្រឹត្តិការណ៍នយោបាយទ្រង់ទ្រាយធំប៉ុណ្ណោះ។ ក្នុងនោះលោកស្រីក៏បង្ហាញខ្លួនមិនសូវជាញឹកញាប់នៅក្នុងទូរទស្សន៍រដ្ឋដែរ។

Peng Liyuan ជាស្រ្តីម្នាក់ដែលចូលរួមយ៉ាងសកម្មនៅក្នុងឆាកនយោបាយ។ លោកស្រីគឺជាសមាជិកនៃគណៈកម្មាធិការជាតិលើកទី ១១ នៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន។ លើសពីនេះទៀត ចាប់តាំងពីឆ្នាំ ២០១១ លោកស្រីគឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសុខភាពពិភពលោកដោយផ្សព្វផ្សាយការយល់ដឹង​អំពីជំងឺ​របេងនិងអេដស៍។ លោកស្រីក៏ជាឯកអគ្គរដ្ឋទូត​នៃសមាគមចិនស្តី​ពីការ​គ្រប់គ្រង​ថ្នាំជក់​ផងដែរ។

រង្វាន់ និងសមិទ្ធិផល

ក្នុងខែធ្នូ ឆ្នាំ ២០១១ ជំទាវទីមួយរូបនេះ ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ២៣ នាក់ដែលទទួលបានពានរង្វាន់សិល្បៈចិនដំបូង និងរង្វាន់ទឹកប្រាក់ ១ លានយ័ន (១៥៩ ៨០០ ដុល្លារ) ។

ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤ លោកស្រីបានទទួលងារបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Massey ក្នុងប្រទេសនូវែលហ្សេឡង់ ក្នុងការទទួលស្គាល់ការចូលរួមចំណែកជាអន្តរជាតិរបស់លោកស្រីក្នុងការសម្តែងសិល្បៈ សុខភាព និងការអប់រំ។

ក្នុងឆ្នាំ ២០១៤ ទស្សនាវដ្តី Forbes បានចុះបញ្ជីលោកស្រី ជាស្ត្រីមានឥទ្ធិពលបំផុតទី ៥៧ នៅលើពិភពលោក ។

ជីវិតផ្ទាល់ខ្លួន

លោកស្រី Peng Liyuan ស្គាល់លោក Xi Jinping តាមរយៈមិត្តភក្តិ។ ការជួបគ្នា​ដំបូង ពួកគេនិយាយ​គ្នាភាគច្រើនជុំវិញការសិក្សា ដោយ​លោកប្រធានាធិបតី​បានសាកសួរពី​បច្ចេកទេស​នៃ​ការ​ច្រៀង និងចង្វាក់ភ្លេង។ ក្រោយមកចំណងមិត្តភាព​រវាងពួកគេទាំងពីរ​បាន​ក្លាយ​ជាស្នេហា ហើយ​គូស្នេហ៍នេះបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៨៧ នៅ​ទីក្រុង Xiamen ខេត្ត Fujian ។ បច្ចុប្បន្នប្តីប្រពន្ធនេះមានកូនស្រីម្នាក់ឈ្មោះ Ximingze៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Famous People

ចុចអាន៖ចិន​លេច​ចេញ​មហាសេដ្ឋី​ ស្ត្រី​ដែល​តស៊ូ​មក​ដោយ​បាត​ដៃទទេ​ច្រើនឡើងៗ

ចុចអាន៖មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services